ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានស្ពៃក្រញ៉ាញ់ ៖

១. ទប់ស្កាត់បញ្ហាឈាមក្រកក

ស្ពៃក្រញ៉ាញ់ ជួយធ្វើឲ្យឈាមកកបានត្រឹមត្រូវតាមរយៈបរិមាណនៃវីតាមីន K ដែលបន្លែស្ពៃនេះមានផ្ទុក។ វីតាមីន K គឺជាសារធាតុចិញ្ចឹមចាំបាច់មួយសម្រាប់ដំណើរការធ្វើឲ្យឈាមកក។ និយាយឲ្យងាយយល់ គឺវីតាមីន K ជួយការពារទប់ស្កាត់អ្នកឲ្យជៀសផុតពីបញ្ហាហូរឈាមច្រើន
ហួសប្រមាណ ដោយសារឈាមមិនងាយកក។

២. ពង្រឹងសុខភាពឆ្អឹង
ក្រៅពីជួយឲ្យឈាមកកត្រឹមត្រូវហើយនោះ វីតាមីន K ក៏ចាំបាច់សម្រាប់សុខភាពឆ្អឹងរឹងមាំផងដែរ។ វីតាមីននេះជួយជម្រុញការស្រូបយកនូវជាតិកាល់ស្យូម និងទប់ស្កាត់ការបញ្ចេញជាតិរ៉ែល្អតាមរយៈទឹកនោម។ លើសពីនេះទៅទៀត កង្វះនៃវីតាមីន k បង្កើនហានិភ័យនៃជំងឺពុកឆ្អឹងគួរឲ្យព្រួយបារម្ភ។

៣. ទប់ស្កាត់ជំងឺខ្វះគ្រា​ប់ឈាមក្រហម

ជំងឺខ្វះគ្រាប់ឈាមក្រហម គឺកើតឡើងដោយសារបញ្ហានៃកង្វះជាតិដែកក្នុងរាងកាយ។ ស្ពៃក្រញ៉ាញ់ ជាប្រភពដ៏ប្រសើរនៃជាតិដែក ដូច្នេះវាជាបន្លែមួយប្រភេទដែលមានប្រសិទ្ធិភាពជួយបង្កើនការផលិតគ្រាប់ឈាមក្រហមដែលដឹកនាំអុកស៊ីសែនទៅគ្រប់កោសិកា។

៤. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម នោះគួរតែពិចារណាទទួលទានស្ពៃក្រញ៉ាញ់ឲ្យបានច្រើន។ នោះក៏ព្រោះតែបន្លែស្ពៃនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយគ្រប់គ្រងកម្រិតត្រឹមត្រូវនៃជាតិស្ករក្នុងឈាម។

៥. ល្អសម្រាប់សុខភាពបេះដូង

ភាគច្រើននៃពួកយើងបានដឹងហើយថា ជាតិសសៃ មានប្រសិទ្ធិភាពជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ក៏ដូចជាហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។ ក្រៅពីជាតិសសៃហើយនោះ ស្ពៃក្រញ៉ាញ់ ក៏មានផ្ទុកនូវជាតិប៉ូតាស្យូមផងដែរ។ ជាតិរ៉ែនេះជួយក្នុងការកាត់បន្ថយសម្ពាធឈាម និងដើរតួចាំបាច់ក្នុងការរក្សាភាពរឹងមាំនៃសាច់ដុំ ក៏ដូចជាឆ្អឹង។

៦. ប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក

ស្ពៃក្រញ៉ាញ់ មានផ្ទុកសម្បូរទៅដោយសារធាតុប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកហៅថា glucosinolates។ លើសពីនេះទៅទៀត បន្លែស្ពៃនេះ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងការរលាកក្នុងរាងកាយដែលផ្សារភ្ជាប់នឹងជំងឺមហារីក។ អ្នកជំនាញជាច្រើននិយាយថា ការទទួលទានស្ពៃក្រញ៉ាញ់ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ, មហារីកសុដន់, មហារីកក្រពេញអូវ៉ែ, មហារីកក្រពេញប្រូស្តាត និងមហារីកផ្លោកនោម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង