ភាគច្រើននៃពួកយើងប្រហែលជាស្គាល់ម្សៅ Baking soda ប៉ុន្តែប្រាកដជាមិនធ្លាប់ដឹងទេថាម្សៅពណ៌សៗនេះអាចជួយកម្ចាត់ក្លិនខ្យល់ដង្ហើមមិនល្អបាន។ អ្នកអាចរកទិញម្សៅ Baking Soda បានយ៉ាងងាយនៅតាមបណ្ដាផ្សារទំនើបនានា។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ម្សៅ Baking Soda កម្ចាត់ក្លិនមាត់មិនល្អ ៖

១. ម្សៅ Baking soda ជាមួយទឺក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឱ្យសព្វ រួចសឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេល ៣០វិនាទី ទៅ ១នាទីដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។ អនុវត្តសារឡើងវិញរាល់ថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ថ្ងៃតែប៉ុណ្ណោះ។

២. ម្សៅ Baking soda និងថ្នាំដុសធ្មេញ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda កន្លះស្លាបព្រាកាហ្វេជាមួយថ្នាំដុសធ្មេញក្នុងបរិមាណដូចពេលធម្មតា។ ដុសសម្អាតធ្មេញដូចទម្លាប់រាល់ដងជាមួយល្បាយនេះឆ្លាស់ថ្ងៃគ្នាសម្រាប់រយៈពេល ១សប្តាហ៍ជាការស្រេច។

៣. ម្សៅ Baking soda និងអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ស្លាបព្រាកាហ្វេជាមួយម្សៅ Baking soda ១ស្លាបព្រាកាហ្វេក្នុងទឹក ១កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះសម្រាប់រយៈពេល ១នាទីម្ដង រហូតដល់អស់។ អនុវត្តឆ្លាស់ថ្ងៃគ្នារហូតដល់ក្លិនខ្យល់ដង្ហើមប្រែជាប្រសើរឡើងវិញ។

៤. ម្សៅ baking soda និងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda ១ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានភេសជ្ជៈនេះម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ថ្ងៃ។

៥. ម្សៅ Baking soda និងក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ ១ផ្លែក្នុងទឹក ១ពែង។ កូរក្រឡុកឱ្យសព្វចូលគ្នាល្អ សឹមប្រើប្រាស់ល្បាយនេះប្រហែល ២ស្លាបព្រាបាយខ្ពុរក្នុងមាត់សម្រាប់រយៈពេល ១នាទី។ លាងសម្អាតក្នុងមាត់ចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយថ្ងៃ។

  • ចំណុចគួរចងចាំ

– ម្សៅ Baking soda នឹងផ្ដល់គ្រោះថ្នាក់ចំពោះរាងកាយឡើយ ប្រសិនបើទទួលទានក្នុងកម្រិតបន្តិចបន្តួច។ ទោះជាយ៉ាងណា មិនថាអ្វីក៏ដោយ ឱ្យតែលើសកម្រិត គឺមិនល្អឡើយ។

– គន្លឹះផ្សេងទៀតដើម្បីបំបាត់ក្លិនមាត់មិនល្អនោះ គឺការដុសសម្អាតធ្មេញឱ្យបាន ២ដងក្នុងមួយថ្ងៃ, កុំភ្លេចសម្អាតអណ្ដាត និងប្រើប្រាស់ខ្សែរ៉ូតសម្អាតតាមចន្លោះធ្មេញផងទើបប្រសើរ។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង