ជំងឺពុកឆ្អឹងកើតឡើងនៅពេលដែលផ្នែកខាងក្នុងរបស់ឆ្អឹងក្លាយទៅជាប្រហោងៗច្រើន ដោយសារតែបាត់បង់ជាងកាលស្យូម ។ ប្រការបែបនេះត្រូវបានគេហៅថា ការបាត់បង់ទំហំឆ្អឹង ។ គ្រប់ពេលវេលាទាំងអស់ ការដែលមានហេតុការណ៍បែបនេះធ្វើអោយឆ្អឹងខ្សោយ និងធ្វើអោយឆ្អឹងងាយនឹងបាក់ ។
ភាពខ្លាំងរបស់ឆ្អឹងមានការកើនឡើងខ្ពស់នៅជុំវិញអាយុ ៣៥ឆ្នាំ ហើយក្រោយមកវាក៏ចាប់ផ្តើមថយចុះដែរ ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សស្រីភាគច្រើនមានការវិវត្តន៍ទៅជាជំងឺពុកឆ្អឹងច្រើនជាងមនុស្សប្រុស ។ ការដែលទៅជាបែបនេះវាដោយសារតែកត្តាជាច្រើន ។

មនុស្សស្រីមានទំហំឆ្អឹងតិចជាងមនុស្សប្រុស ចំនែកអាយុកាលនៃការរស់នៅមានរយៈពេលយូរជាងបុរស ហើយទទួលជាតិកាលស្យូមតិចជាងបុរសទៀត ។ មនុស្សស្រីជាច្រើន អត្រានៃការបាត់បង់ជាតិឆ្អឹងនឹងមានល្បឿនលឿនក្រោយពេលអស់រដូវហើយ ឬនៅពេលដែលកំរិតអ័រម៉ូន Estrogen ចាប់ផ្តើមធ្លាក់ចុះ ។ ចាប់តាំងពីក្រពេញអូវែរ Ovaries ផលិតអ័រម៉ូនអឺស្ត្រូហ្សែ ( Estrogen )មក វាធ្វើអោយការបាត់បង់ជាតិឆ្អឹងកាន់តែលឿនបំផុតប្រសិនបើមនុស្សស្រីម្នាក់នោះធ្វើការវះកាត់ អូវែរចេញ ។
ប្រសិនបើមនុស្សប្រុសរស់បានយូរ ពួកគេក៏នៅតែប្រឈមមុខនឹងជំងឺពុកឆ្អឹងនៅពេលក្រោយដែរ ។
តើមានកត្តាអ្វីខ្លះដែលប្រឈមមុខនឹងជំងឺពុកឆ្អឹង?
កត្តាខាងក្រោយនេះធ្វើអោយអ្នកប្រឈមមុខកាន់តែខ្លាំងនឹងជំងឺពុកឆ្អឹង ។ កាលណាដែលអ្នកមានកត្តាខាងក្រោមនេះកាន់តែច្រើនមានន័យថាអ្នកមានការប្រឈមមុខខ្ពស់ ។ ចូរនិយាយជាមួយ គ្រូពេទ្យរបស់អ្នកអំពីការប្រឈមមុខរបស់អ្នក ។
• ឆាប់រាំងរដូវពេក (មុនអាយុ ៤៥)
• ប្រវត្តិគ្រួសារមានជំងឺពុកឆ្អឹង
• វះកាត់យក Ovaries ចេញមុនរាំងរដូវ
• សញ្ជាតិអាស៊ី
• បរិភោគកាលស្យូមមិនគ្រប់គ្រាន់
• ជីវិតរស់នៅមិនសូវហាត់ប្រាណបានគ្រប់គ្រាន់
• ជក់បារី
• ផឹកស្រា
• មានបញ្ហាក្នុងការបរិភោគអាហារដូចជា មិនឃ្លានអាហារ និងក្អួតចង្អោ
• ស្គម និងរូបរាង្គរបស់ឆ្អឹងតូចៗ
• មានបញ្ហាអ័រម៉ូនទីរ៉ូអ៊ីតច្រើនពេក( Hyperthyroidism) ព្រោះមកពីសកម្មភាពរបស់អ័រម៉ូន Thyroid ធ្វើការហួសកំរិត ឬប្រើថ្នាំព្យាបាលជំងឺ Hypothyroidism ច្រើនពេក ។
• ប្រើថ្នាំ Corticosteroid យូរពេក ដែលវាជាថ្នាំសំរាប់បំបាត់ការរលាក ការឈឺចាប់ និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀតដូចជា ជំងឺហឺត និង ជំងឺសន្លាក់ Rheumatoid Arthritis ។
តើសញ្ញារបស់ជំងឺពុកឆ្អឹងមានអ្វីខ្លះ?
អ្នកប្រហែលជាមិនដឹងខ្លួនទេថា អ្នកកំពុងមានជំងឺពុកឆ្អឹង រហូតដល់ចេញរោគសញ្ញាធ្ងន់ធ្ងរ ។ សញ្ញាទាំងនោះមានដូចជា បាក់ឆ្អឹង ឈឺចង្កេះ ឬមានបញ្ហាកោងខ្នង ។ អ្នកក៏ប្រហែលជាកាន់តែទាបទៅៗ ដោយសារតែជំងឺពុកឆ្អឹង ព្រោះវាអាចធ្វើអោយឆ្អឹកងខ្នងរបស់អ្នករួញខ្លីបាន ។ បញ្ហានេះវានឹងធ្វើកើតមានបានប្រសិនបើមានការបាត់បង់ជាតិកាលស្យូមក្នុងចំនួនច្រើនពេក ។
តើជំងឺពុកឆ្អឹងមានរោគវិនិច្ឆ័យដូចម្តេច?
ប្រសិនគ្រូពេទ្យសង្ស័យថាអ្នកមានជំងឺពុកឆ្អឹង គាត់ប្រហែលជាអោយអ្នកថតឆ្អឹងមើលហើយ ។ តេស្តដែលច្រើនតែធ្វើជាញឹកញាប់ក្នុងការកំនត់ទៅលើសភាពរបស់ឆ្អឹងមានឈ្មោះថា Dual Energy X-Ray Absorptiometry (DEXA) ។ តេស្តប្រភេទនេះអាចកំនត់ទៅលើសភាពរបស់ឆ្អឹងនៅក្នុងឆ្អឹងត្រគៀក ឆ្អឹងកងខ្នង និងម្រាមដៃ ដែលវាជាកន្លែងងាយនឹងទទួលនូវជំងឺពុងឆ្អឹង ។
គ្រូពេទ្យក៏ប្រហែលជាអោយអ្នកថតអេកូ ឬ ថត Computerized Tomography (CT) Scan ដើម្បីពិនិត្យទៅលើសភាពរបស់ឆ្អឹង ។
តើជំងឺពុកឆ្អឹងមានការព្យាបាលយ៉ាងដូចម្តេច?
ការព្យាបាលលើជំងឺពុកឆ្អឹងមានការចាប់ផ្តើមពីការផ្លាស់ប្តូររបបអាហាររបស់ជាមុនសិន ។ អ្នកក៏អាចត្រូវប្រើជាតិកាលស្យូមអោយបានច្រើនដែរ ។ គ្រូពេទ្យនឹងអោយយោបល់អ្នកនូវវិធីធ្វើយ៉ាងណាបរិភោគអាហារ ភេសជ្ជៈ និងអាហារបំប៉នណាដែលមានជាតិកាល់ស្យូមអោយច្រើន ។ គាត់ក៏ប្រហែលជាប្រាប់អ្នកអោយបរិភោគបន្ថែមនូវវីតាមីន D ព្រោះវាអាចជួយអ្នកក្នុងការបង្កើតជាតិកាល់ស្យូមក្នុងខ្លួន ។
គ្រូពេទ្យនឹងចង់អោយអ្នកធ្វើសកម្មភាពរាងកាយអោយបានច្រើន ជាពិសេសត្រូវហាត់កីឡាណាដែលត្រូវប្រើទំងន់ខ្លួន ។ ការធ្វើដូច្នេះវានឹងជួយអ្នកធ្វើអោយសភាពរបស់ឆ្អឹងកាន់តែមាំ ។ ឧទាហរណ៍ ការហាត់ប្រាណដោយប្រើទំងន់ខ្លួនដូចជា ការដើរ ការឡើងភ្នំ ។
មានថ្នាំជាច្រើនទៀតដែលមានឥទ្ធិពលក្នុងការព្យាបាលជំងឺពុកឆ្អឹង ក្នុនោះមាន៖
Biophosphonates៖ ថ្នាំទាំងនេះជួយកាត់បន្ថយការប្រឈមមុខនឹងការបាក់ឆ្អឹង រួមទាំងធ្វើអោយសភាពរបស់ឆ្អឹងកាន់តែមាំ ជាពិសេសឆ្អឹងត្រគៀក និងឆ្អឹងកងខ្នង ។ ថ្នាំនេះអាចប្រើដោយលេបតាមមាត់ ឬចាក់តាមសរសៃ ។ ផលប៉ះពាល់របស់វាមាន ក្អួតចង្អោ ឈឺពោះ និងរលាកក្នុងបំពង់អាហារ Esophagus ។ មនុស្សដែលមិនអាចប្រើ Biophosphonates មានដូចជា អ្នកជំងឺតម្រងនោម មានជាតិកាល់ស្យូមទាបក្នុងឈាម និងមនុស្សស្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន ។
Calcittron៖ នេះគឺជាប្រភេទ អ័រម៉ូនដែលជួយបន្ថយការបាក់របស់ឆ្អឹង ។ វាអាចប្រើបានជាការចាក់ ឬជាស្ព្រាយបាញ់តាមច្រមុះ ។ ផលប៉ះពាល់របស់វាមាន រលាកនៅភ្នាស់របស់ច្រមុះ និងឈឺក្បាល រាគ ឈឺពោះ ក្អួតចង្អោ ។
Raloxifene៖ ថ្នាំនេះត្រូវបានប្រើសំរាប់បង្ការ និងព្យាបាលជំងឺពុកឆ្អឹងសំរាប់មនុស្សដោយធ្វើអោយសភាពរបស់ឆ្អឹងកាន់តែមាំ ។ វាមិនមែនជាអ័រម៉ូនទេ ប៉ុន្តែវាមានការស្រដៀងគ្នានឹងអ័រម៉ូន Estrogen ដែរ ។ ផលប៉ះពាល់របស់វាអាចទៅជា ក្តៅមុខ និងប្រឈមមុខនឹងការកកឈាម ។
Teriparatide៖ ថ្នាំនេះគឺសំយោគមកពីអ័រម៉ូន Parathyroid ហើយវាជួយធ្វើអោយឆ្អឹងថ្មីមានការលូតលាស់ ។ វាអាចប្រើជាថ្នាំចាក់ និងត្រូវចាក់ម្តងក្នុងមួយថ្ងៃនៅលើភ្លៅ ឬពោះ ។ វាក៏អាចប្រើទាំងបុរស និងស្ត្រី សំរាប់ព្យាបាលជំងឺពុកឆ្អឹង ។ ផលប៉ះពាល់ដែលច្រើនកើតមានដូចជា ក្អួតចង្អោ ឈឺពោះ ឈឺក្បាល ខ្សោយសាច់ដុំ អស់កំលាំង និងអត់ឃ្លានអាហារ ។
Alendronate និង Risedronate៖ ថ្នាំទាំងនេះត្រូវបានប្រើសំរាប់បង្ការ និងព្យាបាលជំងឺពុកឆ្អឹង ។ វាមាននាទីជួយបន្ថយការប្រឈមមុខនឹងការបាក់ឆ្អឹង ដោយបន្ថយនូវចំនួនសាច់ឆ្អឹងដែលត្រូវបាត់បង់ ។ ថ្នាំនេះគេប្រើសំរាប់លេបតាមមាត់ ។ ផលប៉ះពាល់ដែលច្រើនតែកើតមានច្រើនបំផុតគឺការឈឺក្រពះ ។
Ibandronate៖ ថ្នាំនេះសំរាប់ជួយបន្ថយនូវការបាត់បង់ឆ្អឹង និងធ្វើអោយឆ្អឹងរឹងមាំ ។ យើងអាចប្រើវា ជាថ្នាំលេប ឬសំរាប់ចាក់ ។ ប្រសិនបើលេប អ្នកមានពីរវិធីសំរាប់អនុវត្តន៍គឺលេបមួយថ្ងៃមួយគ្រាប់ជារៀងរាល់ថ្ងៃ ឬមួយខែមួយគ្រាប់ជារៀងរាល់ខែ (ថ្នាំដែលត្រូវប្រើសំរាប់មួយខែម្តង់ត្រូវតែមានកំរិតច្រើនជាងថ្នាំដែលប្រើមួយថ្ងៃម្តង់) ។ ប្រសិនបើអ្នកចាក់វិញ គ្រូពេទ្យ នឹងអោយអ្នករយៈពេលបីខែសំរាប់ការចាក់នេះ ។ ផលប៉ះពាល់ដែលអាចកើតមានដូចជា ឈឺចង្កេះតែម្ខាង ពិបាកដកដង្ហើម តឹងទ្រូង និងមានឈាមក្នុងទឹកនោម ឬទឹកនោមល្អក់ ។
តើខ្ញុំត្រូវការជាតិកាលស្យូមប៉ុន្មានទៅ?
មុនពេលអស់រដូវអ្នកត្រូវការជាតិកាលស្យូមចំនួន ១០០០មីលីក្រាម ក្នុងមួយថ្ងៃ ។ ក្រោយពេលរាំងរដូវហើយអ្នកត្រូវការជាតិកាលស្យូមបន្ថែម ១០០០មីលីក្រាម ក្នុងមួយថ្ងៃប្រសិនបើអ្នកកំពុងប្រើអ័រម៉ូន Estrogen និងត្រូវការជាតិកាលស្យូមបន្ថែម ១៥០០មីលីក្រាមក្នុងមួយថ្ងៃប្រសិនបើអ្នកមិនកំពុងប្រើអ័រម៉ូន Estrogen ទេ ។ អ្នកក៏គួរតែ ប្រើវីតាមីន D 800 International Units (IU) ជារៀងរាល់ថ្ងៃដែរ ដើម្បីជួយអោយខ្លួនរបស់ស្រូបយកជាតិកាល់ស្យូមបានច្រើន ។
ជាធម្មតាវាល្អបំផុតក្នុងការព្យាយាមអោយទទួលបាននូវជាតិកាល់ស្យូមពីចំនីអាហារ ។ អាហារដែលមិនមានជាតិខ្លាញ់ និងមានខ្លាញ់តិច គឺជាធនធានដ៏ល្អសំរាប់ទទួលបានជាតិកាលស្យូម ។ ធនធានផ្សេងៗទៀតដើម្បីបានជាតិកាលស្យូមរួមមានសណ្តែក សាច់ត្រីសាម៉ុង និង Broccoli ។
មានជាតិកាល់ស្យូមប្រហែលជា ៣០០មីលីក្រាមដែរនៅក្នុង ទឹកដោះគោជូដែលមិនសូវមានជាតិខ្លាញ់ ឬមានខ្លាញ់ទឹកមួយពែង សណ្តែកសរមួយពែងកន្លះ ត្រីសាម៉ុង ១៥ក្រាម ឬ Broccoli ។
ប្រសិនបើអ្នកមិនបានទទួលនូវជាតិកាល់ស្យូមតាមរយៈការបរិភោគអាហារទេ គ្រូពេទ្យប្រហែលជាអោយអ្នកប្រើថ្នាំជំនួយជាតិកាល់ស្យូមបន្ថែមទៀត ។ ប្រើវាក្នុងពេលទទួទានអាហារ ឬលាយជាមួយទឹកដោះគោ ។
មធ្យោបាយធ្វើអោយឆ្អឹងរឹងមាំ
• ហាត់ប្រាណ
• បរិភោគអាហារអោយមានតុល្យភាពដែលមានជាតិកាល់ស្យូមយ៉ាងហោចណាស់ ១០០មីលីក្រាម ក្នុងមួយថ្ងៃ
• បញ្ឈប់ការជក់បារី ។ ការជក់បារីកគឺធ្វើអោយជំងឺពុកឆ្អឹងកាន់តែធ្ងន់
• និយាយជាមួយគ្រូពេទ្យអំពីការព្យាបាល ដោយប្រើអ័រម៉ូន ឬថ្នាំសំរាប់បង្ការ ឬព្យាបាលជំងឺ ពុកឆ្អឹង ។