Join with Health.com.kh on Telegram

ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានគ្រាប់ផ្កាឈូករ័ត្ន ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ពីអត្ថប្រយោជន៍ដ៏ប្រសើររបស់គ្រាបពូជនេះចំពោះសុខភាពឡើយ។ ថាតើគ្រាប់ផ្កាឈូករ័ត្នអាចផ្ដល់ផលល្អៗអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃគ្រាប់ផ្កាឈូករ័ត្ន ៖

១. បញ្ចុះកម្រិតកូឡស្តេរ៉ូលមិនល្អក្នុងឈាម និងរក្សាសុខភាពសសៃឈាមបេះដូង

គ្រាប់ផ្កាឈូករ័ត្នជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន, ជាតិខ្លាញ់ដែលល្អចំពោះសុខភាពបេះដូង monounsaturated និង polyunsaturated, វីតាមីន, ជាតិរ៉ែ និងជាតិសសៃ។ នៅពេលត្រូវបានទទួលទានជំនួសជាតិខ្លាញ់ឆ្អែត saturated ក្នុងរបបអាហារ, គ្រាប់ពូជដូចជាគ្រាប់ផ្កាឈូករ័ត្នជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដោយមិនជះឥទ្ធិពលលើកម្រិតនៃកូឡេស្តេរ៉ូលល្អឡើយ។ ជាលទ្ធផលការរួមបញ្ចូលគ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ពូជផ្សេងទៀតក្នុងរបបអាហារប្រចាំថ្ងៃជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ខណៈដែលការទទួលទានគ្រាប់ផ្កាឈូករ័ត្នអាចជួយក្នុងការគ្រប់គ្រងកម្រិតនៃកូឡេស្តេរ៉ូលក្នុងឈាម នោះវានឹងផ្ដល់ផលប្រសើរចំពោះសុខភាពសសៃឈាមបេះដូងដោយកាត់បន្ថយហានិភ័យនៃបញ្ហាបេះដូងផ្សេងៗគួរឱ្យកត់សម្គាល់។ ប្រភេទនៃប្រូតេអ៊ីនក្នុងគ្រាប់ផ្កាឈូករ័ត្នដូចជា pepsin និង pancreatin ក៏មានឥទ្ធិពលរារាំងអង់ស៊ីម angiotensin-I (ACE) ដែលជាលទ្ធផលជួយទប់ស្កាត់បញ្ហាសសៃឈាមរួមតូច ឬបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ការទទួលទានអាហារដែលមានប្រសិទ្ធិភាពរារាំងអង់ស៊ីម ACE អាចផ្ដល់អត្ថប្រយោជន៍យ៉ាងពិសេសសម្រាប់ស្ថានភាពបេះដូង។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ អ្នកក៏ចាំបាច់គួរកម្រិតការទទួលទាន និងជ្រើសរើសញ៊ាំគ្រាប់ផ្កាឈូករ័ត្នដែលមិនចម្អិនលាយអំបិល ឬស្ករ។

២. លក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ

ដោយជាប្រភពដ៏ប្រសើរនៃវីតាមីន E, អាស៊ីត linoleic, អាស៊ីត linolenic, សារធាតុ triterpenes និងសមាសធាតុ miscellaneous polyphenolic ធ្វើឱ្យគ្រាប់ផ្កាឈូករ័ត្នមានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ។ ជាលទ្ធផលជួយកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលបណ្ដាលមកពីការរលាករួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម, ជំងឺរលាកសន្លាក់, ខ្សោយការចងចាំ, រលាកសន្លាក់ gout និងជំងឺក្រិនថ្លើម។ កម្រិតនៃជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយ! ប៉ុន្តែទោះជាយ៉ាងណាគ្រាប់ផ្កាឈូករ័ត្នមានផ្ទុកនូវជាតិសសៃខ្ពស់ដែលជួយពន្យឺតការស្រូបយកសារធាតុចិញ្ចឹមពីអាហារនិងទប់ស្កាត់បញ្ហាជាតិស្ករឡើងខ្ពស់ក្រោយញ៊ាំអាហារ។

