ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនអាចផ្តាច់ទឹកដោះបាន។ តើមានអ្វីខ្លះទៅ?

អ្នកគួរតែចាប់ផ្តើមកាត់បន្ថយចំនួនក្នុងការឲ្យកូនបៅ ដោយអាចកាត់ចំនួនពីមួយទៅពីរដង ហើយប្តូរឲ្យកូនញ៉ាំទឹកដោះគោម្សៅជំនួស ឬញ៉ាំអាហារបំប៉នផ្សេងៗជំនួសវិញ។ យកល្អអ្នកគួរតែកាត់បន្ថយពេលថ្ងៃសិន ទើបចាប់ផ្តើមបន្ថយពេលយប់។
នៅពេលដែលកូនមិននឹកឃើញរកដោះអ្នកបៅ អ្នកមិនគួររំលឹកឡើយ។ ប៉ុន្តែបើកូនចង់បៅ អ្នកក៏មិនគួរបដិសេធដែរ ដោយអ្នកអាចច្របាច់ដាក់កែវ ឬដបឲ្យគេញ៉ាំ។ ការធ្វើបែបនេះ ដើម្បីឲ្យគេអាចឃ្លាតពីដោះអ្នកបាន។
អ្នកមិនគួរទម្លាប់ឲ្យកូនបៅមុនពេលគេងឡើយ ព្រោះនេះជាទម្លាប់ដែលពិបាកផ្តាច់ណាស់។ ដូចនេះ បើកូនគេងដល់ពាក់កណ្តាលយប់ ហើយគេរកដោះអ្នកបៅ អ្នកគួរតែឲ្យក្បាលដោះជ័រដល់គេ ហើយពរគេលួងឲ្យគេគេងបន្ត ទើបអាចផ្តាច់បានងាយ។ ការសាងទម្លាប់ល្អក្នុងការគេងបែបនេះ នឹងអាចជួយកូនឲ្យឆាប់ផ្តាច់ដោះបាន។
ក្នុងដំណាក់កាលផ្តាច់ទឹកដោះនេះ អ្នកគួរតែកំដរកូនឲ្យបានច្រើន ទើបអាចធ្វើឲ្យកូនមានអារម្មណ៍សុវត្ថិភាព ថែមទាំងអាចធ្វើឲ្យកូនទទួលបានការស្រឡាញ់បានគ្រប់គ្រាន់។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីជួយកូនឲ្យឆាប់ផ្តាច់ទឹកដោះបាន៕