ជា​ទូទៅ រដូវរងារ​ត្រូវ​បាន​គេ​ឱ្យ​និយម​ន័យ​ថា​ជា​រដូវ​ស្បែក​ស្ងួត​និង​រមាស់​។ ប៉ុន្តែ វា​មិនមែន​តែងតែ​ដូច្នោះ​ទេ​។ បើ​ទោះជា​អ្នក​រស់នៅ​ក្នុង​បរិយាកាស​ត្រជាក់​និង​ស្ងួត ឬ​នៅ​ក្នុងផ្ទះ​ដ៏​កក់ក្តៅ​ដោយ​ប្រើ​ម៉ាស៊ីន​កម្តៅ​ក៏​ដោយ ក៏​អ្នក​អាច​ថែរក្សា​ស្បែក​ដែល​ទន់​និង​មាន​សំណើម​តិច​ៗ​បាន​ដែរ​។ ដោយសារ​តែ​ភាព​ស្ងួត​គឺជា​លទ្ធផល​នៃ​ភាព​ខ្វះ​ជាតិ​ទឹក (​មិនមែន​ប្រេង​នោះ​ទេ​) ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​បំពេញ​ប្រភព​សំណើម​នោះ​ឱ្យ​បាន​គ្រប់គ្រាន់​។

មិន​ត្រូវ​ព្យាយាម​ញ៉ាំ​ទឹក​ដើម្បី​បំបាត់​ភាព​ស្ងួត​៖ សៀវភៅ​ឬ​ទស្សនាវដ្តី​សម្រស់​ជា​ច្រើន​ណែនាំ​ឱ្យ​ញ៉ាំ​ទឹក​ពី ៦ ទៅ ៧​កែវ ក្នុង​មួយ​ថ្ងៃ ដើម្បី​រក្សា​ស្បែក​ឱ្យ​មាន​សំណើម​និង​បង្ការ​ភាព​ស្ងួត​។ ហើយ​ក្នុង​ពេល​ដែល​ការ​ញ៉ាំ​បាន​ទឹក​គ្រប់គ្រាន់​មាន​សារសំខាន់​សម្រាប់​សុខភាព​ស្បែក អ្នក​មិន​ត្រូវ​ជឿ​ការ​ផ្សាយ​បោកប្រាស់​ដែល​ថា​អ្នក​នឹង​ឃើញ​ប្រសិទ្ធភាព​លើ​ស្បែក​របស់​អ្នក​នោះ​ឡើយ​។

វេជ្ជបណ្ឌិត ខេន​នេ​ត ណេ​ល​ដ៍​ន័​រ (Kenneth Neldner) និយាយ​ថា “​ប្រសិនបើ​អ្នក​ខ្វះ​ជាតិ​ទឹក ស្បែក​របស់​អ្នក​នឹង​ស្ងួត ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ជាតិ​ទឹក​ធម្មតា អ្នក​មិន​អាច​ទប់ស្កាត់​ឬ​ព្យាបាល​ស្បែក​ស្ងួត​ដោយ​ការ​ញ៉ាំ​ទឹក​នោះ​ទេ​”​។

ដាក់​ទឹក​នៅ​កន្លែង​ដែល​វា​ត្រូវការ​៖ វេជ្ជបណ្ឌិត ហី​ឡា​ត ភើ​ល​ស្ទៀ​ន (Hillard H. Pearlstein) និយាយ​ថា “​វិធី​ល្អ​បំផុត​ក្នុង​ស្រូប​យកជាតិ​ទឹក​ទៅ​ក្នុង​ស្បែក​គឺ​ការ​ត្រាំ​វា​ក្នុង​ទឹក​។ គាត់​ណែនាំ​ឱ្យ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ​រយៈពេល ១៥​នាទី​។ ការ​ណែនាំ​សំខាន់​សម្រាប់​បញ្ហា​ស្បែក​ស្ងួត​គឺ​មុជទឹក​តិច​និង​ប្រើ​ទឹក​ត្រជាក់​។

ផ្តល់​ជាតិ​សំណើម​ដល់​ស្បែក​៖ វេជ្ជបណ្ឌិត ភើ​ល​ស្ទៀ​ន និយាយ​ថា “​ក្រោយ​ពេល​មុជទឹក​ហើយ​ត្រូវ​បន្ថែម​ជាតិ​សំណើម​ដល់​ស្បែក​។ សំណើម​គឺជា​សារធាតុ​ដែល​រក្សា​ទុក​ជាតិ​ទឹក​នៅ​ក្នុង​ស្បែក​”​។

