ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានឆៃថាវចំពោះសុខភាពរាងកាយ ៖

១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ឆៃថាវ មានផ្ទុកសារធាតុ anthocyanins និង phytochemicals ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ លើសពីនេះទៅទៀត ឆៃថាវ ក៏មានផ្ទុកវីតាមីន C ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលការពារទប់ស្កាត់ការបំផ្លាញ DNA ក្នុងកោសិកាពីសំណាក់រ៉ាឌីកាល់សេរី ហេតុនេះហានិភ័យនៃជំងឺមហារីកត្រូវបានកាត់បន្ថយ។

២. ទប់ស្កាត់ប្រយុទ្ធប្រឆាំងអាការៈទល់លាមក

ឆៃថាវ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ ហើយមានប្រសិទ្ធិភាពជួយសម្អាតកំទេចកំទីអាហារដែលជាប់គាំង ឬទាក់ក្នុងពោះវៀនធំ។ វាក៏ជួយសម្របសម្រួលដំណើរការនៃប្រព័ន្ធរំលាយអាហារផងដែរ។

៣. គ្រប់គ្រងជំងឺទឹកនោមផ្អែម

ឆៃថាវ គឺមានផ្ទុកសន្ទស្សន៍ជាតិស្ករទាបដែលមានន័យថា ការទទួលទានវាមិនផ្ដល់ផលប៉ះពាល់អ្វីចំពោះកម្រិតនៃជាតិស្ករក្នុងឈាមឡើយ។ វាក៏ជួយក្នុងការគ្រប់គ្រងការស្រូបយកនូវជាតិស្ករទៅក្នុងចរន្តឈាមដែលមានន័យថា អ្នកជំងឺទឹកនោមផ្អែម មិនចាំបាច់ព្រួយបារម្ភច្រើនអំពីការធ្លាក់ចុះ ឬឡើងខ្ពស់ភ្លាមៗនៃកម្រិតជាតិស្ករនៅពេលទទួលទាន។

៤. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ

ឆៃថាវ មានផ្ទុកសម្បូរទៅដោយជាតិទឹក ហេតុនេះហើយទើបវាជាអាហារដ៏ល្អសម្រាប់សុខភាពដែលជួយក្នុងការរក្សាជាតិទឹក និងសំណើមក្នុងរាងកាយ។ ការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺល្អជាពិសេសសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ ដោយជួយឲ្យអ្នកជៀសផុតពីអាការៈទល់លាមក ហើយធានានូវការស្រូបយកសារធាតុចិញ្ចឹមល្អៗពីអាហារដែលអ្នកបានទទួលទាន និងបង្កើនប្រសិទ្ធភាពនៃការរំលាយអាហារ។

៥. គ្រប់គ្រងសម្ពាធឈាម

ឆៃថាវ ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយបញ្ហានៃសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី។

៦. សុខភាពស្បែក

ឆៃថាវ ក៏មានផ្ទុកនូវជាតិផូស្វ័រ, វីតាមីន C, ស័ង្កសី និងវីតាមីន B ដែលល្អចាំបាច់សម្រាប់សុខភាពស្បែកប្រសើររឹងមាំ។ ជាតិទឹកដែលឆៃថាវមានផ្ទុក ក៏ជួយក្នុងការរក្សាបាននូវកម្រិតជាតិសំណើមក្នុងស្បែកផងដែរ។ ចំណែកសារធាតុសម្លាប់មេរោគបាក់តេរីនៃឆៃថាវ គឺជួយទប់ស្កាត់បញ្ហាស្បែកមួយចំនួនដូចជា រោលកន្ទួលក្រហម និងស្បែកស្ងួតប្រេះ។

៧. ជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

ឆៃថាវ មានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលសំខាន់ចាំបាច់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយឲ្យកាន់តែមានលក្ខណៈប្រសើរឡើង ដោយការជំនួសកោសិកាឈាមស និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗពីជំងឺផ្តាសាយធម្មតារហូតដល់ជំងឺមហារីក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង