អ្នកមានផ្ទៃពោះហើយ!សូមអបអរសាទរចំពោះដំណឹងល្អនេះ។ប៉ុន្តែដើម្បីអោយគភ៌របស់អ្នកមានសុវត្ថិភាពនោះចូរអ្នកស្វែងយល់អំពីអ្វីដែលអ្នកគួរធ្វើនិងបរិភោគនៅក្នុងដំណាក់កាលដែលពោរពេញដោយការភ័យអរនេះ។

ជាច្រើនឆ្នាំមកហើយដែលមតិទូទៅលើប្រធានបទ អ្វីដែលមានសុវត្ថិភាពនិងអ្វីដែលគ្មានសុវត្ថិភាពសម្រាប់ស្ត្រីមានគភ៌បានប្តូរឥតឈប់ឈរ។ ឧទាហរណ៍៖ ថ្មីៗនេះ គេបានបង្ហាញថា ត្រីមានផ្ទុកជាតិបារតច្រើនដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការវិវត្តន៍រស់កុមារ។ ដូចគ្នានឹងសាច់ដែលវេចញ្ចប់ចេញពីរោងចក្រ (deli meats) ដែរ ដែលមានផ្ទុក Listeria ដែលជាមេរោគធ្វើឱ្យរលូតកូនឬនាំឱ្យទារកដែលទើបនឹងកើតមានជំងឺរលាកស្រោមខួរ។ ខាងក្រោមនេះជាអាហារនិងភេសជ្ជៈមួយចំនួនដែលស្ត្រីមានគភ៌គួរចៀសសវាង។
គ្រឿងស្រវឹង
អ្នកគួរតែចៀសវាងការទទួលទានជាតិអាល់កុលគ្រប់ប្រភេទ ក្នុងអំឡុងពេលមានគភ៌និងរយៈពេលនៃការចិញ្ចឹមកូនដោយទឹកដោះ។ ផលប៉ះពាល់អវិជ្ជមាននៃជាតិអាល់កុលត្រូវបានគេកត់សម្គាល់, ជាតិអាល់កុលត្រូវបានគេបង្ហាញថានឹងបង្កើនគ្រោះថ្នាក់នាំអោយមានប្រជុំរោកសញ្ញាទារកបណ្តាលមកពីជាតិអាល់កុល(ភាសាអង់គ្លេសហៅថា fetal alcohol syndrome), បញ្ហានៃការលូតលាស់របស់ទារក (developmental disorders) ដូចជាធ្វើឱ្យអន់ប្រាជ្ញា និងរលូតកូន។ ជាតិអាល់កុលក៏នាំអោយគ្រោះថ្នាក់ចំពោះទារកក្នុងរយៈពេលនៃការចិញ្ចឹមកូនដោយទឹកដោះ ដោយសារគេឃើញមានជាតិអាល់កុលមួយចំនួននៅក្នុងទឹកដោះ។ អ្នកគួរតែចៀសវាងជាតិអាល់កុលរហូតទាល់តែអ្នកឈប់បំបៅដោះកូន។ ដើម្បីឱ្យកាន់តែច្បាស់នោះ សូមបញ្ជាក់ថាមិនមានជាតិអាល់កុលក្នុងកម្រិតណាមួយដែលគ្មានផលប៉ះពាល់អវិជ្ជមានដល់ទារក ក្នុងអំឡុងពេលមានគភ៌និងចិញ្ចឹមកូនដោយទឹកដោះម្តាយនោះឡើយ។
អាហារឆៅ
អាហារឆៅអាចមានមេរោគSalmonella។មេរោគSalmonella អាចបង្ករជាជំងឺធ្ងន់ធ្ងរដែលច្រើនតែកើតចំពោះមនុស្សចាស់និងក្មេងដូចជាជំងឺគ្រុនពោះវៀនជាដើម។ អ្នកគួរចៀសវាងទទួលទានអាហារណាដែលមានផ្ទុក Salmonella។ ស៊ុតនិងពពួកសត្វមានសំបកដូចជា ខ្យង ខ្ចៅ ជាប្រភេទអាហារដែលផ្ទុក Salmonella។ ត្រូវចម្អិនឱ្យឆ្អិនល្អ និងចៀសវាងការទទួលទានអាហារមិនឆ្អិនឬឆៅ។ ចៀសវាងការទទួលទានបង្អែមដែលមានដាក់បន្ថែមស៊ុតឆៅ។ Salmonella ច្រើនតែរកឃើញនៅលើសំបកស៊ុត ដូច្នេះហើយត្រូវលាងដៃឱ្យបានស្អាតបន្ទាប់ពីប៉ះនឹងសំបកស៊ុតឬលាងស៊ុតឱ្យស្អាតមុននឹងគោះវាបំបែក។
