ចំណង់​ធម្មជាតិ​នៃ​ការ​រួម​ភេទ​រស់​ស្ត្រី​មានការ​ផ្លាស់​ប្តូរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ជា​ធម្មតា​, ទាប ឬ ខ្ពស់​គឺ​វា​ដើរ​ព្រម​គ្នា​ជាមួយនឹង​ការ​ចាប់ផ្តើម ឬ ចុងបញ្ចប់​នៃ​ទំនាក់ទំនង​, ការ​ផ្លាស់​ប្តូរ​នៃ​ដំណើរ​ជីវិត ដូច​ជា ការ​មាន​ផ្ទៃពោះ (pregnancy), ការ​អស់​រដូវ (menopause) និង ជំងឺ (illness) ជាដើម ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​, ប្រសិនបើ​អ្នក​ត្រូវ​បាន​រំខាន​ដោយសារ​ចំណង់​ផ្លូវភេទ​មាន​កំរិត​ទាប (low sex drive) ឬ ចំណង់​ផ្លូវភេទ​មានការ​ធ្លាក់​ចុះ (decreased sex drive), នោះ​គឺ​វា​អាច​បណ្តាល​មក​ពី​ការ​ផ្លាស់​ប្តូរ​របៀបរបប​នៃ​ការ​រស់នៅ (lifestyle changes) និង បច្ចេកទេស​ក្នុង​ការ​រួម​ភេទ (sex techniques) ។ ការ​ប្រើប្រាស់​ថ្នាំសង្កូវ​មួយ​ចំនួន​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​បញ្ហា​នេះ​ផង​ដែរ ។

ដូច្នេះ​, តើ​ចំណង់​ផ្លូវភេទ​មាន​កំរិត​ទាប (low sex drive) ចំពោះ​មនុស្ស​ស្រី​គឺជា​អ្វី? តាម​វេជ្ជសាស្ត្រ​, អ្នក​អាច​នឹង​មាន​បញ្ហា ដែល​ក្នុង​នោះ​ការ​ចង់​ធ្វើការ​រួម​ភេទ​របស់​អ្នក​មិនសូវ​សកម្ម (​បាន​ន័យ​ថា ហាក់ដូចជា​មិនសូវ​ចង់ ឬ មិន​ចាប់អារម្មណ៍​ក្នុង​ការ​រួម​ភេទ​ជាមួយ​ដៃគូ​) ជា​ហេតុ​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​សោកសៅ ទុក្ខ​ព្រួយ ។ ប៉ុន្តែ​, នេះ​មិនមែន​បាន​ន័យ​ថា អ្នក​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នោះ​ទេ ។
ប្រសិនបើ​អ្នក​មិន​ចង់​ធ្វើការ​រួម​ភេទ នៅ​ពេល​ដែល​អ្នក​គួរតែ​ធ្វើការ​រួម​ភេទ​នោះ​, សូម​ប្រញាប់​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ។

រោគ​សញ្ញា
ជា​ការ​ពិត​ណាស់​, រោគ​សញ្ញា​ចម្បង​នៃ​បញ្ហា​ចំណង់​ផ្លូវភេទ​មាន​កំរិត​ទាប​នោះ​គឺ ការ​មិនសូវ​ចង់ ឬ មិន​ចង់​ធ្វើការ​រួម​ភេទ ។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ចំនួន​បានអោយ​ដឹង​ថា ស្ត្រី​ចំនួន ៤០ ភាគរយ បាន​ត្អួ​ញ​ត្អែ​រ​អំពី​បញ្ហា​នេះ​ក្នុង​មួយ​ឆាកជីវិត​របស់​ពួក​គេ ។
នៅ​ពេល​ណា​អ្នក​គួរ​ទៅ​ជួប​វេជ្ជបណ្ឌិត?
ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ អ្នកឯកទេស ប្រសិនបើ​អ្នក​ត្រូវ​បាន​រំខាន​ដោយ​បញ្ហា​នេះ​, ទោះបីជា​អ្នក​ពិតជា​បាន​ធ្វើការ​រួម​ភេទ​យូរ​ម្តង ឬ បី​បួន​ដង​ក្នុង​មួយ​អាទិត្យ​ក៏​ដោយ ។

មូលហេតុ
ស្ត្រី​ចង់​ធ្វើការ​រួម​ភេទ​គឺ​អាស្រ័យ​ទៅ​លើ​សកម្មភាព​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ភាព​ស្និ​ទ្ឋ​ស្នាល ដូច​ជា កត្តា​រាង​កាយ​មាន​សុខភាព​ល្អ​, អារម្មណ៍ល្អ​, បទ​ពិសោធន៍​ក្នុង​ការ​រួម​ភេទ​, ការ​ជឿជាក់​, របៀបរបប​នៃ​ការ​រស់នៅ និង ទំនាក់ទំនង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​នៃ​ស្ថានភាព​ខាងលើ​នេះ​, នោះ​គឺ​វា​អាច​ជះ​ឥទ្ធិពល​អាក្រក់​ចំពោះ​ចំណង់​ការ​នៃ​រួម​ភេទ​របស់​អ្នក ។ ម្យ៉ាងវិញទៀត​, មាន​កត្តា និង មូលហេតុ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដែល​ធ្វើ​អោយ​អ្នក​មិន​ចាប់អារម្មណ៍​ក្នុង​ការ​រួម​ភេទ ៖

កត្តា​រាង​កាយ
ជំងឺ​, ការ​ផ្លាស់​ប្តូរ​រាង​កាយ និង ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​អាច​ធ្វើ​ស្ត្រី​ជួប​ប្រទះ​បញ្ហា​នេះ ដូច​ជា ៖
• បញ្ហា​ជីវិត​សិច​. ប្រសិនបើ​អ្នក​មានការ​ឈឺ​នៅ​ពេល​រួម​ភេទ (dyspareunia) ឬ មិន​អាច​ឈាន​ដល់​ចំនុចកំពូល (anorgasmia), វា​អាច​ធ្វើ​អោយ​រំខាន​ដល់​អារម្មណ៍​នៃ​ចំណង់​រួម​ភេទ​របស់​អ្នក
• ជំងឺ​. ជំងឺ​ជា​ច្រើន​អាច​ធ្វើ​អោយ​ស្ត្រី​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវភេទ​នេះ ដូច​ជា ជំងឺ​រលាក​សន្លាក់ (arthritis), ជំងឺមហារីក (cancer), ជំងឺ​ទឹកនោមផ្អែម (diabetes), ជំងឺលើសឈាម (high blood pressure), ជំងឺ​សរសៃឈាម​បេះដូង (coronary artery disease) និង ជំងឺសរសៃប្រសាទ (neurological diseases) ។ ភាព​គ្មាន​កូន (infertility) ក៏​បាន​ចូលរួម​ចំណែក​ធ្វើ​អោយ​ស្ត្រី​មិនសូវ​ចង់​រួម​ភេទ​ផង​ដែរ​, ទោះបីជា​បាន​ទទួល​ការ​ព្យាបាល​ហើយ​ក៏​ដោយ ។
• ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​. ការ​ទទួលទាន​ថ្នាំ​ក្រោម​វេជ្ជបញ្ជា​មួយ​ចំនួន ដូច​ជា ថ្នាំ​ប្រឆាំង​រោគ​ធ្លាក់​ចិត្ត (antidepressants), ថ្នាំ​បញ្ចុះ​សំពាធ​ឈាម (blood pressure medications) និង ថ្នាំ​គីមី (chemotherapy drugs) គឺជា​ពពួក​ថ្នាំ​ដែល​គេ​ដឹង​ថា​អាច​សំលាប់​តម្រេក​តណ្ហា​បាន ។ ថ្នាំ​ប្រឆាំង​អ៊ី​ស្តា​មីន (antihistamines) ក៏​បាន​ចូលរួម​ចំណែក​ធ្វើ​អោយ​ស្ត្រី​មាន​បញ្ហា​នេះ​ផង​ដែរ ។
• ជាតិ​អាល់កុល និង ថ្នាំ​. ស្រា​តែ​មួយ​កែវ​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​, ប៉ុន្តែ​បើ​ទទួលទាន​វា​ក្នុង​បរិមាណ​ច្រើន​ពេក​នោះ អាច​ធ្វើ​អោយ​ចំណង់​នៃ​ការ​រួម​ភេទ​របស់​អ្នកមាន​បញ្ហា ។ ថ្នាំ​ខុសច្បាប់​ជា​ច្រើន​ទៀត​ក៏​ដូច​គ្នា ។
• ការ​វះកាត់​. ការ​វះកាត់​ដែល​មានការ​ទាក់ទង​ទៅ​នឹង​ដោះ (breasts) ឬ បំពង់​ប្រដាប់បន្តពូជ (genital tract) អាច​ជះ​ឥទ្ធិពល​ដល់​រូបរាង​កាយ​, តួនាទី និង ចំណង់​ក្នុង​ការ​រួម​ភេទ ។
• ការ​អស់កំលាំង​. ការ​អស់កំលាំង​បន្ទាប់​ពី​ការ​មើលថែ​រក្សា​ឪពុក​ម្តាយ​ចាស់ជរា ឬ កូន​តូច​ៗ​អាច​ធ្វើ​អោយ​ស្ត្រី​មិនសូវ​ចង់​រួម​ភេទ ។

ការ​ផ្លាស់​ប្តូរ​អ័រម៉ូន
ការ​ផ្លាស់​ប្តូរ​នៃ​កំរិត​របស់​អ័រម៉ូន​អាច​ធ្វើ​អោយ​មានការ​ផ្លាស់​ប្តូរ​ដល់​តម្រេក​តណ្ហា​របស់​មនុស្ស​ស្រី​ក្នុង​ការ​ចង់​រួម​ភេទ ៖
• ក្រោយ​អស់​រដូវ (menopause). អ័រម៉ូន estrogen ជួយ​រក្សា​សុខភាព​នៅ​តាម​ជាលិកា​នៃ​ប្រដាប់​ភេទ​នារី (vaginal tissues) និង ការ​ចាប់អារម្មណ៍​ទៅ​លើ​សិច ។ ប៉ុន្តែ​, កំរិត​អ័រម៉ូន estrogen ត្រូវ​បាន​ធ្លាក់​ចុះ ក្នុងអំឡុងពេល​ការ​ឆ្លង​ទៅ​រក​ភាព​អស់​រដូវ​របាស់​នារី (menopause)​។ ការ​ធ្លាក់​ចុះ​អ័រម៉ូន​នេះ​កាត់​បន្ថយ​ចំណាប់អារម្មណ៍​ទៅ​លើ​សិច និង ធ្វើ​អោយ​ជាលិកា​ប្រដាប់​ភេទ​របស់​នារី​មាន​លក្ខណៈ​ស្ងួត ដែល​បណ្តាល​អោយ​មានការ​ឈឺ​ចុកចាប់ ឬ មិនសូវ​សុខ​ស្រួល​នៅ​ពេល​រួម​ភេទ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​, ស្ត្រី​អាច​ធ្វើ​អោយ​មានការ​ធ្លាក់​ចុះ​នៃ​កំរិត​អ័រម៉ូន testosterone, ដែល​ជំរុញ​ចំណង់​ការ​រួម​ភេទ​របស់​ស្ត្រី ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​, ស្ត្រី​ជា​ច្រើន​បន្ត​ការ​ពេញចិត្ត​នឹង​ជីវិត​សិច​របស់​ពួក​គេ​អំឡុង​ពេល​អស់​រដូវ និង​ក្រោយ​ពី​នោះ , ស្ត្រី​មួយ​ចំនួន​ទៀត​មាន​អារម្មណ៍​ថា ហាក់ដូចជា​មាន​អ្វី​រារាំង​ដល់​តម្រេក​តណ្ហា​របស់​ពួក​គេ អំឡុង​ពេល​មានការ​ផ្លាស់​ប្តូរ​អ័រម៉ូន​នេះ ។
• ការ​មាន​ផ្ទៃពោះ និង ការ​បំបៅ​ដោះ​កូន​. ការ​ផ្លាស់​ប្តូរ​អ័រម៉ូន​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​, ទើបតែ​សំរាល​បុត្រ​រួច និង អំឡុង​ពេល​បំបៅ​ដោះ​កូន​អាច​កាត់​បន្ថយ ចំណង់​ក្នុង​ការ​រួម​ភេទ ។ ជា​ការ​ពិត​ណាស់​, អ័រម៉ូន​មិនមែន​ត្រឹមតែ​ជា​កត្តា​នៃ​ការ​ធ្វើ​អោយ​មាន​ភាព​ស្និ​ទ្ឋ​ស្នាល​អំឡុង​ពេល​នេះ​ទេ ។ ការ​អស់កំលាំង​, ការ​ផ្លាស់​ប្តូរ​រូបរាង​កាយ និង សម្ពាធ​ទៅ​លើ​ការ​ពរ​ពោះ​ក៏​ធ្វើ​អោយ​ស្ត្រី​មាន​បញ្ហា​នេះ​ផង​ដែរ ។

មូលហេតុ​ចិត្តសាស្ត្រ
បញ្ហា​របស់​អ្នក​មិន​គ្រាន់តែ​មក​ពី​បញ្ហា​សុខភាព​រាង​កាយ ឬ ជីវសាស្ត្រ​អោយ​ពិតប្រាកដ​នោះ​ទេ ។ មាន​មូលហេតុ​ចិត្តសាស្ត្រ​ជា​ច្រើន​ទៀត ដែល​បណ្តាល​អោយ​ចំណង់​ផ្លូវភេទ​របស់​ស្ត្រី​ចុះ​ខ្សោយ ដូច​ជា ៖
• បញ្ហា​សុខភាព​ផ្លូវចិត្ត ដូច​ជា ការ​ថប់​អារម្មណ៍ ឬ ការ​ធ្លាក់​ទឹកចិត្ត
• ស្ត្រេ​ស ដូច​ជា ការ​ស្ត្រេ​សនឹង​បញ្ហា​ថវិការ​ក្នុង​គ្រួសារ ឬ នៅ​កន្លែង​ការងារ​ជាដើម
• រូបរាង​របស់​ខ្លួនឯង​មិន​ស្អាត ឬ សង្ហារ
• គ្មាន​ទំនុកចិត្ត ឬ ការ​គោរព​លើ​ខ្លួនឯង
• ធ្លាប់​មាន​ប្រវត្តិ​ត្រូវ​គេ​រំលោភ​បំពាន​លើ​ផ្លូវ​កាយ ឬ ផ្លូវភេទ ។

បញ្ហា​ទំនាក់ទំនង​មានការ​រង្គោះរង្គើរ
សំរាប់​ស្ត្រី​ជា​ច្រើន​, ភាព​ស្និ​ទ្ឋ​ស្នាល​ផ្នែក​អារម្មណ៍​គឺជា​ការ​ចាប់ផ្តើម​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​អោយ​ជីវិត​សិច​មាន​ភាព​ស្និ​ទ្ឋ​ស្នាល និង ចង់​រួម​ភេទ ។ ដូច្នេះ​, ប្រសិនបើ​ទំនាក់ទំនង​ស្នេហា​រវាង​អ្នក និង ដៃគូ​របស់​អ្នកមាន​បញ្ហា​រង្គោះរង្គើរ​គឺជា​កត្តា​ចំបង​មួយ​ដែល​ធ្វើ​អោយ​អ្នក​មិនសូវ​ចង់​ធ្វើការ​រួម​ភេទ ។ ចំណង់​ផ្លូវភេទ​ចុះ​ខ្សោយ​អាច​

បណ្តាល​មក​ពី​បញ្ហា​ដែល​អ្នក​កំពុង​ជួប​ប្រទះ ដូច​ជា ៖
• ខ្វះ​ទំនាក់ទំនង ឬ ភាព​ស្និ​ទ្ឋ​ស្នាល​ជាមួយ​ដៃគូ​របស់​អ្នក
• ជំ​លោះ​ទាស់ទែង​គ្នា​មិន​ទាន់​បាន​ដោះស្រាយ​រួច​ស្រេច
• ការ​ប្រាស្រ័យ​ទាក់ទង​រឿង​ផ្លូវភេទ​មិនសូវ​ល្អ និង ហាក់ដូចជា​មិនសូវ​ត្រូវការ
• ដំណើរ​ផិតក្បត់ ឬ ការ​ទុកចិត្ត​លើ​គ្នា​ត្រូវ​បាន​ប្រេះស្រាំ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង