ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍សំខាន់ៗនៃសណ្ដែកខ្មៅ ៖
១. ទប់ស្កាត់ជំងឺមហារីក
សណ្ដែកខ្មៅ មានផ្ទុកសារធាតុ Phytochemical និង flavonoid ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងកម្ចាត់ការរលាកដ៏មានឥទ្ធិពលជួយទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយ។
២. សុខភាពបេះដូង
ការបន្ថែមសណ្ដែកខ្មៅក្នុងរបបអាហារប្រចាំថ្ងៃ ឬរាល់អាទិត្យ គឺល្អប្រសើរណាស់ចំពោះសុខភាពបេះដូង។ នោះក៏ព្រោះតែសណ្ដែកខ្មៅមានផ្ទុកសម្បូរទៅដោយជាតិសសៃរលាយ, អាស៊ីតខ្លាញ់អូមេហ្គា ៣ និង ៦ ដែលជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ហើយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង, ជំងឺសសៃឈាមបេះដូង, ជំងឺលើសឈាម ក៏ដូចជាជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។ ដូចដែលធ្លាប់បានដឹងហើយថា កម្រិតខ្ពស់នៃជាតិកូឡេស្តេរ៉ូលមិនល្អ គឺជាសត្រូវដ៏ធំបំផុតនៃសុខភាពបេះដូង ដោយវាអាចបង្កឲ្យកើតមានបញ្ហាស្ទះសសៃឈាម។
៣. ជួយឲ្យស្រកទម្ងន់
សណ្ដែកខ្មៅ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ Dietary fiber ដែលចាំបាច់ក្នុងការគ្រប់គ្រងទម្ងន់ និងជួយឲ្យស្រកទម្ងន់ ដោយសម្រួលដំណើរការនៃការរំលាយអាហារ ក៏ដូចជាធ្វើឲ្យមុខងារនៃប្រព័ន្ធរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង។ លើសពីនេះទៅទៀត ការទទួលទានអាហារដែលសម្បូរទៅដោយជាតិសសៃ គឺជួយឲ្យមានអារម្មណ៍ឆាប់ឆ្អែត និងកាត់បន្ថយចំណង់អាហារ ដោយធ្វើឲ្យឆ្អែតបានយូរ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានអាហារប្រភេទដូចជាសណ្ដែកខ្មៅបានច្រើនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម, ជំងឺធាត់ជ្រុល និងជំងឺបេះដូង ប៉ុន្តែពង្រឹងការលូតលាស់នៃសសៃសក់, ជួយឲ្យស្រកទម្ងន់ និងបង្កើនថាមពល។
៤. រក្សាសម្ពាធឈាម
ការទទួលទានអាហារដែលមានជាតិសូដ្យូមខ្ពស់ គឺបង្កើនហានិភ័យនៃបញ្ហាសម្ពាធឈាមខុសប្រក្រតី។ សណ្ដែកខ្មៅ ជាប្រភេទនៃអាហារដែលមានផ្ទុកជាតិសូដ្យូមទាប ប៉ុន្តែសម្បូរទៅដោយជាតិកាល់ស្យូម, ប៉ូតាស្យូម និងម៉ង់កាណែស ដែលជួយកាត់បន្ថយកម្រិតនៃសម្ពាធឈាមខ្ពស់តាមបែបធម្មជាតិ។
៥. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
មិនត្រឹមតែងាយរំលាយប៉ុណ្ណោះទេ ប៉ុន្តែដោយសារវត្តមាននៃជាតិសសៃ និងប្រូតេអ៊ីនខ្ពស់ទៀតផងនោះបានធ្វើឲ្យ សណ្ដែកខ្មៅ ក្លាយជាអាហារដែលមានប្រសិទ្ធិភាពជួយគ្រប់គ្រង ក៏ដូចជាទប់ស្កាត់បញ្ហាផ្សេងៗទាក់ទងនឹងការរំលាយអាហារ។ លើសពីនេះទៅទៀត សណ្ដែកខ្មៅ ក៏អាចជួយក្នុងកាសម្អាតកាកសំណល់ពីក្នុងប្រព័ន្ធរំលាយអាហារ ហើយទប់ស្កាត់មិនឲ្យអ្នកទទួលទានលើសកម្រិតផងដែរ៕