Join with Health.com.kh on Telegram

អាហារសុខភាពល្អមិនត្រឹតែល្អសម្រាប់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាពផ្លូវចិត្តផងដែរ។ នៅពេលអ្នកមានអារម្មណ៍ស្ត្រេស, ខួរក្បាលនឹងជះផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ព្រមទាំងកម្រិតនៃថាមពល។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរញ៊ាំដើម្បីជួយព្យាបាលរាងកាត ព្រមទាំងលើកកម្ពស់សុខភាពផ្លូវចិត្តល្អប្រសើរ ៖

១. សណ្ដែកសៀង

មានផ្ទុកអាស៊ីតអាមីណូដែលចាំបាច់សម្រាប់សាច់ដុំ និងឆ្អឹង ហើយជួយដោះស្រាយបញ្ហានៃជំងឺពាក់ព័ន្ធជាមួយការគេងដូចជាជំងឺគេងមិនលក់ផងដែរ។ វាក៏អាចកាត់បន្ថយហានិភ័យនៃជំងឺចាស់វង្វេង (Alzheimer’s)។ សណ្ដែកសៀងកាន់តែផ្ដល់នូវអត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់ស្ត្រី ជាពិសេសកំឡុងពេលជួបប្រទះអាការៈនៃបញ្ហាអស់រដូវដូចជាអារម្មណ៍ឆាប់ប្រែប្រួល, ពិបាកក្នុងការប្រមូលផ្ដុំអារម្មណ៍ និងខ្សោយកម្លាំង។ ការអស់រដូវអាចបញ្ឈប់ការផលិតអ័រម៉ូន estrogen ហើយសណ្ដែកសៀងអាចជាដំណោះស្រាយដ៏ល្អបំផុតមួយដើម្បីនាំយកអ័រម៉ូននេះមកវិញ។ វាមានផ្ទុកសារធាតុម្យ៉ាងហៅថា isoflavones អាចត្រូវបានប្រើជំនួសអ័រម៉ូន estrogen នៅពេលស្ត្រីស្ថិតក្នុងដំណាក់កាលមានតម្រូវការចាំបាច់។ សារធាតុនេះអាចត្រូវបានរកឃើញនៅក្នុងតៅហ៊ូ, ទឹកសណ្ដែកសៀង, យ៉ាអួរផ្សំពីសណ្ដែកសៀង និងម្សៅសណ្ដែកសៀង។ ទោះជាយ៉ាងណាអ្នកមិនត្រូវទទួលទានសណ្ដែកសៀងច្រើនពេកឡើយ ជាពិសេសត្រូវកម្រិតការទទួលទានផងប្រសិនបើអ្នកមិនបានជួបប្រទះអាការៈនៃបញ្ហាអស់រដូវទេ។

២. ត្រីសាលម៉ុន

ជាប្រភេទនៃអាហារដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានទំនាក់ទំនងផ្សារភ្ជាប់ដោយផ្ទាល់ទៅខួរក្បាលនិងជួយធ្វើឱ្យមុខងារនៃកោសិកាកាន់តែមានលក្ខណៈប្រសើរឡើង, ជាលទ្ធផលកាត់បន្ថយអារម្មណ៍មិនសប្បាយចិត្ត, ជំងឺធ្លាក់ទឹកចិត្ត depression, បញ្ហាពាក់ព័ន្ធការចងចាំ និងជំងឺវង្វេងស្មារតី dementia។ រាងកាយមិនអាចផលិតនូវអាស៊ីតខ្លាញ់អូមេហ្កា ៣ ដោយឯកឯងបានឡើយ, ដូច្នេះការទទួលទានត្រីសាលម៉ុន គឺចាំបាច់ណាស់សម្រាប់រក្សាដំណើរការនៃមុខងាររាងកាយល្អប្រសើរ។ អាស៊ីតខ្លាញ់ប្រភេទនេះរក្សាតុល្យភាពនៃអ័រម៉ូននិងធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរ, ជួយគ្រប់គ្រងចំណង់អាហារ និងបង្កើនកម្រិតនៃអ័រម៉ូនរីករាយ serotonin ផងដែរ។

៣. ខ្ទឹមសឆៅ

អាហារមើមនេះអាចផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់ខួរក្បាល រួមបញ្ចូលទាំងធ្វើឱ្យការចងចាំមានភាពប្រសើរឡើងដែលចាំបាច់ជាពិសេសសម្រាប់មនុស្សចាស់។ សមាសធាតុ Allicin ថែមទាំងជួយប្រឆាំងភាពចាស់តាមវ័យ, ជំងឺផ្សេងៗ និងបង្កើនកម្រិតនៃអ័រម៉ូនរីករាយសេរ៉ូតូនីនផងដែរ។

៤. សូកូឡាខ្មៅ

សូកូឡាខ្មៅដែលផ្សំឡើងពីកាកាវចន្លោះពី ៥០ ទៅ ៩០ភាគរយ គឺល្អណាស់សម្រាប់សុខភាពខួរក្បាលជួយឱ្យអារម្មណ៍ប្រសើរ។ នៅពេលទទួលទានសូកូឡាប្រភេទនេះ, វានឹងបញ្ជាឱ្យខួរក្បាលបញ្ចេញនូវសារធាតុ endorphins ជួយគ្រប់គ្រងកម្រិតនៃភាពស្ត្រេស ដោយបង្កើនអារម្មណ៍ល្អ។ កាកាវក៏សម្រួលដល់ដំណើរការឈាមរត់ទៅខួរក្បាលដែលធ្វើឱ្យមុខងារផ្លូវចិត្តមានភាពប្រសើរឡើងនិងមានស្ថេរភាព។

៥. វីតាមីន C

មិនត្រឹមតែល្អសម្រាប់ជាលិការាងកាយនិងពង្រឹងប្រព័ន្ធភាពស៊ាំប៉ុណ្ណោះទេ ប៉ុន្តែវីតាមីន C ក៏មានឥទ្ធិពលលើអារម្មណ៍ផងដែរ។ ប្រសិនបើអារម្មណ៍មានអារម្មណ៍អស់ថាមពលផ្លូវចិត្តនិងហត់សឹងតែគ្រប់ពេល វាក៏ប្រហែលមកពីរាងកាយខ្វះវីតាមីន Cហើយ។ អាហារសម្បូរវីតាមីន C មានអត្ថប្រយោជន៍ណាស់សម្រាប់សុខភាពខួរក្បាលនិងទប់ស្កាត់បញ្ហាផ្លូវចិត្តធ្លាក់ចុះ។ វាជួយជម្រុញការផ្ដោតអារម្មណ៍, ការចងចាំ និងកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត depression, ជំងឺថប់បារម្ភ និងជំងឺធ្ងន់ធ្ងរផ្សេងទៀត។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