Listeria
លីស្តេរី(Listeria) គឺប្រភេទមេរោគម្យ៉ាងដែលអាចបំផ្លាញទារកដែលនៅក្នុងស្បូន។ Listeria អាចឆ្លងកាត់សុកយ៉ាងងាយស្រួល។ មេរោគនេះអាចបណ្តាលឱ្យមានជំងឺឆ្លង, ការសម្រាលទារកមិនគ្រប់ខែឬរលូត។ តាមរយៈមជ្ឈមណ្ឌល CDC របស់អាមេរិកបានឱ្យដឹងថា ២២ភាគរយ នៃករណីមានជំងឺដែលបណ្តាលមកពីមេរោគListeriaលើស្ត្រីមានគភ៌ នឹងធ្វើឱ្យទារកក្នុងផ្ទៃបាត់បង់ជីវិត។ Listeria ច្រើនតែរកឃើញនៅលើសាច់បង្កកនិងសាច់ចេញពីរោងចក្រ។ អ្នកក៏គួរតែចៀសវាងការទទួលទានទឹកដោះគោដែលមិនបានសម្លាប់មេរោគ និងផលិតផលទឹកដោះគោផ្សេងទៀត ព្រោះពួកវាច្រើនតែមានផ្ទុក Listeria។ ជាទូទៅ ស្ត្រីមានគភ៌ឬព្យាយាមចង់មានគភ៌គួរតែចៀសវាងទទួលទានអាហារដែលអាចនឹងមានផ្ទុក Listeria។
ជាតិកាហ្វេអ៊ីន (Caffeine)
អំឡុងពេលមានគភ៌ អ្នកអាចទទួលទានជាតិកាហ្វេអ៊ីនតិចតួច ប៉ុន្តែគ្រូពេទ្យណែនាំថា គួរចៀសវាងការទទួលទានភេសជ្ជៈដែលមានកាហ្វេអ៊ីន ជាពិសេសគឺអំឡុងពេល ៣ខែដំបូង។ ការទទួលទានជាតិកាហ្វេអ៊ីនច្រើន អាចធ្វើឱ្យរលូតកូន និងប៉ះពាល់ដល់ការលូតលាស់នៃទារក។
ជាតិបារត និងជាតិពុលផ្សេងទៀត
ជាតិបារតនិងជាតិពុលក្នុងត្រីធំៗ បានក្លាយជាគ្រោះថ្នាក់ដល់សុខភាពមិនត្រឹមតែចំពោះស្ត្រីមានគភ៌ប៉ុណ្ណោះទេ ប៉ុន្តែចំពោះមនុស្សពេញវ័យដូចគ្នា។សមាគមជំងឺបេះដូងអាមេរិក( The American Heart Association )ណែនាំថា ស្ត្រីមានគភ៌ឬស្ត្រីដែលចិញ្ចឹមកូនដោយទឹកដោះនិងកុមារអាយុក្រោម ៧ឆ្នាំ គួរចៀសវាងការទទួលទានត្រីដែលមានជាតិបារតខ្ពស់។ ត្រីដែលមានផ្ទុកកំរិតបារតខ្ពស់ និងជាតិពុលផ្សេងទៀតដែលស្ត្រីមានគភ៌និងកុមារគួរចៀសសវាងការទទួលទាន មាន ដូចជាជាដើម ត្រីឆ្លាម។
ផ្ទុយទៅវិញ ត្រីតូចៗ មិនមានផ្ទុកជាតិបារតខ្ពស់ទេ ហើយពួកវាមានជាតិបំប៉នសំខាន់ៗច្រើន ដូចជា omega-3 សំរាប់សុខភាពបេះដូង។ ប្រសិនបើអ្នកមិនចូលចិត្តត្រី អ្នកអាចទទួលទានជាតិ omega-3 បន្ថែម ដោយសារវាមានសារសំខាន់ក្នុងការជួយដល់ការវិវត្តន៍នៃខួរក្បាលទារកក្នុងផ្ទៃ។
ទឹកឃ្មុំ
ទឹកឃ្មុំអាចទទួលទានបានក្នុងពេលមានគភ៌ ប៉ុន្តែមិនគួរឱ្យក្មេងតូចទទួលទានទេ ដោយសាវាជាគ្រោះថ្នាក់នៃការវិវត្តន៍នូវជំងឺធ្ងន់ធ្ងរដ៏កម្រដែលបណ្តាលមកពីបាក់តេរី Clostridium botulinum ។