Join with Health.com.kh on Telegram

​ជំងឺ​គាំងបេះដូង​កើតឡើង​នៅ​ពេល​សរសៃឈាម​មួយ ឬ​ច្រើន​ដែល​មាន​នាទី​ចិញ្ចឹម​សាច់ដុំ​បេះដូង (Coronary Arteries ) ត្រូវ​បាន​ស្ទះ​។ រយៈពេល​យូរៗ​ទៅ សរសៃឈាម​នេះ​អាច​ទៅជា​ក្រិន​ដោយសារតែ​ការ​កក់កុញ​នៃ​សារធាតុ​ជាច្រើន​ដូចជា កូ​ឡេ​ស្តេ​រ៉ុល និង​សារធាតុ​ផ្សេងទៀត​។ ការ​កក់កុញ ឬ​កំណក​ក្នុង​សរសៃឈាម​នេះ​ហៅថា​ជំងឺ​ក្រិន​សរសៃឈាម​។ នៅពេល​សរសៃឈាម​បេះដូង​រួម​តូច​ដោយសារតែ​ជំងឺ​នេះ បង្ក​បាន​ទៅ​ជា​ជំងឺ​មួយ​ទៀត​ឈ្មោះ​ថា Coronary Artery Disease ដែល​វា​ជា​មូលហេតុ​របស់​ជំងឺ​គាំងបេះដូង​ភាគច្រើន​។​
 


​ក្នុងពេល​គាំងបេះដូង ដុំ​កំណក​ក្នុង​សរសៃឈាម​បេះដូង​អាច​នឹង​របក​ចេញ ទៅក្នុង​ចរន្តឈាម បន្ទាប់​មក​កន្លែង​ដែលរ​បើក​កំណក​ឈាម​នោះ នឹង​មាន​ដំណើរការកំណ​កឈាម​កើត​ឡើង​ដើម្បី​ជួសជុល​សរសៃឈាម​ដែល​ខូចខាត​។ បើសិនជា​កំណក​ឈាម​នោះ​ធំ​គ្រប់គ្រាន់​ហើយ វា​អាច​នឹង​ត្រូវ​បាន​ស្ទះ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​តែម្តង​។​
 
​មូលហេតុ​ផ្សេង​មួយ​ទៀរ​បស់​ជំងឺ​គាំងបេះដូង គឺ​ដោយសារតែ​ការ​រឹង​ជាប់​នេះ​សរសៃឈាម​បេះដូង ធ្វើ​អោយ​បិទ​ជិត​ដល់​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​។ ថ្នាំ​មួយចំនួន​ដូចជា កូកាអ៊ីន​អាច​បណ្តាលអោយ​មាន​ការ​រឹង​សរសៃឈាម​ជាប់​ដែល​គំរាម​គំហែង​ដល់​ជីវិត​បាន​។ ជំងឺ​គាំងបេះដូង​ក៏​អាច​កើតឡើង​ដោយសារតែ​ការ​រហែក​សរសៃឈាម​បេះដូង​ផងដែរ​។ មូលហេតុ​ដែល​ពុំ​សូវ​កើតមាន​ផ្សេងៗ​ទៀត​មាន​ដូចជា កំណក​គ្រាប់​ឈាម​តូចៗ ឬ​ដុំ​សាច់​ដែល​រសាត់អណ្តែត​ពី​កន្លែង​ណាមួយ​នៃ​រាងកាយ (Coronary Embolism)​។ ជំងឺ​នេះ​ក៏​អាច​កើតឡើង​បាន​ដែរ​បើសិនជា​លំហូរ​ឈាម​ទៅក្នុង​បេះដូង​ថយចុះ​ធ្ងន់ធ្ងរ (​ជំងឺ​សម្ពាធ​ឈាម​ថយចុះ ឬ​ហ្យុ​ក​)​។​
 
​ជាមួយគ្នានេះដែរ មាន​កត្តា​ជាច្រើន​ទៀត​ដែល​ធ្វើអោយ​មាន​កំណក​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម ទៅ​ជា​សរសៃឈាម​រួម​តូច ជាពិសេស​សរសៃឈាម​បេះដូង​តែម្តង​។ អ្នក​អាច​ពង្រឹង ឬ​លុប​បំបាត់​កត្តា​អស់ទាំង​នេះ​បាន​ដើម្បី​កុំអោយ​មាន​ឱកាស​ដើម​ជំងឺ​គាំងបេះដូង​ជា​លើក​ទី​មួយ​បាន​។ ខាងក្រោម​នេះ​គឺជា​កត្តា​ប្រឈមមុខ​មួយចំនួន​របស់​ជំងឺ​គាំងបេះដូង​៖