ជូត​ខ្លួន​ឱ្យ​នៅ​សើម​ៗ៖ វេជ្ជបណ្ឌិត ណេ​ល​ដ៍​ន័​រ និយាយ​ថា “​ការ​លាប​សារធាតុ​សំណើម​លើ​ស្បែក​សើម​ក្រោយ​ពេល​មុជទឹក​ហើយ​ភ្លាម​ៗ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ការ​លាប​លើ​ស្បែក​ស្ងួត​។ នោះ​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​លាប​សារធាតុ​សំណើម​ភ្លាម​ៗ​ក្រោយ​ពេល​ចេញពី​មុជទឹក​ទាំង​ខ្លួន​ទទឹក​ជោគ​នោះ​ទេ​។ អ្នក​ត្រូវ​ជូត​ខ្លួន​ឱ្យ​ខ្លួន​នៅ​សើម​ៗ មុន​នឹង​លាប​”​។

មិន​ត្រូវធ្វើ​ខ្លួន​មាន​ខ្លាញ់​រងើម​ដោយសារ​ការ​ផ្សាយពាណិជ្ជកម្ម​៖ ប្រសិនបើ​អ្នក​មិន​មាន​បញ្ហា​ជាមួយនឹង​ជាតិ​ខ្លាញ់​ទេ អ្នក​អាច​ប្រើ​ប្រេង​រុក្ខជាតិ (​ប្រេង​ផ្កាឈូករ័ត្ន និង​ប្រេងសណ្តែក​ដី​) ព្រោះ​វា​អាច​ទប់ទល់​ប្រឆាំង​នឹង​ស្បែក​ស្ងួត​បាន​។ វា​មាន​ប្រសិទ្ធភាព​, សុវត្ថិភាព​, និង​ជា​ប្រេង​សុទ្ធ ហើយ​ក៏​មិន​ថ្លៃ​ដែរ​។

ប៉ុន្តែ​ផលិតផល​ទាំងនោះ​មានគុណ​វិបត្តិ​មួយ​គឺ វា​នឹង​ធ្វើ​អ្នកមាន​ខ្លាញ់​ច្រើន​លើ​ស្បែក​។ វេជ្ជបណ្ឌិត ភើ​ល​ស្ទៀ​ន និយាយ​ថា “​មនុស្ស​យើង​ចូល​ចិត្ត​អ្វី​ដែល​មាន​ក្លិន​ល្អ និង​ធ្វើ​ឱ្យ​មាន​អារម្មណ៍ល្អ ហើយ​មិន​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ដូច​ជា​ខ្លាញ់ជ្រូក​នោះ​ទេ​”​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចូល​ចិត្ត​សារធាតុ​សំណើម​ដែល​មាន​លក់​តាម​ទីផ្សារ អ្នក​អាច​ជ្រើសរើស​ប្រើ​វា​បាន​។ អ្នក​គ្រាន់តែ​ត្រូវ​ដឹង​ថា វា​មាន​គោលការណ៍​ស្រ​ដៀង​គ្នា​ទេ​។ គាត់​បន្ត​ថា “​វា​អាស្រ័យ​ទៅ​លើ​ថា​តើ​អ្នក​ចង់​ចំណាយ​ប្រាក់​កម្រិត​ណា​, អ្នក​ចង់​មាន​ក្លិន​យ៉ាងណា​, និង​អ្នក​ចង់​មាន​អារម្មណ៍​ណា តែ​ប៉ុណ្ណោះ​។ មិន​មានការ​ស្រាវជ្រាវ​ណា​ដែល​បាន​បង្ហាញ​ថា​ផលិតផល​ណា​មាន​ប្រសិទ្ធភាព​ជាង​ផលិតផល​ណា​នោះ​ទេ​។ វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​អ្នក​”​។

ប្រើ​ស្រូវ​អូក (oatmeal)៖ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ជឿ​ថា មនុស្ស​យើង​រក​ឃើញ​ប្រសិទ្ធភាព​ព្យាបាល​ស្បែក​ដោយ​ប្រើ​ស្រូវ​អូក លើក​ដំបូង​ប្រហែលជា ៤.០០០​ឆ្នាំ​មុន​មក​ម្ល៉េះ​។ វេជ្ជបណ្ឌិត ហូ​វ៉ា​ត ដុន​ស្កា​យ (Howard Donsky) និយាយ​ថា “​ស្រូវ​អូក​អាច​ប្រើ​នៅ​ពេល​មុជទឹក ធ្វើ​ជា​ភ្នាក់ងារ​ព្យាបាល​ស្បែក​”​។ អ្នក​គ្រាន់តែ​លាយ​ម្សៅ​ស្រូវ​អូក ២ ពែង ទៅ​ក្នុង​អាង​មុជទឹក​ដែល​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗ​។

គាត់​បន្ត​ថា “​អ្នក​អាច​ប្រើ​វា​ជំនួស​សាប៊ូ​បាន​ដោយ​ចាក់​ម្សៅ​ស្រូវ​អូក​ទៅ​លើ​កន្សែង​ទទឹក ហើយ​យក​វា​មក​ដុស​ខ្លួន​ដូចដែល​អ្នក​ប្រើ​ក្រណាត់​ដុស​ខ្លួន​ធម្មតា​”​។

ជ្រើសរើស​សាប៊ូ​ដែល​មាន​ជាតិ​ខ្លាញ់​៖ វេជ្ជបណ្ឌិត ភើ​ល​ស្ទៀ​ន និយាយ​ថា “​សាប៊ូ​ភាគច្រើន​មាន​ជាតិ​ក្បុង​ក្នុង​នោះ​។ ជាតិ​ក្បុង​មាន​សារ​ប្រយោជន៍​ក្នុង​ការ​លាង​សម្អាត ប៉ុន្តែ​វា​ងាយ​ធ្វើ​ឱ្យ​រលាក​ស្បែក​”​។ គាត់​ណែនាំ​ថា អ្នក​ដែល​មាន​ស្បែក​ស្ងួត​គួរ​ប្រើ​សាប៊ូ​ដែល​មាន​ជាតិ​ខ្លាញ់ ដូច​ជា សាប៊ូ Dove​។

មិន​ត្រូវ​ប្រើ​សាប៊ូ​ញឹកញាប់​ពេក​៖ វេជ្ជបណ្ឌិត ភើ​ល​ស្ទៀ​ន និយាយ​ថា “​អា​មេ​រិ​ក​គឺជា​សង្គម​ប្រើប្រាស់​សាប៊ូ​ច្រើន​ពេក ហើយ​យើង​ដែល​ជា​អ្នកជំនាញ​ស្បែក​មើលឃើញ​បញ្ហា​ជា​ច្រើន​ពី​ការ​ប្រើប្រាស់​ច្រើន​ជ្រុល​ពេក​នេះ ច្រើន​ជាង​កាលពីមុន​ដែល​យើង​គ្មាន​សាប៊ូ​ប្រើប្រាស់​ទៅ​ទៀត​”​។ ការ​ណែនាំ​របស់​គាត់​គឺ​៖ ប្រសិនជា​វា​មិន​កខ្វក់​ទេ មិន​ចាំបាច់​លាង​សម្អាត​វា​នោះ​ទេ​។

រក្សា​ភាព​ត្រជាក់​៖ វិធី​ល្អ​មួយ​សម្រាប់​ទប់ទល់​នឹង​ស្បែក​ស្ងួត​គឺ​រក្សា​ភាព​ត្រជាក់​ក្នុង​បន្ទប់​របស់​អ្នក​។ វេជ្ជបណ្ឌិត ភើ​ល​ស្ទៀ​ន និយាយ​ថា “​ព្រោះ​ខ្យល់​ត្រជាក់​មាន​ឥទ្ធិពល​ភាព​ស្ពឹក វា​ជួយ​ធ្វើ​ស្បែក​មាន​អារម្មណ៍ល្អ​។ ប្រសិនបើ​អ្នក​ផ្តល់​កម្តៅ​ខ្លាំង​ពេក​នៅ​ក្នុងផ្ទះ វា​ធ្វើ​ឱ្យ​សរសៃឈាម​រីក ដែល​ធ្វើ​ឱ្យ​ភាព​រមាស់​ចាប់ផ្តើម​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ធ្វើ​ឱ្យ​ស្បែក​ត្រជាក់ មិន​ថា​ដោយ​ការ​ប្រើ​ទឹក​ត្រជាក់ ឬ ខ្យល់​ត្រជាក់​នោះ​ទេ វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​”​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង