Join with Health.com.kh on Telegram

ថាតើនឹងមានអ្វីកើតឡើងចំពោះសុខភាពពោះវៀននៅពេលអ្នកញ៊ាំផ្លែបឺររាល់ថ្ងៃជាប្រចាំ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអ្វីដែលអ្នកគួរដឹងពាក់ព័ន្ធសុខភាពពោះវៀនជាមួយការញ៊ាំផ្លែបឺរ

  • ពោះវៀនជាពិភពនៃបាក់តេរី

ពោះវៀនជាសរីរាង្គមួយក្នុងរាងកាយដែលមានផ្ទុកបរិមាណបាក់តេរីច្រើនបំផុត និងអាចមានដល់ទៅ ១០០០ប្រភេទផ្សេងៗពីគ្នា។ ប៉ុន្តែកុំបារម្ភ! ភាគច្រើននៃបាក់តេរីទាំងនោះ គឺជាប្រភេទនៃបាក់តេរីដែលល្អសម្រាប់សុខភាព ហើយអាចជួយទប់ស្កាត់ការឆ្លងមេរោគ និងការវិវត្តន៍នៃមេរោគទៀតផង។ ជាធម្មតាពោះវៀនរបស់យើងមានផ្ទុកបាក់តេរីល្អច្រើនជាងបាក់តេរីអាក្រក់ដល់ទៅ ៤ដងឯណោះ។

  • អត្ថប្រយោជន៍នៃផ្លែបឺរចំពោះពោះវៀន

ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ការទទួលទានផ្លែបឺររាល់ថ្ងៃអាចផ្ដល់នូវឥទ្ធិពលវិជ្ជមានលើប្រព័ន្ធរំលាយអាហារគួរឱ្យកត់សម្គាល់។ វាមិនត្រឹមតែជួយបង្កើនបរិមាណនៃបាក់តេរីល្អៗ ធ្វើឱ្យពោះវៀនមានសុខភាពប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយអាស៊ីតទឹកប្រមាត់ ហើយជួយបង្កើនអាស៊ីតខ្លាញ់សុខភាពល្អទៀតផង។

  • តើវាមានន័យបែបណាចំពោះសុខភាពរាងកាយ?

ការទទួលទានផ្លែបឺរជាប្រចាំអាចបង្កើនបរិមាណនៃបាក់តេរីល្អក្នុងពោះវៀនដែលជាលទ្ធផលធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ហើយជួយឱ្យអ្នកចៀសផុតពីហានិភ័យនៃជំងឺធ្ងន់ធ្ងរជាច្រើនដូចជាជំងឺមហារីក, ជំងឺទឹកនោមផ្អែម និងជំងឺសសៃឈាមបេះដូង។ វាក៏ជួយទប់ស្កាត់បញ្ហាអតុល្យភាពនៃបាក់តេរីក្នុងពោះវៀន និងការរលាកផងដែរ។

  • តើចាំបាច់គួរញ៊ាំផ្លែបឺរឱ្យបានប៉ុន្មានក្នុងមួយថ្ងៃ?

អ្នកមិនចាំបាច់ត្រូវតែទទួលទានផ្លែបឺរទាំងមូលរាល់ថ្ងៃឡើយ។ ចំពោះស្ត្រីអាចទទួលទានត្រឹម ១៤០ក្រាម ហើយបុរសអាចញ៊ាំច្រើនជាងនេះបន្តិចដល់ទៅ ១៧៥ក្រាមក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាអ្នកគួរចាំថាផ្លែបឺរតែមួយមុខ គឺមិនអាចផ្ដល់អត្ថប្រយោជន៍ខ្លាំងក្លាចំពោះសុខភាពពោះវៀនឡើយ។ ដូច្នេះវាចាំបាច់ណាស់ដែលអ្នកគួរមានរបបអាហារដែលមានតុល្យភាពនិងកុំភ្លេចធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់ផង។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