៣. អាហារសម្រន់ដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរ អ្នកជំងឺទឹកនោមផ្អែមចាំបាច់ត្រូវគ្រប់គ្រងការទទួលទានអាហារឱ្យបានត្រឹមត្រូវ។ នេះក៏ព្រោះតែការចេះតែញ៊ាំអាហារសម្បូរជាតិស្ករ, មានផ្ទុកកាបូអ៊ីដ្រាតខ្ពស់ និងអាហារដែលអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមអាចបណ្ដាលឱ្យស្ថានភាពនៃជំងឺមានសភាពគួរឱ្យបារម្ភ។ ទោះជាយ៉ាងណាការទទួលទានអាហារដែលមានផ្ទុកកូឡេស្តេរ៉ូល និងសន្ទស្សគ្លីសេម៊ិចទាបដូចជាគ្រាប់ផ្កាឈូករ័ត្នអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបានយ៉ាងប្រសើរ។ សន្ទស្សគ្លីសេម៊ិចទាបធ្វើឱ្យការទទួលទានគ្រាប់ផ្កាឈូករ័ត្នអាចទប់ស្កាត់អាចជួយទប់ស្កាត់កម្រិតនៃជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់។ អាស៊ីតខ្លាញ់មិនឆ្អែតនិងសមាសធាតុ polyphenolic ក្នុងគ្រាប់ឈូករ័ត្នក៏មានប្រសិទ្ធិភាពប្រឆាំងជំងឺទឹកនោមផ្អែមផងដែរ។ តាមរយៈការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម អ្នកក៏ផ្ដល់ការការពារដោយប្រយោលលើសុខភាពថ្លើម, លំពែង និងសរីរាង្គសំខាន់ៗផ្សេងទៀតផងដែរ។

៤. ព្យាបាលអាការៈទល់លាមកនិងរាគរូស

អាហារសម្បូរជាតិសសៃខ្ពស់ដូចជាគ្រាប់ផ្កាឈូករ័ត្នក៏ដើរតួនាទីបន្ទន់លាមកដែលជួយព្យាបាលអាការៈទល់លាមកបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកទទួលទានគ្រាប់ពូជ ឬគ្រាប់ធញ្ញជាតិមិនលើសពី ២០ ទៅ ៣៥ក្រាមក្នុងមួយថ្ងៃ ខណៈដែលការញ៊ាំច្រើនពេក ឬតិចពេកអាចធ្វើឱ្យអាការៈទល់លាមក ឬរាគរូសកាន់តែអាក្រក់ឡើង។ លក្ខណៈសម្បត្តិប្រឆាំងការរលាកនៃគ្រាប់ឈូករ័ត្នក៏អាចសម្រាលអាការៈរលាកពោះវៀនធំផងដែរ។ ទោះជាយ៉ាងណាអ្នកត្រូវប្រាកដថាបានទទួលទានទឹករួមជាមួយគ្នា ខណៈដែលការញ៊ាំគ្រាប់ពូជសម្បូរជាតិសសៃដោយមិនទទួលទានអាចផ្ដល់គ្រោះថ្នាក់ច្រើនជាងល្អ។

៥. រក្សាតុល្យភាពនៃអ័រម៉ូន Estrogen

គ្រាប់ផ្កាឈូករ័ត្នជាប្រភពនៃអាហារដ៏ប្រសើរនៃសារធាតុ phytoestrogens ដែលមានមុខងារស្រដៀងនឹងអ័រម៉ូន estrogen និង testosterone។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា phytoestrogens, lignans និង isoflavones ដែលមានលក្ខណៈសម្បត្តិអាចជួយទប់ស្កាត់ជំងឺមហារីកសុដន់, មហារីកក្រពេញប្រូស្តាត និងជំងឺពុកឆ្អឹងជាដើម។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