ថ្នាំគ្រាប់ពន្យាកំណើតគឺជាគ្រាប់ថ្នាំប្រភេទអ័រម៉ូនដ៏តូចមួយដែលអាចទទួលទានជារៀងរាល់ថ្ងៃបានដើម្បីពន្យាកំណើត។ ថ្នាំនេះភាគច្រើននៅស្រុកខ្មែរយើងមានអ័រម៉ូនពីរប្រភេទនោះគឺ Oestrogen និង Progesterone ដែលជួយបង្ការការមានផ្ទៃពោះបាន។ សំណួរដែលសួរថាតើថ្នាំគ្រាប់ពន្យាកំណើតធ្វើការក្នុងខ្លួនមនុស្សដូចម្តេចទៅ នេះគឺជាសំណួររបស់ស្ត្រីមួយចំនួនដែលកំពុងតែស្វែងរកការពន្យាកំនើតដែលមានសុវត្ថិភាព និងប្រសិទ្ធ។ ថ្នាំទាំងនេះត្រូវបានណែនាំអោយប្រើជារៀងរាល់ថ្ងៃក្នុងពេលវេលាដូចៗគ្នា។ បើសិនជាប្រើតាមកាលវិភាគត្រឹមត្រូវដែលណែនាំដោយគ្រូពេទ្យ នោះវានឹងមានប្រសិទ្ធភាពល្អបំផុត។

ថ្នាំគ្រាប់ពន្យាកំណើតដែលមានអ័រម៉ូនពីរ
ថ្នាំប្រភេទនេះផ្សំឡើងដោយអ័រម៉ូនពីរប្រភេទ ទាំងOestrogen និង Progesterone។ អ័រម៉ូនទាំងពីរនេះទៅទប់ស្កាត់ក្រពេញ Pituitary Gland កុំអោយបង្កើត និងបញ្ចេញមេជីវិតញីពីក្នុងក្រពេញអូវ៉ែរបស់ស្ត្រីបាន។ Progesterone មានតួនាទីផ្ទាល់ខ្លួនរបស់វាក្នុងការបង្ការមេជីវិតឈ្មោលកុំអោយធ្វើដំណើរទៅរកមេជីវិតញីបាន ព្រមទាំងផ្លាស់ប្តូរភ្នាសកម្រាលខាងក្នុងរបស់ស្បូន។ ការផ្លាស់ប្តូរបែបនេះវាកាន់តែពិបាកដល់មេជីវិតញីក្នុងការទុំជាប់នៅក្នុងស្បូន។ ថ្នាំពន្យាកំណើតប្រភេទនេះត្រូវបានណែនាំថាមានប្រសិទ្ធភាពជាងថ្នាំពន្យាកំណើតដែលមានអ័រម៉ូនតែមួយប្រភេទ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមិនអាចប្រើអ័រម៉ូន Oestrogen បានទេ អ្នកគួរតែប្រើថ្នាំគ្រាប់ពន្យាកំណើតដែលមានអ័រម៉ូនតែមួយ ឬថ្នាំពន្យាកំណើតប្រភេទ Progesterone ជំនួសវិញ។ ថ្នាំទាំងនេះអាចប្រើរយៈពេល ២១ថ្ងៃ ឬ ២៨ថ្ងៃ។ បើសិនជាអ្នកប្រើបន្ទះថ្នាំតែ ២១ថ្ងៃ អ្នកអាចឈប់ប្រើរយៈពេល ៧ថ្ងៃក្រោយបាន ហើយចាំប្រើបន្ទះថ្មីទៀត។ ចំពោះបន្ទះថ្នាំ ២៨ថ្ងៃមានថ្នាំគ្រាប់ដែលមានអ័រម៉ូនតែ ២១គ្រាប់ទេ ហើយ ៧គ្រាប់ទៀតគឺជាថ្នាំផ្លេស្បូប៉ុណ្ណោះ។
ថ្នាំគ្រាប់ពន្យាកំណើតដែលមានអ័រម៉ូនតែមួយប្រភេទនោះគឺ Progesterone
ថ្នាំពន្យាកំណើតប្រភេទនេះមានតែអ័រម៉ូន Progesterone មួយតែប៉ុណ្ណោះ។ វាជួយទប់ស្កាត់ការផ្ទុះអូវ៉ុលនិងបង្ការកុំអោយមេជីវិតឈ្មោលជួបមេជីវិតញីដើម្បីបង្កកំណើតបាន។ ថ្នាំនេះទៅបន្លំអោយស្បូនយល់ថាមេជីវិតញីចេញពីក្រពេញអូវ៉ែ ឬផ្ទុះបែកអូវ៉ុលហើយ ដូច្នេះទើបធ្វើអោយវាមិនព្រមបំពេញតួនាទីទ្រទ្រង់ការបង្កកំណើត។ ថ្នាំគ្រាប់ពន្យាកំណើតមួយនេះក៏ធ្វើអោយភ្នាស់បញ្ចេញទឹករំអិលជុំវិញមាត់ស្បូនឡើងក្រាស់ដែរដើម្បីបង្កើតជារបាំង ក៏ដូចជាមិនអាចអោយមេជីវិតឈ្មោលឆ្លងទៅជួបមេជីវិតញីបាន។ ថ្នាំនេះគួរតែប្រើរាល់ថ្ងៃ និងតាមពេលវេលាដូចៗគ្នាផងដែរ។
បើសិនជាអ្នកនៅតែយល់ច្រឡំអំពីរបៀបនៃថ្នាំពន្យាកំណើតធ្វើការទៀតនោះ យកល្អគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានយ៉ាងពេញលេញ។ ថ្នាំគ្រាប់ពន្យាកំនើតមានប្រសិទ្ធភាពពី ៩០ ទៅ ៩៥ភាគរយ ទោះបីជាភ្លេចប្រើមួយថ្ងៃក្នុងពេលវេលាពិសេសណាមួយក៏ដោយ។ ទោះបីជាយ៉ាងនេះក្តី ប្រសិទ្ធភាពរបស់វាមានរហូតដល់ ៩៩%ភាគរយ បើសិនជាអាចប្រើប្រាស់រាល់ថ្ងៃក្នុងពេលវេលាដូចៗគ្នាទាំងអស់។ ថ្នាំគ្រាប់ពន្យាកំណើតក៏មានអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរដូចជា៖ ធ្វើអោយស្បែកកាន់តែស្រស់ស្អាត, រដូវមកទៀងទាត់ និងតិចជាងមុន ព្រមទាំងកាត់បន្ថយ ឬមិនអោយមានការឈឺចាប់ក្នុងពេលមករដូវទៀតផង៕