​ក្នុងនាម​ជា​ឪពុកម្តាយ មិនមែន​ចេះតែធ្វើ​អ្វី​លើ​កូន​ក៏បាន​នោះទេ​។ បើទោះជា​អ្នកជា​អ្នកបង្កើត​កូន​ក៏ដោយ អ្នក​ក៏ត្រូវ​ចេះ​គោរព និង​យល់​ពី​កូន​របស់​អ្នក​ដែរ​។​

​អាថ៌កំបាំង​ក្នុង​ចិត្ត​

​នៅពេលដែល​កូន​ធំ​សមល្មម​ដឹង​និយាយ​ស្ដាប់​គ្នា​បាន​ច្រើន​ហើយ ឪពុកម្តាយ​គប្បី​សាកល្បង​និយាយ​រឿង​អាថ៌កំបាំង​នៅក្នុង​ចិត្ត​ជាមួយ​កូន បាន​ញឹកញាប់​តាមរយៈ​ការនិយាយ​ឱ្យស្លាប់​ខ្លះ បញ្ចេញឱ្យឃើញ​តាម អារម្មណ៍​ខ្លះ ឬ​សូមឱ្យ​កូនៗ​ឧស្សាហ៍​បញ្ចេញ​ការយល់ឃើញ​របស់គេ​ចេញ មក​ខ្លះ​។

​ការធ្វើ​ដូចនេះ កូន​អាច​នឹង​ក្លាហាន​ហ៊ាន​បញ្ចេញ​នូវ​អាថ៌កំបាំង​ក្នុង ចិត្ត​របស់គេ​មក​ក្រៅ​ហើយ​ពេល​គេ​ធំ​ឈានចូល​វ័យ​ជំទង់​ប្រសិនបើ​មាន​ថ្ងៃមួយ​គេ​មិន​សប្បាយ​ចិត្តនឹង​រឿង​អ្វីមួយ គេ​នឹង​ក្លាហាន​ចូលមក​និយាយ ពិភាក្សា​នឹង​ឪពុកម្តាយ​ដោយ​ស្វ័យប្រវត្តិ​។​

​បោះរបស់លេង​កូនចោល​

​សូម្បីតែ​របស់​លេង​នោះ​ជា​របស់​ចាស់​និង​រហែក​ធ្លុះធ្លាយ​យ៉ាងណា ក៏ដោយចុះ ឪពុកម្តាយ​មិនត្រូវ​បោះ​វា​ចោល​ដោយ​មិនបាន​ប្រាប់​កូន​ជាមុន ឡើយ​។ របស់​លេង​ដូចជា​ស្រោមជើង ភួយ​ដណ្តប់ សៀវភៅសរសេរ​ដ រូបគំនូរ របស់​លេង​ផ្សេងៗ​ដែលជា​កម្មសិទ្ធិ​របស់​កូន មិន​ថា​កូន​អ្នកជា​កូន ក្មេង​ឬ​វ័យ​ជំទង់​ទេ យើង​ត្រូវ​និយាយប្រាប់​ដល់​កូន​ជាមុន​ជានិច្ច​បើទោះជា របស់​លេង​នោះ​សមគួរ​ដល់ពេល​ត្រូវ​បោះចោល​ហើយ​និង​ព្រោះ​ហេតុផល យ៉ាងនេះ​យ៉ាងនោះ​ជាដើម​។​

