ធ្លាប់ដឹងទេថាការជ្រើសរើសប្រភេទអាហារត្រឹមត្រូវដើម្បីទទួលទានអាចជួយបង្កើនភាពមានកូនបាន? ហើយការមានរបបអាហារត្រឹមត្រូវក៏ពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្កើនឱកាសនៃការមានផ្ទៃពោះផងដែរ។
ដូច្នេះប្រសិនបើអ្នកព្យាយាមមានផ្ទៃពោះមួយរយៈហើយ ប៉ុន្តែមិនបានសម្រេច ចូរបន្ថែមអាហារទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ថាតើអាហារអ្វីខ្លះទៅដែលអាចជួយឱ្យអ្នកឆាប់មានកូ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីអាហារដែលអ្នកគួរទទួលទាន ប្រសិនបើចង់មានផ្ទៃពោះឆាប់ ៖
១. អាហារដែលមានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់
សម្រាប់គូស្វាមីភរិយាដែលកំពុងព្យាយាមមានផ្ទៃពោះ ចូរកុំភ្លេចបន្ថែមប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ក្នុងរបបអាហារប្រចាំថ្ងៃ។ ស៊ុត គ្រាប់អាល់ម៉ុន ត្រីធូណា និងសូម្បីតែសាច់សត្វមាន់ ទា ឬក្ងាន ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគុណភាពខ្ពស់ដែលរាងកាយត្រូវការចាំបាច់ដើម្បីបង្កើនភាពមានកូនបាន។
២. ត្រីទឹកត្រជាក់
ដូចជាសាលម៉ុនមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការមានផ្ទៃពោះ និងបង្កកំណើត ហើយក៏ចាំបាច់សម្រាប់ស្ត្រីកំពុងពពោះផងដែរ។ ដូច្នេះអ្នកគួររួមបញ្ចូលត្រីសាលម៉ុនក្នុងរបបអាហារឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៣. បន្លែ និងផ្លែឈើ
បន្លៃបៃតង និងផ្លែឈើស្រស់ៗមិនត្រឹមតែប្រសើរចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់ការឆាប់មានផ្ទៃពោះផងដែរ។ ប្រសិនបើអ្នកចង់ឆាប់មានកូន ចូរបង្កើនការទទួលទានបន្លែបៃតង និងផ្លែឈើដោយវាមានផ្ទុកសម្បូរទៅដោយជាតិដែក អាស៊ីតហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។ ការរួមបញ្ចូលបន្លែបៃតង និងផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃជួយធ្វើឱ្យស្រទាប់ខាងក្នុងនៃស្បូនមានភាពរឹងមាំ ហើយក៏ភ្ជាប់ស៊ុតបង្កកំណើតទៅនឹងស្បូន។
៤. ផលិតផលផ្សំឡើងពីទឹកដោះគោមានផ្ទុកជាតិខ្លាញ់ពេញលេញ
ការ៉េមក៏ជាអាហារសម្រន់ដ៏ល្អបំផុតមួយសម្រាប់អ្នកដែលកំពុងព្យាយាមមានផ្ទៃពោះផងដែរ។ នេះក៏ព្រោះវាផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ពេញលេញនិងជាប្រភពដ៏ប្រសើរនៃកាល់ស្យូមដែលចាំបាច់សម្រាប់បង្កើនឱកាសនៃការមានផ្ទៃពោះ។ ទោះជាយ៉ាងណាអ្នកក៏គួរតែកម្រិតការទទួលទានអាហារប្រភេទនេះដោយញ៊ាំតែមួយក្នុងមួយថ្ងៃបានហើយ។
៥. អាហារមានផ្ទុកជាតិអាស៊ីតហ្វូលិក
សម្រាប់អ្នកដែលចង់ឆាប់មានផ្ទៃពោះ ចូរបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិអាស៊ីតហ្វូលិក។ ធញ្ញជាតិគ្រាប់ពេញ ផ្លែឈើរសជាតិជូរ ស៊ុត ល្ហុង និងបន្លែបៃតងជាដើម គឺសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតហ្វូលិក។
អ្នកចាំបាច់គួរចៀសវាងអាហារ និងភេសជ្ជៈមួយចំនួនផងដែរដូចជា ៖
១. អាហារកែច្នៃ
អាហារប្រភេទនេះមិនល្អសោះឡើយចំពោះសុខភាពរាងកាយទាំងមូល ព្រមទាំងជះឥទ្ធិពលដល់លទ្ធភាពនៃការមានផ្ទៃពោះទៀតផង។ អាហារកែច្នៃអាចបណ្ដាលឱ្យកើតមានបញ្ហាអតុល្យភាពអ័រម៉ូនចំពោះស្ត្រី ហើយសរីរាង្គបន្តពូជ គឺងាយនឹងរងគ្រោះដោយសារកម្រិតមិនត្រឹមត្រូវនៃអ័រម៉ូនក្នុងរាងកាយ។
២. អាហារសម្បូរខ្លាញ់មិនល្អ
មិនត្រឹមតែធ្វើឱ្យកើនទម្ងន់ខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែអាហារសម្បូរទៅដោយខ្លាញ់មិនល្អក៏បង្កផលប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះផងដែរ។ ភាពធាត់ជ្រុលជាអ្វីមួយដែលបង្កើនហានិភ័យនៃបញ្ហាអតុល្យភាពអ័រម៉ូន។
៣. អាហារសមុទ្រដែលមានផ្ទុកជាតិបារ៉តខ្ពស់
ជាតិបារ៉តច្រើនលើសលប់ក្នុងរាងកាយជះផលឥទ្ធិពលគួរឱ្យព្រួយបារម្ភលើប្រព័ន្ធបន្តពូជ។
៤. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងលើសកម្រិតមិនត្រឹមតែបង្កើនហានិភ័យនៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏បន្ថយឱកាសនៃការមានផ្ទៃពោះរបស់អ្នកផងដែរ។ នេះក៏ព្រោះតែគ្រឿងស្រវឹងអាចបង្កការរលាកក្នុងរាងកាយនិងជះឥទ្ធិពលលើបរិមាណនៃវីតាមីន B ដែលចាំបាច់សម្រាប់ឱកាសនៃការមានផ្ទៃពោះ។
៥. ភេសជ្ជៈកំប៉ុង
ការទទួលទានភេសជ្ជៈកំប៉ុង ឬភេសជ្ជៈសូដាអាចបង្កការរលាកក្នុងរាងកាយដែលជះឥទ្ធិពលដល់កម្រិតនៃអ័រម៉ូននិងប្រព័ន្ធបន្តពូជ៕