រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកប្រទេសលើគ្រប់វិស័យឡើងវិញចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ និងការអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព ។

សម្តេចតេជោ បានថ្លែងថា ៖ ចាប់ពីពេលនេះ ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមគន្លងថ្មី គឺចាប់ពីថ្ងៃនេះតែម្តង ។ អីចឹងយើងនឹងសាកល្បងមើល ប៉ុន្តែការសាកល្បងយើងបានសាកល្បងហើយ បើមនុស្សចូលហាងពេញអស់ហើយ ស្ទះផ្លូវឡើងវិញអស់ហើយ ។

នាយករដ្ឋមន្ត្រី បានថ្លែងនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន ៖ ដោយដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០, ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១, ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ១៩ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ គួបផ្សំជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ននេះ និងដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ៕