ជាតិអាល់កុលអាចធ្វើអោយមនុស្សគ្រប់រូបស្រវឹង (intoxicating), ហើយទោះបីជាពេលខ្លះវាធ្វើអោយមនុស្សមានអារម្មណ៍រីករាយ បាត់ទុកកង្វល់បានមួយភ្លែតក៏ដោយ ប៉ុន្តែ ស្រាគឺជាថ្នាំធ្វើអោយអ្នកថមថយកម្លាំងកាយ និង កម្លាំងចិត្ត (depressant drug) ។ ស្រាធ្វើអោយការឆ្លើយតប (response) ឬ ភាពរស់រវើករបស់អ្នកធ្លាក់ចុះ ព្រមទាំងប៉ះពាល់ដល់ដំណើររបស់ខួរក្បាល (ជះឥទ្ធិពលអាក្រក់ដល់ការគិត ឬ ការវិនិច្ឆ័យ) ដូច្នេះហើយទើបបានជាស្រាអាចធ្វើអោយមនុស្សល្ងីល្ងើរ គ្មានដឹងខ្យល់អ្វីទាំងអស់នៅពេលស្រវឹងខួប ។ ម្យ៉ាងវិញទៀត, ការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនពេកក្នុងពេលដ៏ខ្លី, ជាតិអាល់កុលក្នុងសុរាអាចបំពុល និង សម្លាប់មនុស្សបានយ៉ាងងាយ ។

តើមានអ្វីកើតឡើងនៅពេលជាតិអាល់កុលហូរចូលក្នុងរាងកាយរបស់អ្នក?
វាចំណាយពេលសមល្មមទំរាំនឹងជាតិអាល់កុលហូរទៅដល់ខួរក្បាល, ហើយវាត្រូវការតែរយៈពេលមួយម៉ោងប៉ុណ្ណោះ ដែលជាតិសុរា ឬ ស្រាបៀរអាចធ្វើអោយខូចខាតដល់ថ្លើមរបស់អ្នកបាន ។ ទម្ងន់កាន់តែតិច, ផលប៉ះពាល់របស់គ្រឿងស្រវឹងមកកាន់ខ្លួនអ្នកកាន់តែខ្ពស់ – ដូច្នេះហើយមនុស្សគ្រប់គ្នាគួរទទួលទានគ្រឿងស្រវឹងអោយសមស្របទៅតាមច្បាប់គេអនុវត្ត ដូចជាផឹកទៅតាមអាយុ (ហាមទទួលទានចំពោះក្មេងអាយុក្រោម ១៨ ឆ្នាំ) និង ទៅតាមទម្ងន់ជាដើម ។ ក្មេងជំទង់ដែលមានរូបរាងស្វែលតូចច្រលឹងងាយណាស់នឹងស្រវឹង បើប្រៀបធៀបទៅនឹងមនុស្សចាស់ដែលមានមាឌធំគួរសម ។ យ៉ាងណាមិញ, ស្ត្រីភេទក៏ងាយនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ និង ឆាប់រហ័យជាងបុរសភេទដែរ ដោយសារតែស្ត្រីមិនមានជាតិទឹកច្រើនគ្រប់ល្មមក្នុងការជួយបង្អន់អានុភាពនៃជាតិអាល់កុលដូចបុរសនោះទេ ។
ផឹកច្រើនពេក នាំអោយទទួលរងផលប៉ះពាល់គួរអោយខ្លាច
- ការផឹកស្រវឹងជោគជាំធ្វើអោយអ្នកក្លាយជាមនុស្សផ្សេងម្នាក់ទៀត និងធ្វើអោយអ្នកមានអារម្មណ៍ខ្លាំងក្លា, ឃោរឃៅ និង អាចប្រព្រឹត្តិអំពើមិនគប្បីជាច្រើន ។ យ៉ាងណាមិញ, អ្នកស្រវឹងងាយស្រួលនឹងបង្កើតជំលោះឈ្លោះទាស់ទែង ឬ វាយតប់ជាមួយបងប្អូន សាច់ញាតិ មិត្តភក្តិ និង អ្នកដទៃ ។
- បន្ទាប់ពីទទួលជាតិស្រវឹងជោគក្នុងរាងកាយ, អ្នកនឹងក្លាយជាមនុស្សគ្មានភាពម្ចាស់ការលើខ្លួនឯង ល្ងីល្ងើរ ‑ ដូច្នេះ មិនគួរបណ្តោយអ្នកស្រវឹងកាន់របស់របរដែលងាយនឹងបង្កគ្រោះថ្នាក់ផ្សេងៗ ដូចជាកាំបិត, ពូថៅ, ឧបករណ៍ស្រួចៗ ឬ ម៉ាស៊ីនអ្វីមួយ ។ ល ។
- នៅពេលអ្នកស្រវឹង អ្នកនឹងមានអារម្មណ៍ថាមើលឃើញអ្វីមួយបំបែកខ្លួនជាពីរ (double vision) និងនិយាយឡុលៗ ។
- ការផឹកស្រានៅពេលអ្នកមានអារម្មណ៍មិនល្អ កាន់តែធ្វើអោយអ្នករឹតតែយ៉ាប់ជាងមុនទៅទៀត ។
- ជាតិអាល់កុលអាចធ្វើអោយអ្នកធាត់ និង ឡើងទម្ងន់, ប៉ុន្តែ វាជះឥទ្ធិពលអាក្រក់បំផុតចំពោះសុខភាពស្បែករបស់អ្នក ។
- ទម្លាប់ក្នុងការទទួលទានគ្រឿងស្រវឹងលើសកំណត់រៀងរាល់ថ្ងៃអាចធ្វើអោយសុខភាពរបស់អ្នកកាន់តែទន់ខ្សោយទៅៗ ។ ក្បាលរបស់អ្នកនឹងជួបនូវបញ្ហា, ក្រពះរបស់អ្នកនឹងធ្វើទុក្ខដល់អ្នកព្រមៗគ្នា ដែលជាហេតុធ្វើអោយអ្នកមិនអាចមានអារម្មណ៍នឹងរៀនសូត្រ ឬ ធ្វើការងារអ្វីឡើយ ។
- ជាតិអាល់កុលអាចជះឥទ្ធិពលអាក្រក់ចំពោះការមានកូនរបស់បុរស (fertility) ។
- លិង្គរបស់បុរសពិបាកនឹងងើបរឹងណាស់នៅពេលអ្នកស្រវឹងជោគជាំនោះ ។
- ហាបប្រើគ្រឿងស្រឹង ប្រសិនបើអ្នក ៖
- ទើបតែ ឬ នឹងទទួលទានថ្នាំអ្វីមួយ (ទោះបីជាថ្នាំមាន ឬ គ្មានវេជ្ជបញ្ជាកដោយ)
- នឹងធ្វើការបើកបរ
- នឹងធ្វើការងារអ្វីមួយធ្ងន់ធ្ងរ … ។
ពិនិត្យមើលគ្រោះថ្នាក់នៃការទទួលទានគ្រឿងស្រវឹង
- ប្រសិនបើអ្នកបើកបរ បន្ទាប់ពីទទួលទានគ្រឿងស្រវឹងតែមួយកែវតូច, នោះក៏មានន័យថា អ្នកអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់ចរាចរ ៥ ដង បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានទទួលទានគ្រឿងស្រវឹងអ្វីទាល់តែសោះ ។
- គ្រោះថ្នាក់ដោយភាពចៃដន្យណាមួយច្រើនតែកើតឡើងទៅលើអ្នកដែលពិសាគ្រឿងស្រវឹង ដោយសារតែអ្នកស្រវឹងមានកាយវិការយឹតៗ មិនរស់រវើក និង បាត់បង់ភាពម្ចាស់ការលើខ្លួនឯង ។
- អ្នកស្រវឹងទំនងជាមិនបានប្រុងប្រយ័ត្ន ឬ ភ្លេចប្រើប្រាស់គ្រឿងការពារខ្លួន (ស្រោមអនាម័យ) ក្នុងពេលរួមភេទ ដែលជាហេតុធ្វើអោយពួកគេប្រឈមមុខទៅនឹងការមានផ្ទៃពោះ, ការឆ្លងជំងឺកាមរោគ ឬ ជំងឺអេដស៍ជាដើម ។
- អ្នកផឹកស្រាអាចនឹងល្ងិតល្ងង់ ឬ ភ្លេចភ្លាំងនូវអ្វីៗដែលគេបានប្រព្រឹត្តអំឡុងពេលស្រវឹង ។
- អ្នកស្រវឹងអាចធ្វើអោយខ្លួនរងគ្រោះថ្នាក់ដោយមិនដឹងខ្លួន ដូចជា ធ្លាក់ពីទីខ្ពស់, រងរបួសដោយសារវត្ថុអ្វីមួយ, បាត់បង់សតិ និង ធ្វើអំពើមិនគប្បីជាដើម ។
- ស្រា ឬ ប៊ីយ៉ែមួយភាគធំមានផ្ទុកនូវជាតិស្ករ ដែលអ្នកមានជំងឺទឹកនោមផ្អែមទាំងឡាយត្រូវតែចៀសវាងជាដាច់ខាត ។
- ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកមានផ្ទៃពោះអាចបណ្តាលអោយមានប្រជុំរោគសញ្ញាfetal alcohol syndrome ចំពោះទារករបស់អ្នក ។ ទារកដែលមានជីវិតក្នុងពោះរបស់អ្នកនឹងវិវត្តិក្នុងភាពមិនធម្មតា, រីកលូតលាស់ ឬ កើតមកមិនគ្រប់ ឬ លើសលក្ខណៈជាដើម ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះទាំងឡាយមិនគួរណាយកគ្រឿងស្រវឹងមកចូលក្នុងខ្លួនឡើយ ។
- ការស្រវឹងជោគជាំរៀងរាល់ថ្ងៃធ្វើអោយខ្លួនប្រាណរបស់អ្នកធ្លាក់ចុះខ្សោយ ថមថយកម្លាំងពលកម្ម ។
- ការផឹកស្រាយូរៗទៅធ្វើអោយគ្មានភាពឯករាជ្យលើរាងកាយ ឬ ញៀននឹងស្រា ដែលមានន័យថា អ្នកមិនអាចអត់វាបាន (ដែលងាយស្រួលនឹងបំផ្លាញសុខភាពថ្លើម, បេះដូង, ក្រពះ, និង ខួរក្បាលរបស់អ្នកជាទីបំផុត។
- ដំណាក់កាលចុងក្រោយរបស់អ្នកញៀននឹងស្រាពិតជាគួរអោយសោកស្តាយជាទីបំផុត ពីព្រោះតែសុខភាពរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុងដោយសារជាតិអាល់កុលនេះឯង ៖
- រោគញ័រដៃញ័រជើង (trembling)
- មមើលមមាយ (hallucination)
- ហើមពោះ
- ក្រិនថ្លើម (cirrhosis of the liver)
- ខ្សោយបេះដូង (weak heart)
- សន្លប់ (coma)
- និង ចុងក្រោយគឺសេចក្តីស្លាប់ (death) ។
ការផឹកស្រា និង ជីវិតស៊ិច
គ្រឿងស្រវឹងអាចកាត់បន្ថយការហាមឃាត់នៃការរួមភេទរបស់ក្មេងៗតូចៗ មានន័យថា នៅពេលពួកគេស្រវឹង ក្មេងៗទាំងនេះអាចនឹងងាយស្រួលប្រឡូកក្នុងល្បែងស្នេហា ឬ ការរួមភេទទាំងអាយុនៅខ្ចីល្ហក់ ។ ដែលនេះគឺជាគ្រោះមហន្តរាយរបស់មនុស្សជាតិ ។
ម្យ៉ាងវិញទៀត, ដោយខ្វះការប្រុងប្រយ័ត្ន ក្មេងៗទាំងនេះអាចនឹងភ្លេចភ្លាំងក្នុងការពន្យាកំណើត ដែលជាហេតុធ្វើអោយមានផ្ទៃពោះដោយមិនចង់បាន ព្រមទាំងអាចឆ្លងនូវជំងឺផ្សេងៗទៀតជាច្រើន ដូចជា ៖ ជំងឺអេដស៍, មេរោគស្វាយ, ប្រមេះ និង ជំងឺកាមរោគដ៏ទៃ ។ ល ។
យ៉ាងណាមិញ, ជាតិអាល់កុលអាចនឹងធ្វើលិង្គពិបាកនឹងងើបរឹងនៅពេលអ្នកស្រវឹង ។