រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ច្បាស់ៗថា ក្នុងពិធីមង្គលការអនុញ្ញាតឱ្យមានអ្នកចូលរួមមិនលើសពី២០០នាក់ ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវានានា ដូចជា អ្នករត់តុ ចុងភៅ អ្នកសំអាង ឬអ្នកថតជាដើម ។

សម្តេចតេជោ ថ្លែងនាឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី លោកធ្លាប់បានថ្លែងម្ដងរួចហើយ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារអាយុ៥ឆ្នាំ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗទៅនេះ សម្ដេចបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ កូនក្មួយរៀបការធម្មតាចុះ មិនបានហាមឃាត់ទេ ប៉ុន្តែចំនួនមនុស្ស ត្រូវរៀបចំក្រោម៥០នាក់ និងធ្វើតាមវិធានការសុខាភិបាល និងរក្សាគម្លាតសុវត្ថិភាព ។

សូមបញ្ជាក់ថា សម្តេចតេជោ បានធ្វើការអំពាវនាវទៅដល់គូស្វាមី-ភរិយា និងអ្នកចូលរួមពិធីទាំងអស់ ត្រូវប្រាកដថា ខ្លួនបានចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ រួចរាល់ និងរៀបចំទៅតាមគន្លងសុវត្ថិភាព ចេះបង្ការទប់ស្កាត់ ដើម្បីការពារសុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរជៀសវាងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕
