ការលាបឡេការពារកម្តៅថ្ងៃលើទារកអាយុចាប់ពី ៦ខែចុះក្រោមមិនមែនជារឿងល្អឡើយ។ សារធាតុគីមីជាច្រើនដែលមានក្នុងឡេការពារកម្តៅថ្ងៃអាចបង្កគ្រោះថ្នាក់ដល់គេបាន ដូច្នេះគេក៏ត្រូវតែចៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យក្តៅខ្លាំងដែរ។ ទារកតូចៗ មិនអាចសម្របសីតុណ្ហភាពរាងកាយបានល្អឡើយ ដូច្នេះវាងាយនឹងធ្វើឲ្យគេក្តៅខ្លាំង និងខ្សោះជាតិទឹកក្នុងខ្លួន។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ៖
- ចូរចៀសវាងការបណ្តោយឲ្យកូនប៉ះពាល់នឹងពន្លឺព្រះអាទិត្យឲ្យបានច្រើនបំផុត
- បើសិនជាកូនទៅខាងក្រៅផ្ទះ ចូរចៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យដែលក្តៅខ្លាំងនៅចន្លោះម៉ោង ១០ព្រឹក ដល់ម៉ោង ៣រសៀល
- ចូរស្លៀកពាក់ឲ្យកូននូវសម្លៀកបំពាក់ដែលស្រាលៗ ដៃវែងជើងវែង និងមានមួកដែលមានឆាងម៉ាងធំៗជុំវិញ
- ចូរពិនិត្យមើលកូនយ៉ាងប្រុងប្រយ័ត្ន ជាពិសេសអាការៈនៃការក្តៅខ្លាំង និងខ្សោះជាតិទឹក
- ចូរឲ្យកូនបៅដោះ ឬទឹកដោះគោជាទៀងទាត់
- បើសិនជាកូនមានអាការៈរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ ចូរយកគេចេញភ្លាម និងស្អំទឹកត្រជាក់ឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន៕