ទារក​របស់ខ្ញុំ​ហាក់ដូចជា​ចេះ​តែ​រសេះរសោះ មើលទៅ​ឃើញ​ថា​មិន​ស្រួលខ្លួន គឺ​ដូច​ជា​ឈឺពោះ​។ ធ្វើ​ដូច​ម្តេច​ទើប​ខ្ញុំ​អាច​ដឹង​បាន​ថា​មាន​អ្វី​កើតឡើង?
វា​ដូច​ជា​ពិបាក​ណាស់​នឹង​កំណត់​ថា​តើ​ទារក​ឈឺពោះ​ឬ​យ៉ាងណា ក៏​ប៉ុន្តែ​ការ​រសេះរសោះ​ខ្លាំង​ហួសពេក​គឺជា​សញ្ញា​មួយ​។ សូម​យកចិត្តទុកដាក់​ពិនិត្យ​មើល​ថា​តើ​ទារក​របស់​អ្នក​មិន​ស្រួលខ្លួន​នៅ​ពេល​ណា (​តើ​បន្ទាប់​ពី​បញ្ចុក​ចំណីអាហារ​បាន​បន្តិច​ឬ?) ក៏​ដូច​ជា​ពិនិត្យ​រក​មើល​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត ដូច​ជា​គ្រុន ក្អួត ឬ​រាគ​រូស​។ សូម​ប្រើប្រាស់​ព័ត៌មាន​ខាង​ក្រាម​នេះ​ជា​ជំនួយ – ហើយ​បើសិនជា​ចាំបាច់ – វេជ្ជបណ្ឌិត​អាច​នឹង​កំណត់​ថា​តើ​មាន​អ្វី​កើតឡើង​បាន​។

តើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ពោះ​របស់​ទារក​មាន​បញ្ហា?
បណ្តា​លក្ខ​ណ្ឌ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​រួម​ដែល​តែងតែ​ធ្វើ​ឲ្យ​ទារក​ឈឺពោះ​។ វា​អាច​មាន​មូលហេតុ​ជា​ច្រើន​ទៀត គ្រាន់តែ​ថា​នោះ​មិនមែន​ជា​មូលហេតុ​រួម​ទេ​។
បើសិនជា​ទារក​របស់​អ្នក​ស្រាប់តែ​ចាប់ឈឺ ហើយ​អ្នក​គិត​ថា​កូន​មាន​ឈឺ​នៅ​ក្នុង​ពោះ សូម​ទូរស័ព្ទ​ទៅ​សាកសួរ​គ្រូពេទ្យ ដើម្បី​ជៀសវាង​ការ​ធ្វើ​ខុស​។
១ ការ​ចុកពោះ (colic):​ការ​ចុកពោះ​គឺជា​ពាក្យ​ដែល​គេ​តែងតែ​យក​មក​ប្រើ​ពន្យល់​ការ​ដែល​ទារក​ឈឺពោះ ឬ​មាន​រោគ​សញ្ញា​ឈឺ​ចុកចាប់​ផ្សេង​ៗ​ទៀត​។ តើ​ការ​ចុកពោះ​នោះ​ជា​អ្វី​ពិតប្រាកដ​ទៅ? នោះ​គឺជា​ពាក្យ​ដែល​គេ​ប្រើ​អធិប្បាយ​ការ​ដែល​ទារក​ចេះ​តែ​យំ​ជាប់ មិន​អាច​គ្រប់គ្រង​បាន ទោះជា​ទារក​នោះ​មាន​សុខភាព​ល្អ​ក្តី​។ បើសិនជា​ទារក​របស់​អ្នកមាន​អាយុ​ក្រោម​៥​ខែ ហើយ​ចេះ​តែ​យំ​យ៉ាង​ខ្លាំង​លើស​ពី​៣​ម៉ោង​ក្នុង​១​ថ្ងៃ លើស​ពី​៣​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ និង​ជាប់​យ៉ាងតិច​៣​ស​ប្តា​ហ៍ ហើយ​មិន​មានការ​ពន្យល់​ខាង​វេជ្ជសាស្ត្រ​ណាមួយ​ទេ​ចំពោះ​ទុក្ខ​អាសន្ន​នោះ គេ​អាច​និយាយ​បាន​ថា​កូន​របស់​អ្នកមាន​ចុកពោះ​ហើយ​។

ទារក​ប្រមាណ​ជា​២០​ភាគរយ​សុទ្ធតែ​ធ្លាប់​ចុកពោះ​។ ទារក​ខ្លះ​មាន​រោគ​សញ្ញា ចុកពោះ ២៤​ម៉ោង​ក្នុង​១​ថ្ងៃ ៧​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ ខ្លះ​ទៀត​យំ​នៅ​ម៉ោង​ដដែល​ៗ​ជា​រៀងរាល់ថ្ងៃ ជា​រឿយ​ៗ គឺ​នៅ​ក្នុង​ពេល​រសៀល​ឬ​ពេល​ព្រលប់​។ ការ​ចុកពោះ​នេះ​មិនមែន​ជា​ជម្ងឺ​មួយ​ទេ ហើយ​វា​ក៏​មិន​បង្ក អន្តរាយ​អ្វី​យូរអង្វែង​ដល់​ទារក​របស់​អ្នក​ដែរ​។ ក៏​ប៉ុន្តែ​វា​ក៏​មិនមែន​ជា​រឿង​លេង សើច​ចំពោះ​រូប អ្នក ឬ​កូន​ដែរ​។

បើ​ទារក​របស់​អ្នកមាន​ចុកពោះ អ្នក​អាច​សង្កេត​ឃើញ​ថា​ពោះ​របស់​វា​ដូច​ជា​ឡើង​ធំ​បន្តិច​។ វា​អាច​ទធាក់ជើង ធ្វើ​ឲ្យ​លេច​ផោម​នៅ​ពេល​ដែល​វា​ស្រែកយំ​។ តាម​ពិត​ទៅ កាលណា​វា​យំ វា លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​កាន់តែ​ឈឺ​ខ្លាំង​ឡើង​។
ជា​អកុសល គ្មាន​អ្វី​សម្រាប់​ព្យាបាល​ការ​ចុកពោះ​ទេ​។ បើ​ទោះជា​យ៉ាងណា​ក្តី មាតាបិតា​និង គ្រូពេទ្យ​មានការ​ណែនាំ​ជា​ច្រើន​ដើម្បី​សាកល្បង​បន្ធូរបន្ថយ​ទឹកភ្នែក​និង​ការ​ឈឺចាប់​។ ព័ត៌មាន​ដែល ល្អ​គឺ​ទារក​ភាគច្រើន​អាច​បាន​ធូរស្រាល​ច្រើន​មក​វិញ​ក្នុង​ចន្លោះ​ពី​៣​ទៅ​៤​ខែ ហើយ​ឈប់​មាន​ចុកពោះ តទៅ​ទៀត​ហើយ កាលណា​វា​មាន​អាយុ​លើស​ពី​៥​ខែ​ទៅ​។

២ ដំណើរការ​ច្រាល់​ត្រលប់​វិញ​ក្នុង​ក្រពះ​-​បំពង់ក​(gastroesophageal reflux)
ទារក​ភាគច្រើន​ៗ​តែ​ក្អែរ​បន្តិច​បន្ទាប់​ពី​បៅ​រួច ឬ​ជួនកាល​ក្អួត​តែ​ម្តង​។ បើសិនជា​ទារក​របស់​អ្នក​ក្អែរ​ញឹកញាប់ គេ​និយាយ​ថា​វា​មានដំណើរ​ច្រាល់​ពី​ក្រពះ​មក​បំពង់ក​ហើយ​។ ទារក​ណា​ដែល​មានដំណើរ​ត្រលប់​នេះ ក្អែរ​កាន់តែ​ច្រើន​ឡើង​ៗ ក្នុង​១​ឆ្នាំ​ដំបូង​។
ក៏​ប៉ុន្តែ​បើសិនជា​ទារក​របស់​អ្នកមាន​រោគ​សញ្ញា​ផ្សេង​ទៀត​ជាមួយនឹង​ការ​ក្អែរ​ឬ​ក្អួត ដូច​ជា​មាន​សញ្ញា​ឈឺពោះ (​ចំកោង​ខ្នង លើកជើង​) ឬ​ក្អក ឬ​ឈ្លក់​ពេល​បៅ នោះ​គេ​អាច​នឹង​មានការ​ច្រាល់​ពី​ក្រពះ​មក​បំពង់ក​នេះ​ហើយ ដែល​គេ​សរសេរ​កាត់​ថា GERD (gastroesophageal reflux disease)​។

ចំពោះ​ទារក​ណា​ដែល​មាន GERD ចំណីអាហារ​និង​ទឹក​រំលាយ​អាហារ​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​បំពង់ក ធ្វើ​ឲ្យ​រមាស់​ដល់​ស្បែក​បំពង់ក​។ វេទនារម្មណ៍​ឈឺចាប់​នេះ​វា​ដូច​គ្នា​ទៅ​នឹង​ការ​ឆ្អល់ចុងដង្ហើម (heartburn) ចំពោះ​មនុស្ស​ចាស់​។ GERD អាច​ធ្វើ​ឲ្យ​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់ និង​បញ្ហា​ផ្សេង​ៗ​ទៀត ដូច​ជា​ការ​ខ្សោះ​ជាតិ​ទឹកជា​ដើម​។ ដូច្នេះ​អ្នក​គួរ​យក​ទារក​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ កាលណា​អ្នក​សង្ស័យ​ថា​កូន​មាន​ជម្ងឺ​នេះ​។ គ្រូពេទ្យ​ជា​ច្រើន​អាច​ធ្វើ​រោគវិនិច្ឆ័យ GERD ងាយស្រួល​ជាង​ជម្ងឺ​ឈឺពោះ​ឯទៀត​ៗ ព្រោះ​ទារក​ដែល​មាន​ជម្ងឺ​នេះ​បញ្ចេញ​សកម្មភាព​ដូច​ៗ​គ្នា​: ទារក​ឃ្លាន ខ្លាំង​ណាស់ ម្ល៉ោះហើយ​ប្រតោង​ដោះ​ឬ​ដប​ទឹកដោះ​ជាប់ រួច​បឺត​យ៉ាង​ខ្លាំង​ចំនួន​១៥​ទៅ​២០​នាទី​។ បន្ទាប់​មក​វា​ចាប់​ចំកោង​ខ្នង ទធាក់​ខ្លួន​ចេញ​រួច​ចាប់​យំ​។ ទារក​ទធាក់​ខ្លួន​ចេញ ហើយ​យំ នៅ​ពេល ដែល​ដំណើរការ​ច្រាល់​(reflux)​ចាប់ផ្តើម​ឡើង​។

បើ​គ្រូពេទ្យ​សង្ស័យ​ថា​ទារក​របស់​អ្នកមាន GERD គាត់​នឹង​ធ្វើតេស្ត​មួយ​ចំនួន រួច​ឲ្យ​ឱសថ​មួយ​ក្នុង​ចំណោម​ឱសថ​ឯទៀត បន្ថែម​ពីលើ​យុទ្ធសាស្ត្រ​បំបៅ​កូន​មួយ​ចំនួន ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុកចាប់​បាន​។

៣ ជម្ងឺ​រលាក​ក្រពះ​-​ពោះវៀន (gastroenteritis) ឬ​ហៅ​ថា “​គ្រុន​ក្រពះ​” (stomach flu)
តើ​ទារក​របស់​អ្នកមាន​ក្អួត ឬ​រាគ​ដែរ​ឬទេ? បើ​មាន​ដូច្នេះ​មែន គេ​អាច​មាន​ជម្ងឺ​រលាក​ក្រពះ​-​ពោះវៀន​ហើយ ដែល​គេ​ច្រើន​តែ​ហៅ​ថា “​គ្រុន​ក្រពះ​”​។ គឺជា​ជម្ងឺ​ដែល​មាន​ច្រើន​ជាងគេ​ទី​២​នៅ​ក្នុង​សហរដ្ឋអាមេរិក បន្ទាប់​ពី​ជម្ងឺ​រលាក​បំពង់​ដង្ហើម​ខាងលើ​។
គ្រូពេទ្យ​ប្រើ​ពាក្យ​រលាក​ក្រពះ​-​ពោះវៀន​ចំពោះ​រាល់​ការ​រលាក​ក្រពះ​-​រលាក​ពោះវៀន បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​វីរុស​ឬ​បាក់តេរី​។ វីរុស​ជា​មេរោគ​ច្រើន​ជាងគេ មាន​ដូច​ជា rotavirus, adenovirus, calicivirus និង astrovirus ជាដើម​។

ជម្ងឺ​រលាក​ក្រពះ​-​ពោះវៀន​ក៏​អាច​ត្រូវ​បាន​បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​បាក់តេរី​បាន​ដែរ ដូច​ជា salmonella, shigella, staphylococcus, campylobacter ឬ E.coli ជាដើម​។ ហើយ​ក៏​មាន​ជម្ងឺ​រលាក ក្រពះ​-​ពោះវៀន​ដែល​បណ្តាល​មក​ពី​ប៉ា​រា​ស៊ី​ត​ផង​ដែរ ដូច​ជា giardia ជាដើម​។ ទារក​អាច​មាន​រោគ​សញ្ញា​ស្រាល​ឬ​ធ្ងន់ធ្ងរ អស់​ពេល​ពីរ​បី​ម៉ោង ឬ​ច្រើន​ថ្ងៃ អាស្រ័យ​ទៅ​តាម​មូលហេតុ​។
ដោយ​ជម្ងឺ​រលាក​ក្រពះ​និង​ពោះវៀន​ភាគច្រើន​ត្រូវ​បាន​បង្ក​ឡើង​ដោយ​វីរុស អ្នក​មិន​អាច​ប្រើ​អង់​ទី​ប៊ី​យ៉ូ​ទិច​ព្យាបាល​វា​បាន​ទេ​។ និយាយ​ដូច្នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​អង្គុយ​ចុះ រង់ចាំ​ឲ្យ​ការ​ឈឺចាប់​បាត់​ទៅ​វិញ​នោះ​ទេ​។ ព្រោះថា​បើសិនជា​វា​ធ្វើ​ឲ្យ​ទារក​ក្អួត​ឬ​រាគ ជាមួយនឹង​គ្រុន​ហើយ​មិន​ចង់​បរិភោគ​ចំណី​ផង​នោះ នោះ​វា​នឹង​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ឆាប់រហ័ស​។

ដូច្នេះ​សំខាន់​គឺ​ត្រូវ​ផ្តល់​ជាតិ​ទឹក​ឲ្យ​ទារក​ឲ្យ​បាន​គ្រប់គ្រាន់ (​ទឹកដោះ​តាម​រូបមន្ត​ផ្សេង​ៗ ឬ​ទឹកដោះ​ម្តាយ​) នៅ​ក្នុង​ពេល​ដែល​គេ​ប្រយុទ្ធ​តទល់​នឹង​ជម្ងឺ​។ សូម​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​របស់​ទារក​។ គាត់​អាច​ផ្តល់​យោបល់​ឲ្យ​បន្តក់​សូលុយស្យុង​អេ​ឡិ​ក​ត្រូ​លី​ត​ណាមួយ​ដែល​មាន​លក់​នៅ​តាម​ឱសថស្ថាន ដើម្បី​ជំនួស​ទឹក រ៉ែ និង​អំបិល​ដែល​ទារក​បាន​បាត់បង់​ទៅ ជា​ពិសេស​កាលណា​គេ​មិន​អាច​បៅ​បាន​។
សូម​ពិនិត្យ​រក​មើល​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក ហើយ​សូម​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​កាលណា​អ្នក​គិត​ថា​ទារក​បាន​ខ្សោះ​ជាតិ​ទឹក​។ ហើយ​បើសិនជា​ទារក​បាន​ខ្សោះ​ជាតិ​ទឹក​ខ្លាំង សូម​នាំ​កូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​ភ្លាម​។