លួងលោម​ចិត្ត​

​ពេល​កូន​ធ្វើ​អ្វី​ខុស​ភ្លាត់ ឪពុកម្ដាយ​ត្រូវ​ចេះ​លួងលោម​ចិត្ត​កូន​ដើម្បី ឱ្យ​កូន​បាន​កម្ចាត់​បង់​នូវ​ក្តី​អស់សង្ឃឹម​ឱ្យ​វា​វិនាស​បាត់​ពី​ទ្រូង​និង​ដើម្បី​ចង្អុល បង្ហាញ​ឱ្យ​កូន​ឃើញថា វា​ជាការ​ធម្មតា​ទេ​ដែល​មនុស្ស​គ្រប់រូប​ធ្វើ​ខុស​។ គ្មាន អ្នកណាម្នាក់​ថា​មិនមាន​ការខុស​ភ្លាត់​នោះទេ មនុស្ស​ទាំងអស់​តែងតែ​ជួប​វា ជា​រឿង​ធម្មតា កុំ​និយាយ​ស្តីបន្ទោស​ជា​ដដែលៗ​ឱ្យសោះ ព្រោះថា​ធ្វើ​បែប នេះ​កូន​នឹងមិន​ហ៊ាន​សារភាព​កំហុស​ពេល​គេ​ធ្វើ​ខុស​នោះទេ និង​មិន​ហ៊ាន ប្រឈមមុខ​ជាមួយនឹង​សេចក្ដី​ពិត​នៃ​ជីវិត​ឡើយ​។ អ្នក​គួរតែ​លួងលោម​ចិត្ត កូន​និង​ណែនាំ​ផ្លូវ​ដែល​ល្អ​ជាង​មុន​ឱ្យ​កូន​យកទៅអនុវត្ត​និង​ឱ្យ​កូន​ព្យាយាម ធ្វើ​ល្អ​បន្តទៅទៀត​។​

​ឈ្មោះ​របស់​កូន​

​ឪពុកម្តាយ​ដ៏​សែន​ល្អ​ត្រូវតែ​ល្អិតល្អន់​ក្នុងការ​ដាក់ឈ្មោះ​ឱ្យ​កូន​ទាំង ឈ្មោះ​លេង​ទាំង​ឈ្មោះ​ពិត … គួរ​ដាក់ឈ្មោះ​ឱ្យបាន​ពីរោះ​និង​មាន​អត្ថន័យ ច្បាស់លាស់​ល្អ​។​

​ទោះបីជា​ឈ្មោះ​អាច​ប្តូរផ្លាស់​គ្នា​បាន​មែន ក៏ប៉ុន្តែ​តើ​អ្នកណា​ចង់ ផ្លាស់ប្តូរ​ឈ្មោះ​ដែល​ឪពុកម្តាយ​ដាក់ឱ្យ​តាំងពី​កំណើត​នោះ​?

​ឪពុកម្តាយ​មួយចំនួន​ដាក់ឈ្មោះ​ឱ្យ​កូន​ភ្លេច​គិតថា កូន​អាច​នឹង ខ្មាសអៀន​ឬ​ត្រូវគេ​បង្អាប់​។ ចូរ​កុំ​ដាក់ឈ្មោះ​ដែល​បញ្ជាក់​ពី​ចំណុចខ្សោយ​របស់​កូន គួរ​ស្វែងរក​ឈ្មោះ​ដែល​រីករាយ និង​ពីរោះ​ឱ្យដល់​កូន​របស់​អ្នក​ទើប​ជាការ​ល្អ​បំផុត​។​

​មិត្តភក្តិ​របស់​កូន​

​ទោះបីជា​កូន​នៅ​ក្មេង ប៉ុន្តែ​ប្រសិនបើ​មិត្តភក្តិ​របស់​កូន​មកលេង​ផ្ទះ ឪពុកម្តាយ​គួរ​រក​នំ​និង​ភេសជ្ជៈ​មក​ទទួល​ជប់លៀង​ពួកគេ​។​

​អ្នក​គួរ​បដិបត្តិ​បែបនេះ​រហូតដល់​កូន​ធំ ក្លាយជា​មនុស្ស​ចេះ​គិតគូរ បានល្អ កូន​នឹង​សប្បាយរីករាយ​ក្នុង​ចិត្ត​ដែល​ឪពុកម្តាយ​របស់ខ្លួន​ឱ្យ​តម្លៃ ចំពោះ​គេ​ដូច្នេះ​។ តទៅ​កូន​ក៏​នឹង​ក្លាយជា​ក្មេង​ដែលមាន​និស្ស័យ​ល្អ​និង​ចេះ ផ្ដល់​កិត្តិយស​ដល់​អ្នកដទៃ​ផងដែរ​។​

