តើការដែលមានកូនក្រៅស្បូនគឺជាអ្វី?
ការដែលមានផ្ទៃពោះធម្មតាមានន័យថា ពងកូនរវាងមេជីវិតញី និងមេជីវិតឈ្មោលត្រូវបានកាច់សំបុកនៅក្នុងស្បូន ។ ពាក្យថាកូនក្រៅស្បូនមានន័យថាពងកូនរវាងមេជីវិតញី និងមេជីវិតឈ្មោល មិនបានកាច់សំបុកនៅក្នុងស្បូនទេ តែវាអាចទៅនៅកន្លែងផ្សេងក្រៅពីស្បូន ។ ជំងឺកូនក្រៅស្បូនភាគច្រើនគឺពងកូនជាប់នៅក្នុងបំពង់ដៃស្បូន ដែលបង្កលក្ខណៈមិនអាចមានផ្ទៃពោះដូចមនុស្សធម្មតា ។ វាក៏អាចកើតនៅក្នុងក្រពេញអូវែរ( Ovary) មាត់ស្បូន ឬក្នុងពោះ ។
វាគឺជារឿងសំខាន់ណាស់ក្នុងការរកអោយឃើញថាអ្នកនោះមានផ្ទៃពោះកូនក្រៅស្បូនអោយបានលឿនបំផុត ។ ការមានកូនក្រៅស្បូនអាចធ្វើអោយរហែក ឬខូចខាតសរីរាង្គក្នុអាងត្រគៀក ដែលវាតាំងនៅ ។ បញ្ហានេះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ម្តាយ ។
តើនរណាជាអ្នកប្រឈមមុខនឹងជំងឺកូនក្រៅស្បូន?
មនុស្សដែលអាចមានផ្ទៃពោះទាំងអស់សុទ្ធតែអាចមានកូនក្រៅស្បូន ប៉ុន្តែអ្នកអាចនឹងមានលទ្ធភាពកាន់តែច្រើនប្រសិនបើ៖
• អាយុលើសពី ៣៥ឆ្នាំ
• មានជំងឺក្នុងអាងត្រគៀកដូចជា ជំងឺរលាកក្នុងអាត្រគៀក ឬមានវះកាត់ក្នុងតំបន់អាងត្រគៀក
• មានជំងឺសាច់ដុំស្បូន ( Endometriosis)
• ជក់បារី
• មានប្រវត្តិរលាកដៃស្បូន ឬរូបរាងដៃស្បូនមិនធម្មតា
• មានការពិបាកក្នុងការមានផ្ទៃពោះ ឬព្យាបាលអោយមានកូន
• មានជំងឺកូនក្រៅស្បូនពីមុនមកម្តង ឬច្រើនដង
តើរោគសញ្ញានៃជំងឺកូនក្រៅស្បូនមានអ្វីខ្លះ?
រោគសញ្ញាភ្លាមរបស់ជំងឺកូនក្រៅស្បូគឺដូចជាមនុស្សមានផ្ទៃពោះធម្មតាដែរ ។ អ្នកប្រហែលជាបាត់រដូវ ឈឺដោះ និងចង្អោរ (ចាញ់កូន) ។ ការធ្វើតេស្តរកមើលមានផ្ទៃពោះនៅផ្ទះប្រហែលជាវិជ្ជមាន ។
សញ្ញាធ្ងន់ធ្ងរនៃជំងឺកូនក្រៅស្បូគឺឈឺ និងហូរឈាមតាមទ្វារមាស ។ អ្នកក៏ប្រហែលជាមានអារម្មណ៍ថា មុត ឬឈឺពើតៗនៅក្នុងក្រពះ ឬឈឺក្នុងអាងត្រគៀកតែម្ខាង ។ អ្នកប្រហែលជាមានអារម្មណ៍ថាវិលមុខ ឬស្រវាំងភ្នែក ។ ប្រសិនបើអ្នកធ្លាប់មានរោគសញ្ញាទាំងនេះ អ្នកគួរតែទៅជួបគ្រូពេទ្យអោយទាន់ពេលវេលា ។
តើគ្រូពេទ្យធ្វើដូចម្តេចទើបដឹង ប្រសិនបើខ្ញុំមានជំងឺកូនក្រៅស្បូន?
គ្រូពេទ្យនឹងធ្វើតេស្តទៅលើអាងត្រគៀក ដើម្បីពិនិត្យមើលទំហំ និងរាងរបស់ស្បូន ។ គាត់ក៏ប្រហែលជាអោយធ្វើតេស្តពិនិត្យទឹកនោម និងតេស្តឈាម ដើម្បីរកមើលកំរិតអ័រម៉ូន Human Chorionic Gonadotropin (hCG) ។ អ័រម៉ូន hCG គឺជាអ័រម៉ូនម្យ៉ាងដែលត្រូវបានផលិតចេញមកពីទងសុក ។ ប្រសិនបើអ្នកមានជំងឺកូនក្រៅស្បូន អ្នកប្រហែលជាមានកំរិត hCG ទាប ។ គ្រូពេទ្យប្រហែលជាចង់អោយអ្នកថតអេកូបន្ថែមទៀត ។ ការថតអេកូគឺជាការប្រើរលកសំលេងដើម្បីបង្កើតបានជារូបភាព របស់សរីរាង្គណាមួយនៅក្នុងខ្លួន ។ ការធ្វើបែបនេះនឹងធ្វើអោយគ្រូពេទ្យបានឃើញថាតើកូនដែលនៅក្រៅស្បូនវានៅកន្លែងណា ។
តើជំងឺកូនក្រៅស្បូនព្យាបាលយ៉ាងដូចម្តេច?
ប្រសិនបើកូននោះជាកូនក្រៅស្បូន ពងកូនមិនអាចលូតលាស់បានទេ ដូច្នេះត្រូវតែយកកំទេចពងកូននេះចេញ ។ ប្រសិនបើពងកូនដែលនៅក្រៅស្បូននោះរកមិនឃើញទេ គ្រូពេទ្យអាចនឹងអោយអ្នកប្រើថ្នាំ Methotrexate ។ ថ្នាំមួយប្រភេទនេះមានប្រសិទ្ធភាពក្នុងការរំលាយពងកូននោះបាន ហើយខ្លួនរបស់អ្នកនឹងស្រូបយកកំទេចកំទីពងកូននោះទៅក្នុងខ្លួនវិញអោយខ្លួនឯង ។
ជំងឺកូនក្រៅស្បូនដែលមិនត្រូវបានរកឃើញភ្លាមៗទេ ឬធ្វើអោយរហែកសរីរាង្គក្នុងអាងត្រគៀក ត្រូវតែទាមទាធ្វើការវះកាត់ ។
តើខ្ញុំនឹងមានកូនក្រៅស្បូនទៀតទេ ប្រសិនបើខ្ញុំមានកូនម្តងទៀត?
ប្រសិនបើអ្នកមានជំងឺកូនក្រៅស្បូនម្តងហើយ អ្នកនឹងអាចឱកាសច្រើនក្នុងការមានវាម្តងទៀត ។ អ្នកក៏ប្រហែលជាមានការពិបាកក្នុងការមានផ្ទៃពោះម្តងទៀតដែរ ។ អ្នកគួរតែទុកឱកាសអោយខ្លួនឯងដើម្បីអោយជាសះរបួសសិន មុនពេលព្យាយាមយកកូនម្តងទៀតបន្ទាប់ពីមានកូនក្រៅស្បូនហើយ ។