ការចាស់ទៅតាមអាយុ និងការរាំងរដូវ អាចធ្វើអោយចំណង់ផ្លូវភេទរបស់ស្ត្រីផ្លាស់ប្តូរបានគ្រប់ពេលវេលាទាំងអស់។ ការផ្លាស់ប្តូរនេះមិនមែនដោយសារតែជំងឺលើរាងកាយទេ ប៉ុន្តែមានកត្តាជាច្រើនផ្សេងៗទៀតផងដែរដូចជា ការមានផ្ទៃពោះ, ការបំបៅដោះកូន, ការរាំងរដូវ, ស្ត្រេស, បាក់ទឹកចិត្ត និងការផ្លាស់ប្តូររបៀបរស់នៅ។

ការរាំងរដូវ
ក្នុងពេលដែលមានការផ្លាស់ប្តូរបណ្តោះអាសន្នមួយទៅកាន់ដំណាក់កាលរាំងរដូវហើយ កម្រិតអ័រម៉ូនភេទរបស់មនុស្សស្រី (Estrogen) ត្រូវបានថយចុះ។ ការថយចុះបែបនេះច្រើនតែបណ្តាលអោយមានបញ្ហាស្ងួតទ្វារមាសដែលនឹងទៅជាគ្មានផាសុខភាពក្នុងពេលរួមភេទ ឬឈឺក្នុងទ្វារមាស។ កត្តាទាំងនេះនឹងកាត់បន្ថយការចង់រួមភេទរបស់ស្ត្រីតែម្តង។ ខណៈពេលដែលស្ត្រីជាច្រើនបន្តទទួលបានជីវិតផ្លូវភេទដ៏សប្បាយរីករាយរបស់គេទៀតក្នុងពេល និងក្រោយពេលរាំងរដូវហើយនោះ ក៏មានអ្នកខ្លះទៀតបែរជាបាត់បង់ចំណង់ផ្លូវភេទទៅវិញដោយសារតែការផ្លាស់ប្តូរអ័រម៉ូនដ៏សំខាន់។
ការមានផ្ទៃពោះ និងបំបៅដោះកូន
រាងកាយរបស់មនុស្សស្រីម្នាក់នឹងត្រូវឆ្លងកាត់ការផ្លាស់ប្តូរអ័រម៉ូនជាច្រើនក្នុងពេលមានផ្ទៃពោះដែលវាជាហេតុផលមួយបង្កអោយទៅជាកង្វះចំណង់ផ្លូវភេទបាន។ ការបំបៅដោះកូនគឺជាបញ្ហាមួយផ្សេងទៀតដែលចំណង់ផ្លូវភេទត្រូវផ្លាស់ប្តូរដែរ។ ការមានផ្ទៃពោះ និងបំបៅដោះកូន ក៏មានឥទ្ធិពលទៅលើទស្សនៈរបស់ស្ត្រីចំពោះរាងកាយនាងដែរ។ ក្រៅពីនេះ ការបន្ថែមនូវការទទួលខុសត្រូវចំពោះរឿងរាវក្រោយពេលសម្រាលកូនរួចក៏ប្រហែលជាដាក់សម្ពាធដល់នាងមិនមានចំណង់ផ្លូវភេទគ្រប់គ្រាន់ផងដែរ។
បញ្ហាផ្លូវកាយ
ជំងឺ, ការផ្លាស់ប្តូររាងកាយ និងការប្រើប្រាស់ថ្នាំច្រើនតែបណ្តាលអោយចំណង់ផ្លូវភេទរបស់ស្ត្រីថយចុះ។ កត្តាមួយចំនួនដូចជា៖
- បញ្ហាផ្លូវភេទ៖ ការឈឺទ្វារមាស, ការស្ងួតទ្វារមាស ឬមិនអាចទទួលបានចំនុចកំពូលក្នុងពេលរួមភេទបានប្រហែលជារំខានដល់ចំណង់ផ្លូវភេទរបស់គេហើយ។
