ការស្វែងរកផលិតផលលាងសម្អាតស្បែកមុខបែបធម្មជាតិគ្មានផ្ទុកសារធាតុគីមីនៅតាមទីផ្សារនាពេលបច្ចុប្បន្ន គឺមិនមែនជារឿងងាយស្រួលឡើយ។ម្យ៉ាងវិញទៀតផលិតផលទាំងនោះច្រើនតែមានតម្លៃថ្លៃ! ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដែលមានប្រសិទ្ធភាពលាងសម្អាត និងថែរក្សាស្បែកមុខបានយ៉ាងប្រសើរ ៖

  • រូបមន្តសម្រាប់ស្បែកមុខធម្មតា និងស្បែកមុខស្ងួត

១. ទឹកឃ្មុំ និងស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុត ១គ្រាប់ធំ ជាមួយទឹកឃ្មុំធម្មជាតិ ១ស្លាបព្រាកាហ្វេ និងបន្ថែមល្បាយគ្រាប់អាល់ម៉ុនពី ៦ ទៅ​ ៧ គ្រាប់ដែលកិនរួចម៉ដ្ឋខាប់ៗចួល ហើយបន្ទាប់មកកូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ដើម្បីឱ្យស្ងួតល្អ សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

២. គ្រីមទឹកដោះគោ និងផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្ងោរផ្លែប៉ោម ១ផ្លែតូច បន្ទាប់មកសឹមប្រើសមកិនវាឱ្យក្លាយជាម៉ដ្ឋខាប់ៗ រួចបន្ថែមគ្រីមទឹកដោះគោ ១ស្លាបព្រាកាហ្វេ, ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់ ឬទឹកក្រូចច្របាច់ ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និង-ក។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

  • រូបមន្តសម្រាប់ស្បែកមុខខ្លាញ់ និងស្បែកមុខឡើងមុន

១. យ៉ាអួរ និងស្ត្របឺរី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនស្ត្របឺរីទុំចំនួន ២ផ្លែ ជាមួយយ៉ាអួរ ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលពី ៥ ទៅ ៧នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។

២. ទឹកដោះគោ និងទឹកឃ្មុំ

លាយទឹកឃ្មុំធម្មជាតិ ១ស្លាបព្រាកាហ្វេជាមួយទឹកដោះគោឆៅ ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបល្បាយលើស្បែកមុខដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣នាទី និងលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ រូបមន្តនេះក៏ល្អសម្រាប់ស្បែកឆាប់ប្រតិកម្មផងដែរ។

៣. ម្នាស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកផ្លែម្នាស់ស្រស់ ២ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រាកាហ្វេ និងបន្ថែមម្សៅ Baking soda ១ស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ រួចសឹមលាបម៉ាស្សាពេញលើស្បែកមុខ។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