– អាយុ​៖ បុរស​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើង​ទៅ និង​ស្ត្រី​អាយុ​ចាប់ពី ៥៥​ឆ្នាំ​ឡើង​ទៅ​ទំនងជា​អាច​កើត​ជំងឺ​គាំងបេះដូង​ច្រើនជាង​មនុស្ស​វ័យក្មេង​ជាង​នេះ​។​
– ការជក់បារី​៖ ការជក់បារី និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​រយៈពេល​យូរ​ក៏​អាច​បណ្តាលអោយ​ខូចខាត​ដល់​ជញ្ជាំង​សរសៃឈាម​ខាងក្នុង ជាពិសេស​សរសៃឈាម​បេះដូង​តែម្តង ដែល​ជាហេតុ​នាំ​អោយ​កក​ជា​តិកូ​ឡេ​ស្ទេ​រ៉ុង និង​សរសៃ​ផ្សេងៗ​ទៀត ព្រមទាំង​លំហូរ​ឈាម​ថយចុះ​។ ការជក់បារី​ក៏​បង្កើន​ការ​ប្រឈម​នឹង​ការកើតមាន​កំណក​ឈាម ព្រមទាំង​ជំងឺ​គាំងបេះដូង​ដែឬ​។​
– សម្ពាធ​ឈាម​ឡើង​ខ្ពស់​៖ រយៈពេល​យូរៗ​ទៅ ការឡើង​សម្ពាធ​ឈាម​ខ្ពស់​អាច​បណ្តាលអោយ​ខូច​សរសៃឈាម​ដែល​ទៅ​ចិញ្ចឹម​សាច់​បេះដូង​បាន​។ បញ្ហា​នេះ​ច្រើន​កើតមាន​លើ​មនុស្ស​ធាត់​ជ្រុល​, ជក់បារី​, កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ ឬ​ជំងឺ​ទឹកនោម​ផ្អែម​។​
– កូ​ឡេ​ស្តេ​រ៉ុល ឬ​ជាតិ​ខ្លាញ់ Triglyceride ក្នុង​ឈាម​ឡើង​ខ្ពស់​៖ កូ​ឡេ​ស្តេ​រ៉ុល​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ធ្វើ​អោយ​សរសៃឈាម​រួម​តូច​ជាពិសេស​សរសៃឈាម​បេះដូង​។ ការឡើង​ខ្ពស់​នៃ​កម្រិត​ជាតិ​ខ្លាញ់កូ​ឡេ​ស្តេ​រ៉ូល​អា​ក្រក់​ក្នុង​ឈាម​មាន​ការ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង​។ កូ​ឡេ​ស្តេ​រ៉ុល LDL (​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​) ច្រើន​តែ​ធ្វើ​អោយ​សរសៃឈាម​រួម​តូច​។ ខ្លាញ់ Triglycerides ដែល​ជា​ប្រភេទ​ខ្លាញ់​ទាក់ទង​នឹង​របប​អាហារ កាលណា​វា​ឡើង​ខ្ពស់​ក៏​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការឡើង​ខ្ពស់​នៃ​កូ​ឡេ​ស្តេ​រ៉ុល HDL (​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​) អាច​ជួយ​អោយ​រាងកាយ​បោសសម្អាត​ជាតិ​ខ្លាញ់​ច្រើន​ចោល​បាន ព្រមទាំង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ផងដែ​ឬ​។​
– ជំងឺ​ទឹកនោម​ផ្អែម​៖ ជំងឺ​ប្រភេទ​នេះ​គឺជា​ការ​អសមត្ថភាព​ដល់​ការផលិត​អាំង​ស៊ុយ​លីន ឬ​អាំង​ស៊ុយ​លីន​ធ្វើការ​មិន​បាន​ល្អ​។ អាំង​ស៊ុយ​លីន ជា​អ័រម៉ូន​មួយ​ប្រភេទ​ដែល​ផលិត​ចេញពី​លំពែង សម្រាប់ភ្ញោ​ច​អោយ​រាងកាយ​ចាប់យក​ជាតិ​ស្ក​រដែល​បានមកពី​ចំណីអាហារ​ទៅ​ប្រើប្រាស់​។ ជំងឺ​ទឹកនោម​ផ្អែម ជាពិសេស​ជំងឺ​ដែល​មិន​បាន​គ្រប់គ្រង ធ្វើអោយ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​។​
– គ្រួសារ​មានប្រវ​ត្ត​កើត​ជំងឺ​គាំងបេះដូង​៖ បើសិនជា​បងប្អូន​, ឪពុកម្តាយ ឬ​ជីដូន​ជីតា​ធ្លាប់​មាន​ជំងឺ​គាំងបេះដូង អ្នក​ប្រហែលជា​ត្រូវ​ប្រឈម​មុខ​ខ្ពស់​ហើយ​។​
– កង្វះ​ការ​ហាត់ប្រាណ​៖ ជីវិត​រស់នៅ​ដែល​មិន​ចេះ​ប្រើ​ពលកម្ម​សុទ្ធតែ​នាំអោយ​ជា​តិកូ​ឡេ​ស្ទើ​រ៉ុលក្នុង​ឈាមឡើង​ខ្ពស់ និង​មាន​ជំងឺ​ធាត់​ជ្រុល​។ អ្នក​ដែល​ហាត់ប្រាណ​បែប​អ៊ែរ៉ូបិ​ចជា​ទៀងទាត់ នឹង​ទទួលបាន​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ដ៏​មាន​សុខភាព​ល្អ ព្រមទាំង​កាត់​បន្ថយ​បាន​រាល់​ការប្រឈមមុខ​ទាំងអស់​របស់​ជំងឺ​គាំងបេះដូង​ទៀត​។ ការ​ហាត់ប្រាណ​ក៏មាន​ប្រយោជន៍​ក្នុង​ការកាត់បន្ថយ​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផង​ដែរ​។​
– ធាត់​ជ្រុល​៖ ភាពធាត់​ជ្រុល​អាច​ប្រឈម​នឹង​ជំងឺ​បេះដូង​ព្រោះ​តែ​វា​មាន​ជាប់ទាក់ទង​នឹង​កម្រិត​ជា​តិកូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​ក្នុង​ឈាម​, សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ទឹកនោម​ផ្អែម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​សម្រក​ទម្ងន់​បាន ១០​ភាគរយ​អាច​កាត់បន្ថយ​ការប្រឈមមុខ​បាន​។​
– ស្ត្រេ​ស​៖ អ្នក​ប្រហែលជា​មាន​បញ្ហា​ស្ត្រេ​សតាម​រូបភាព​ជា​ច្រើន ដែល​អាច​ប្រឈម​មុខ​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​។​
– ប្រើ​ថ្នាំញៀន​៖ ការប្រើ​ថ្នាំញៀន​ដូចជា កូកាអ៊ីន ឬ​អំ​ហ្វេ​តា​មីន សុទ្ធតែ​អាច​ធ្វើអោយ​សរសៃឈាម​បេះដូង​រឹង និង​បង្ក​ជា​ជំងឺ​គាំងបេះដូង​បាន​។​
– មាន​ប្រវត្តិ​ត្រៀម​ក្រឡាភ្លើង​៖ អាការៈ​មួយនេះ​ធ្វើអោយ​សម្ពាធ​ឈាមឡើង​ខ្ពស់​ក្នុងពេល​មាន​ផ្ទៃពោះ និង​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​បេះដូង​៕