- បញ្ហាសុខភាព៖ មានជំងឺជាច្រើនដូចជា ជំងឺរលាកសន្លាក់, មហារីក, ទឹកនោមផ្អែម, សម្ពាធឈាមឡើងខ្ពស់, ជំងឺសរសៃឈាមបេះដូង និងជំងឺសរសៃប្រសាទប្រហែលជាប៉ះពាល់ដល់ចំណង់ផ្លូវភេទរបស់ស្ត្រី។
- ការប្រើថ្នាំ៖ ថ្នាំដែលមានវេជ្ជបញ្ជាសម្រាប់ព្យាបាលបញ្ហាផ្លូវភេទ ឬបញ្ហាសុខភាពផ្សេងៗអាចទៅបំផ្លាញចំណង់ផ្លូវភេទរបស់ស្ត្រីក្នុងរឿងរួមភេទបាន។ ថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត និងថ្នាំបំបាត់ការប្រកាច់ក៏ជាដើមហេតុដ៏អាក្រក់របស់ចំណង់ផ្លូវភេទថយចុះដែរ។
- ការវះកាត់នៅប្រដាប់ភេទ៖ ការវះកាត់ក្នុងតំបន់ប្រដាប់ភេទ និងសុដននឹងអាចអោយអ្នកជំងឺមិនចង់រួមភេទតែម្តងក្រោយពីវះកាត់រួចដោយសារតែការឈឺចាប់។
- អស់កម្លាំង៖ ការហត់នឿយគឺជាបញ្ហារបស់រឿងគ្រប់យ៉ាង។ ដល់ពេលដែលស្ត្រីមកដល់លើគ្រែហើយ បូករួមនឹងការអស់កម្លាំងទៀត ពេលនោះអាចជាការថយចុះនៃចំណង់ផ្លូវភេទហើយ។
បញ្ហាទំនាក់ទំនង
ភាពស្និទ្ធស្នាលដោយប្រើអារម្មណ៍គឺជារឿងមួយសំខាន់សម្រាប់ស្ត្រីជាច្រើនដើម្បីឈានចូលទៅក្នុងរឿងរួមភេទ។ ការដែលមានបញ្ហាលើទំនាក់ទំនងរបស់ពួកគេដូចជា ការមិនព្រមព្រៀងគ្នាជាមួយដៃគូ, កង្វះការធ្វើប្រាស្រ័យទាក់ទងគ្នាជាមួយដៃគូ, ការយល់ច្រឡំ, មិនដោះស្រាយបញ្ហា, ការភិតក្បត់, ការសង្ស័យគ្នា, ការឈ្លោះគ្នា និងពុំសូវមានជំនាញខាងផ្លូវភេទសុទ្ធតែដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយចំណង់ផ្លូវភេទរបស់មនុស្សស្រី។
បញ្ហាចិត្តសាស្ត្រ
មូលហេតុផ្លូវចិត្តមិនមែនគ្រាន់តែប៉ះពាល់ទៅដល់អារម្មណ៍សប្បាយរីករាយរបស់មនុស្សមួយមុខនោះទេ តែវាក៏មានឥទ្ធិពលទៅលើការសប្បាយរីករាយខាងរាងកាយផងដែរ ហើយអាចបណ្តាលអោយចំណង់ផ្លូវភេទថយចុះទៀតផង។ បញ្ហាចិត្តសាស្ត្រមួយចំនួនដែលមានឥទ្ធពិលទៅលើចំណង់ផ្លូវភេទមនុស្សស្រីមានដូចជា៖
- បញ្ហាសុខភាពផ្លូវចិត្តដូចជា ថប់អារម្មណ៍ ឬបាក់ទឹកចិត្ត
- ស្ត្រេសដូចជា តានតឹងក្នុងអារម្មណ៍នៅកន្លែងធ្វើការ ឬរឿងលុយកាក
- រូបសម្បត្តិមិនសូវបាន
- ខ្វះកាត់ទុកចិត្តលើខ្លួនឯង
- ធ្លាប់មានប្រវត្តិគេចាប់បង្ខំខាងផ្លូវភេទ ឬរាងកាយអ្វីមួយ៕