តាម​ដែល​អាច​ធ្វើ​ទៅ​បាន អ្នក​អាច​ចង់​ឲ្យ​កូន​បែរមក​រក​របប​ហូប​ចុក​ធម្មតា​ឡើង​វិញ (​រួម​ទាំង​ចំណី​រឹង​ផង​ដែរ​បើសិនជា​គេ​បាន​ចាប់​ញ៉ាំ​ហើយ​) ប៉ុន្តែ​សូមកុំ​ឲ្យ​ចំណី​មាន​ជាតិ​ខ្លាញ់​ឲ្យ​សោះ​។
ដើម្បី​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ការ​ព្យាបាល សូម​អាន​:

  • ការ​រាគ
  • ការ​ក្អួត
  • ការ​ខ្សោះ​ជាតិ​ទឹក​។
    ៤ ប្រតិកម្ម​ចំពោះ​ទឹកដោះ (milk allergy) ឬ​ការ​មិន​ទទួល​ឡាក់​តូ​ស (lactose intolerance)
    ទារក​របស់​អ្នកមាន​ប្រតិកម្មរ (allergy) ចំពោះ​ទឹកដោះ​កាលណា​ប្រព័ន្ធ​អ៊ី​មុ​យ​នី​តេ​(immunity) ឬ​ប្រ​ព័​ន្ឋ​ភាពស៊ាំ របស់​វា​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ប្រូតេអ៊ីន​ដែល​មាននៅ​ក្នុង​ទឹកដោះ​នោះ​។ ប្រតិកម្ម​ចំពោះ​ទឹកដោះ​ច្រើន​កើត​មាន​ចំពោះ​ទារក​និង​កុមារ​។
    ការ​មិន​ទទួល​ឡាក់​តូ​ស – ដែល​មាន​ន័យ​ថា​រាង​កាយ​របស់​ទារក​មិន​បាន​ផលិត​អង់​ហ្ស៊ី​ម​ចាំបាច់​សម្រាប់​រំលាយ​ឡាក់​តូ​ស ដែល​ជា​ជាតិ​ស្ករ​ទី​១​នៅ​ក្នុង​ទឹកដោះ – មិនសូវ​កើត​មាន​លើ​ទារក​ទេ​។ វា​ច្រើន​តែ​កើត​មាននៅ​ពេល​ក្រោយ ក្នុង​កុមារភាព​ឬ​នៅ​ក្នុង​វ័យ​ជំទង់​។
    ពិត​ណាស់​ថា​លោក​អ្នក​មិន​ត្រូវ​ឲ្យ​កូន​បៅ​ទឹកដោះគោ​ទេ កាលណា​គេ​មាន​អាយុ​មិន​ទាន់​គ្រប់​១​ខួប​។ ក៏​ប៉ុន្តែ​បើសិនជា​ទារក​មាន​ប្រតិកម្មរ ហើយ​លោក​អ្នក​ឲ្យ​គេ​បៅ​រូបមន្ត​ទឹកដោះ​ណាមួយ នោះ​ទារក​អាច​នឹង​មាន​ប្រតិកម្ម​ជា​មិន​ខាន​ទេ​។ សូ​ម្បី​តែ​អ្នក​ឲ្យ​កូន​បៅដោះ​ក៏​ដោយ ប៉ុន្តែ​បើសិនជា​អ្នក
    ទទួលទាន​ផលិតផល​ទឹកដោះគោ នោះ​ក៏​ធ្វើ​ឲ្យ​ទារក​មាន​ប្រតិកម្មរ​បាន​ដែរ​។
    រោគ​សញ្ញា​នៃ​ប្រតិកម្មរ​ចំពោះ​ទឹកដោះ និង​ការ​មិន​ទទួល​ឡាក់​តូ​ស​រួម​មានការ​ក្អួត រាគ​រូស និង​ឈឺពោះ​។ ក្នុង​ករណី​មាន​ប្រតិកម្មរ​ខ្លាំង​ចំពោះ​ទឹកដោះ ទារក​អាច​ជួបនឹង​ប្រតិកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​បាន ដែល​គេ​ហៅ​ថា​សុក​អាណា​ហ្វ៊ី​ឡាក់​ទិច (anaphylactic shock)​។