​ថ្ងៃកំណើត​

​អ្នក​ប្រហែល​ធ្លាប់​បានឮ​មិត្តភក្តិ​មួយចំនួន​និយាយថា គាត់​អត់​ដឹង ពីថ្ងៃ​កំណើត​របស់ខ្លួន ព្រោះ​កាលពី​នៅ​ក្មេងៗ​ឪពុកម្តាយ​មិនបាន​រៀបចំ បុណ្យខួបកំណើត​ឱ្យ រឿង​បែបនេះ​ស្តាប់​មើលទៅ​ល្អ​ដែរ ព្រោះ​ឪពុកម្តាយ របស់គេ​បង្រៀន​មិនឱ្យ​ខ្ជះខ្ជាយ​លុយកាក់​ក្នុងការ​រៀបចំ​ពិធីជប់លៀង​ថ្ងៃ កំណើត ប៉ុន្តែ​បើ​និយាយ​តាម​ការជាក់ស្តែង​ទៅ​រឿង​បែបនេះ​ហៅថា​ជា​រឿង គួរឱ្យ​សោកសៅ​ច្រើនជាង​។​

​ការរៀបចំ​ធ្វើបុណ្យ​ខួបកំណើត​ឱ្យ​កូន វា​មិនមែនជា​រឿង​ខ្ជះខ្ជាយ នោះទេ​ប្រសិនបើ​អ្នកចេះ​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ ដូចជា បង្រៀន​កូន​ឱ្យ​ចេះ ទៅ​វត្ត ទៅ​លែង​សត្វ លែង​ត្រី ធ្វើបុណ្យ​រាប់បាត្រ បបួល​ពួកម៉ាក​ស្និទ្ធៗ​ពីរ បីនាក់​មកលេង​ផ្ទះ ធ្វើ​ម្ហូប​ទទួលទាន​រួមគ្នា ជប់លៀង​ភេសជ្ជៈ​ឬ​នំ​ដល់​ពួក ម៉ាក​របស់​កូន​និង​ឈរ​មើល​ពេល​កូន​អធិដ្ឋាន​ផ្លុំ​ទៀន​ខួបកំណើត​ពន្លត់​។​

​ដឹង​ទេ​ថា​! នាទី​នោះ​ជា​ពេលវេលា​ដ៏​មាន​សេចក្តីសុខ​និង​ជា​ការចង ចាំ​ដ៏​ស្រស់ស្អាត​ក្នុង​ចិត្ត​វិញ្ញាណ​របស់​ក្មេង​។ នេះ​គឺជា​ផ្នែក​ល្អ​មួយ​ដែល​ធ្វើ ឱ្យ​ក្មេង​ចេះ​ពេញចិត្ត​ក្នុង​ជីវិត​របស់ខ្លួន ចេះ​សប្បាយ​ជាមួយនឹង​ជីវិត​របស់ ខ្លួន និង​មាន​ភាពកក់ក្តៅ​នៅក្នុង​ការរស់នៅ​ជាមួយ​សង្គម​។ អ្នក​ក៏​គួរ​គប្បី បង្រៀន​កូន​ឱ្យ​ចេះ​កំណត់​គោលដៅ​នៅក្នុង​ថ្ងៃ​ខួបកំណើត ហើយ​ជំរុញ​ឱ្យ គេ​ធ្វើ​វា​ឱ្យបាន​សម្រេច​បរិបូណ៌​ស្រប​នឹង​ពេលធ្វើ​ខួបកំណើត​របស់ខ្លួន បើ ដូច្នេះ​ខួបកំណើត​នោះ​នឹងមាន​អត្ថន័យ​យ៉ាង​មហស្ចារ្យ​។​

​ចាញ់​-​ឈ្នះ​

​ពេល​ឪពុកម្តាយ​លេង​ហ្គេម​ផ្សេងៗ​ជាមួយនឹង​កូន គួរ​បណ្ដោយឱ្យ កូន​ចាញ់​ខ្លះ​ឈ្នះ​ខ្លះ​ដើម្បី​ធ្វើឱ្យ​កូន​សប្បាយចិត្ត​ជាមួយនឹង​ជ័យជម្នះ​ផង​និង ចេះ​ទទួលស្គាល់​ពេល​ចាញ់​ផង បើ​មិន​ដូច្នោះ​ទេ​អាច​នឹងធ្វើ​ឱ្យ​កូន​ពិបាក នឹង​ទទួលយក​បរាជ័យ​ណាស់​នៅពេល​ក្រោយ​។ កាល​លេង​ជាមួយ​កូន​គួរ សាកល្បង​គិត​រក​ហ្គេម​ថ្មីៗ​មកលេង​ដើម្បី​បន្ថែម​ភាពសប្បាយ​រីករាយ​ដែល មាន​ស្រាប់​និង​អភិវឌ្ឍ​គំនិត​ឱ្យ​ល្អ​ប្រសើរឡើង​មួយកម្រិត​ទៀត​។​

របស់​ផ្ទាល់ខ្លួន​

​គប្បី​គោរព​របស់របរ​ផ្ទាល់ខ្លួន​របស់​កូន លួច​រុះរើ​របស់​ផ្ទាល់ខ្លួន របស់​កូន​ដោយ​មិន​បានទទួល​ការអនុញ្ញាត​ពី​គេ​។​

​សៀវភៅសរសេរ​ដៃ​របស់​កូន​ថតតុ​ដែល​កូន​ចាក់សោ​ទុក​ត្រូវសុំ ការអនុញ្ញាត​មុន​ជានិច្ច​។ ក្មេង​នឹងមាន​អារម្មណ៍​ពេញចិត្ត​ពេល​គេ​មាន​ពំ ដែន​ផ្ទាល់ខ្លួន​ខ្លះ​និង​មាន​គេ​ចេះ​ស្គាល់​ឬ​គោរព​ព្រំដែន​ផ្ទាល់ខ្លួន​របស់គេ​។​

​កិច្ច​ប្រតិបត្តិ​

​គប្បី​ឱ្យ​កូនៗ​សរសេរ​រាយ​ឈ្មោះ​នូវ​កិច្ចការ​ផ្សេងៗ​ដែល​ខ្លួនគេ​ចង់ ធ្វើ​រួមជាមួយ​ឪពុកម្ដាយ​ដូចជា​ចង់ទៅ​ទស្សនា​នៅ​មាត់សមុទ្រ​ឬ​ចង់ឱ្យ​ឪពុក មួយ​លេង​តេស្ត​ត៍​ជាមួយ​គេ​ជាដើម​។​

​ចូរ​រក្សា​ឯកសារ​រឿង​ដែល​កូន​ចង់​ធ្វើ​ទាំងនោះ​ទុកឱ្យ​ល្អ ហើយ​រក ឱកាស​ធ្វើតាម​ឯកសារ​ទាំងនោះ​ឱ្យក្លាយ​ជាការ​ពិត​។ បើ​មិនបាន​ទាំងអស់ យ៉ាងហោចណាស់​ក៏​ធ្វើឱ្យបាន​មួយ​ក្នុងចំណោម​ឯកសារ​រឿង​ទាំងអស់នោះ​។​

​ទូរ​សព្ទ​

​នៅពេល​អ្នក​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទី​ឆ្ងាយ ចាំបាច់​ត្រូវ​ទូរស័ព្ទមកនិយាយ ជាមួយ​កូន​ប្រសិន​កូន​ធំ​ល្មម​និយាយ​ជាមួយនឹង​គ្នា​បាន​។ មួយវិញទៀត​ត្រូវ តែ​ត្រលប់​មកកាន់​ផ្ទះ​ឱ្យ​ត្រូវ​ទៅតាម​ពេលវេលា​ដែល​បាន​ប្រាប់​កូន​ទុក​នោះ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង