Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាការទទួលទានការ៉ុត គឺល្អណាស់សម្រាប់ភ្នែក! ប៉ុន្តែតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាក្រៅពីការ៉ុតហើយនោះក៏នៅមានអាហារជាច្រើនផ្សេងទៀតដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់រក្សាសុខភាពភ្នែកដែរ? ថ្ងៃនេះវេបសាយសុខភាព 
Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សាពង្រឹងសុខភាពភ្នែក ក៏ដូចជាទប់ស្កាត់បញ្ហាភ្នែកនានា ៖

១. អយស្ទ័រ

ជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសរីដែលជួយធ្វើឱ្យសុខភាពភ្នែកនិងការមើលឃើញមានលក្ខណៈកាន់តែប្រសើរឡើង។ ដូច្នេះអ្នកគួររៀនញ៊ាំអាហារសមុទ្រនេះខ្លះផងទៅ។

២. ត្រីសម្បូរខ្លាញ់

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយកាត់បន្ថយការរលាកដោយរក្សាតុល្យភាពនៃសមាមាត្រអាស៊ីតខ្លាញ់អូមេហ្កា ៣ និងអាស៊ីតខ្លាញ់អូមេហ្កា ៦។ នៅពេលកម្រិតនៃការរលាកធ្លាក់ចុះទាប នោះមុខងារខួរក្បាលនិងរាងកាយទាំងមូលប្រាកដជាមានលក្ខណៈប្រសើរឡើង ហើយប្រព័ន្ធភាពស៊ាំក៏រឹងមាំផងដែរ។ បន្ថែមពីនេះតំបន់ដែលនៅក្បែររ៉េទីនភ្នែក គឺមានផ្ទុកសម្បូរទៅដោយ DHA ដែលជាប្រភេទមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣។ ដូច្នេះការទទួលទានត្រីសម្បូរខ្លាញ់ដូចជាសាលម៉ុន និងធូណាជាដើម គឺមានអត្ថប្រយោជន៍ណាស់សម្រាប់សុខភាពភ្នែក។ ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់ខ្លាញ់ត្រី អ្នកចាំបាច់គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុនសិនទើបប្រសើរ។

៣. ស្ពៃពួយឡេង

ជាប្រភពដ៏ប្រសើរនៃវីតាមីន E, វីតាមីន A, វីតាមីន B​, វីតាមីន C, ជាតិដែក, ស័ង្កសី ព្រមទាំងសារធាតុ lutein និង zeaxanthin ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតសកម្ម និងការរលាក។ ដូច្នេះការទទួលទានស្ពៃពួយឡេងអាចជួយទប់ស្កាត់ជំងឺភ្នែកឡើងបាយ និងជំងឺខ្សោយភ្នែកបានគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះជាត់ស័ង្កសីក្នុងស្ពៃពួយឡេងក៏អាចជួយថែរក្សាសុខភាពកែវភ្នែកផងដែរ។

៤. ស៊ុត

ស៊ុតមានផ្ទុកសារធាតុ zeaxanthin និង lutein ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ និងមើលឃើញបានច្បាស់ ដោយការពារការចុះខ្សោយនៃសសៃបាតភ្នែក។ ការទទួលទានស៊ុត ១ ឬ ២គ្រាប់ក្នុងមួយថ្ងៃ គឺល្អណាស់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរ។ ប៉ុន្តែត្រូវប្រាកដថា អ្នកជ្រើសរើសទទួលទានស៊ុតដែលមានគុណភាពខ្ពស់ទើបទទួលបានអត្ថប្រយោជន៍ពេញលេញមិនប៉ះពាល់សុខភាព។

៥. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ

រួមមានទឹកដោះគោ និងយ៉ាអួរជាដើម គឺល្អណាស់សម្រាប់ធ្វើឱ្យសុខភាពភ្នែកមានលក្ខណៈប្រសើរឡើង។ ក្រៅពីកាល់ស្យូម និងផូស្វ័រ, ទឹកដោះគោ និងយ៉ាអួរក៏មានផ្ទុកនូវស័ង្កសី ព្រមទាំងវីតាមីន A ដែលចាំបាច់សម្រាប់ភ្នែកទប់ស្កាត់ជំងឺភ្នែកឡើងបាយ និងបញ្ហាពិបាកមើលឃើញពេលយប់ផងដែរ។

៦. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ល្អបំផុតមួយនៃជាតិខ្លាញ់សុខភាពល្អ និងវីតាមីន E ដែលជួយកាត់បន្ថយការរលាក។ ការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការទទួលទានគ្រាប់ធញ្ញជាតិដែលមានផ្ទុកសម្បូរទៅដោយវីតាមីន E​ អាចជួយទប់ស្កាត់ជំងឺភ្នែកឡើងបាយពាក់ព័ន្ធនឹងកត្តាអាយុ។ អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិ ១ក្ដាប់ដៃពេញក្នុងមួយថ្ងៃដើម្បីធ្វើឱ្យការមើលឃើញកាន់តែមានលក្ខណៈប្រសើរឡើង និងផ្ដល់ការការពារដល់សុខភាពភ្នែក។

៧. ផ្កាខាត់ណាខៀវ

ប្រូខូលី ឬផ្កាខាត់ណាខៀវមានផ្ទុកសម្បូរទៅដោយវីតាមីន A​, វីតាមីន E, វីតាមីន C និងសារធាតុ lutein ដែលធ្វើឱ្យវាក្លាយជាអាហារដ៏ល្អបំផុតមួយសម្រាប់សុខភាពភ្នែក។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