    ដើម្បី​ឲ្យ​ប្រាកដ​អំពី​បញ្ហា គ្រូពេទ្យ​អាច​សំណូមពរ​ឲ្យ​អ្នក​កាត់​ផ្តាច់​ផលិតផល​ទឹកដោះ​ពី​របប​ហូប​ចុក​របស់​ទារក​ចំនួន​ពីរ​ឬ​បី​ថ្ងៃ​សិន រួច​សឹម​ដាក់​បញ្ចូល​មក​វិញ​បន្តិច​ម្តង​ៗ​។ បើ​កូន​បៅដោះ​របស់​អ្នក អ្នក​អាច​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ឈប់​បរិភោគ​ផលិតផល​ទឹកដោះ​ខ្លួនឯង ព្រោះ​ប្រូតេអ៊ីន​ដែល​ធ្វើ​ឲ្យ​ប្រតិកម្ម​អាច​ឆ្លងកាត់​ដោះ​អ្នក​ចូល​ទៅ​ក្នុង​ទឹកដោះ​ដែល​កូន​បៅ​បាន​។ បើសិនជា​ការ​ផ្លាស់​ប្តូរ​របប​ហូប​ចុក​បាន​ធ្វើ​ឲ្យ​ទារក​មានការ​ធូរស្រាល អ្នក​ត្រូវ​តែ​ឈប់​បរិភោគ​ផលិតផល​ទឹកដោះ ឬ​កាត់​បន្ថយ​សិន រហូត​ទាល់តែ​ដល់​ពេល​ផ្តាច់ដោះ​កូន​។
    បើសិនជា​អ្នក​ឲ្យ​កូន​បៅ​រូបមន្ត​ទឹកដោះ​ណាមួយ អ្នក​ត្រូវ​ប្តូរ​ម៉ា​ករក​រូបមន្ត​ថ្មី​ណាមួយ រហូត​ទាល់តែ​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​ទារក​របស់​អ្នក​។ អ្នក​អាច​ធ្លាប់​បានឮ​គេ​និយាយ​ថា​ទឹក​សណ្តែក​គឺជា​ដំណោះស្រាយ ក៏​ប៉ុន្តែ​៥​ទៅ​១០​ភាគរយ​នៃ​កុមារ​ដែល​មាន​ប្រតិកម្ម​ចំពោះ​ទឹកដោះគោ​អាច​មាន​ប្រតិកម្ម​ចំពោះ​ទឹក​សណ្តែក​ដែរ​។
    ៥ ការ​ទល់លាមក និង​ការ​ផ្លាស់​ប្តូរ​របប​ហូប​ចុក
    ទារក​ភាគច្រើន​ចាប់​ទទួលទាន​អាហារ​រឹង​នៅ​ចន្លោះ​ពី​៤​ដល់​៦​ខែ​។ រយ​:​ពេល​នោះ​គឺជា​ពេល​ចំបង​ដែល ទារក​មានការ​ឈឺក្រពះ​ដោយសារ​ចំណីអាហារ​។ ឧទាហរណ៍​ដូច​ជា​សណ្តែកបារាំង (peas) ធ្វើ​ឲ្យ​ទារក មាន​ផោម​ច្រើន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​ដែល​គេ​ចាប់​បរិភោគ​វា ក៏​ប៉ុន្តែ​នោះ​គឺ​មួយ​រយ​:​កាល​តែ​ប៉ុណ្ណោះ​។
    បញ្ហា​ក្រពះ​ដែល​ច្រើន​កើត​មាន​ចំពោះ​ទារក​ដែល​ចាប់ផ្តើម​បរិភោគ​ចំណីអាហារ​រឹង គឺ​ការ​ទល់ លាមក​។ ការ​ទល់លាមក​ត្រូវ​បាន​គេ​ឲ្យ​និយម​ន័យ​ថា គឺជា​ការ​ដែល​ទារក​មិន​បន្ទោ​របង់​លាមក​(bowel movement) ចំនួន​ពីរ​ឬ​បី​ថ្ងៃ បន្ទាប់​មក​បន្ទោ​របង់​លាមក​មក​រឹង​។ បើសិន​នេះ​គឺជា​ករណី​របស់​ទារក​លោក​អ្នក សូម​ឧស្សាហ៍​ដាក់​កូន​ឲ្យ​អង្គុយ​ឲ្យ​បាន​ជាប់ (​លើ​កន្ថោរ​) ។ ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ ប្រព័ន្ធ​រំលាយ​អាហារ​របស់​វា​នឹង​ដំណើរការ​តម្រូវ​ទៅ​តាម​របប​ហូប​ចុក​ហើយ​ៗ​វា​ក៏​នឹង​ចាប់​មាន​ចលនា​ពោះវៀន​ទៀងទាត់​ឡើង​វិញ​ជា​មិន​ខាន​ទេ​។
    បើ​ទារក​ចាប់​បរិភោគ​ចំណី​រឹង អ្នក​អាច​ជួយ​បាន​ដោយ​ផ្តល់​ឲ្យ​នូវ​ចំណី​ណា​ដែល​ធ្វើ​ឲ្យ​លាមក​ទន់ជ្រាយ ដូច​ជា​សណ្តែកបារាំង​និង​ល្ហុង​ទុំ លាយឡំ​ជាមួយនឹង​ចំណី​ដែល​ធ្វើ​ឲ្យ​លាមក​រឹង (​ដូច​ជា​ចេក ប៉ោម និង​ទឹក​ប៉ោម ការ៉ុត និង​បាយ​។ ការ​ឲ្យ​កូន​ផឹកទឹក​ឲ្យ​ច្រើន​ក៏​អាច​ជួយ​បាន​ដែរ​។
    បន្ថែម​ពីលើ​នោះ ការ​ហាត់ប្រាណ​ក៏​ជួយ​ដល់​ការ​ធ្វើ​ចលនា​របស់​ពោះវៀន​ផង​ដែរ​។ សូម​សាកល្បង​ដាក់​ទារក​ផ្តេក​លើ​ខ្នង រួច​ចាប់ជើង​វា​ឲ្យ​ធ្វើ​ចលនា​ដូច​ជា​ធាក់​កង់​។
    ៦ ការ​ស្ទះ​ពោះវៀន Intestinal blockage
    សូមកុំ​បង្អង់​រង់ចាំ​មើល​អ្វី បើសិនជា​ទារក​របស់​លោក​អ្នក​នៅ​ជា​ល្អ​ទេ ស្រាប់តែ​ចាប់ឈឺ​ចុកចាប់​ភ្លាម​ៗ ទធាក់ជើង​ឡើង​លើ រួច​ស្រែកយំ​យ៉ាង​ខ្លាំង​។ ការ​ឈឺ​ចុកចាប់​នេះ​វា​លើស​ពី​ការ​ចុកពោះ​ទៅ​ទៀត ជា​ពិសេស​កាលណា​កូន​ឈឺ​កាន់តែ​ខ្លាំង​ឡើង​ៗ និង​កាន់តែ​ញាប់​ឡើង​ៗ ហើយ​មាន​ក្អួត​ផង​។
    នេះ​អាច​ជា​រោគ​សញ្ញា​នៃ ការ​ស្ទះ​ពោះវៀន​( intussusception ) ដែល​ច្រើន​កើត​មាន​លើ​ទារក​ដែល​មាន​អាយុ​ចាប់ពី​៥​ខែ​ដល់​២​ខួប​។ ជម្ងឺ​នេះ​មិនសូវ​កើត​មាន​ទេ ក៏​ប៉ុន្តែ​វា​អាច​គម្រាម​ដល់​ជីវិត​បាន ដូច្នេះ​សូម​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ​ភ្លាម​។ បើ​មិន​អាច​ទាក់ទង​គ្រូពេទ្យ​បាន​ទេ សូម​យក​ទារក​ទៅ​កាន់​បន្ទប់សង្គ្រោះបន្ទាន់ ព្រោះ​គេ​អាច​ត្រូវការ​ការ​វះកាត់​។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង