ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលល្អៗនៃការទទួលទានផ្លែសាវម៉ាវចំពោះសុខភាព ៖

១. ជាប្រភពនៃជាតិដែកចាំបាច់

ផ្លែសាវម៉ាវ គឺជាប្រភពដ៏ប្រសើរនៃជាតិដែកដែលជួយក្នុងការកែតម្រូវកំណត់បរិមាណអុកស៊ីសែនត្រឹមត្រូវក្នុងរាងកាយ។ ជាតិដែកជួយដឹកនាំអុកស៊ីសែនពីសួតទៅកាន់រាល់គ្រប់ជាលិកាក្នុងរាងកាយ រួមទាំងជម្រុញការផលិតគ្រាប់ឈាមក្រហមផងដែរ។ កង្វះនៃជាតិដែកអាចបង្កជំងឺគួរឲ្យព្រួយបារម្ភដូចជា ជំងឺខ្វះគ្រាប់ឈាមក្រហម។

២. ជម្រុញពង្រឹងថាមពលរាងកាយ

ផ្លែឈើនេះ មានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត រួមទាំងប្រូតេអ៊ីន ដូច្នេះក្រោយពីទទួលទានរាងកាយនឹងទទួលបានថាមពលបន្ថែមភ្លាមៗ។ លើសពីនេះទៅទៀត សាវម៉ាវ ជាប្រភពនៃជាតិទឹកដែលជួយបំបាត់ការស្រេកទឹក ហើយស្ដារថាមពលរាងកាយឡើងវិញ។

៣. បង្កើនពង្រឹងសុខភាពឆ្អឹង

សាវម៉ាវ ក៏ជាប្រភពដ៏ប្រសើរនៃជាតិផូស្វ័រ, កាល់ស្យូម និងជាតិដែក ដែលជួយពង្រឹងសុខភាពឆ្អឹងឲ្យកាន់តែប្រសើរឡើង ហើយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង រួមទាំងជំងឺឆ្អឹងផ្សេងៗទៀត។

៤. មានផ្ទុកជាតិសសៃខ្ពស់

សាវម៉ាវ មានផ្ទុកជាកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយជាតិសសៃដែលប្រសើរចំពោះសុខភាពពោះវៀន ក៏ដូចជាប្រព័ន្ធរំលាយអាហារ។ ផ្លែឈើនេះជួយធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ ដោយសារជាតិទឹក និងជាតិសសៃដែលវាមានផ្ទុក។ ដូច្នេះវាក៏ជួយឲ្យស្រកទម្ងន់ផងដែរ។

៥. ជួយកម្ចាត់កាកសំណល់ពីតម្រងនោម

សាវម៉ាវ មានផ្ទុកជាតិផូស្វ័រដែលល្អប្រសើរក្នុងការជួយកម្ចាត់ជាតិពុលចេញពីតម្រងនោម។ ជាតិផូស្វ័រ ក៏មានសារៈសំខាន់ជួយជួសជុល រួមទាំងរក្សាភាពរឹងមាំនៃរាល់កោសិកា និងជាលិការាងកាយផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង