រាជធានីភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅមិនមានការបិទសាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងទៀតនោះទេ ទោះបីមានករណីឆ្លងជំងឺកូវីដ១៩ក្តី ប្រសិនបើមានអ្នកឆ្លងត្រូវយកអ្នកឆ្លងទៅព្យាបាលមិនបិទទាំងស្រុងដូចមុនទៀតទេ ។
សម្តេចតេជោ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២២ ខែតុលានេះថា ប្រសិនបើមានកម្មកររោងចក្រឆ្លង ត្រូវយកតែអ្នកជំងឺទៅព្យាបាល ហើយរក្សាវិធានសុខាភិបាល សម្លា.ប់មេរោគ ដោយឡែករោងចក្រដំណើរការធម្មតាមិនត្រូវបិទទៀតទេ ។
សម្តេចតេជោ បញ្ជាក់ថា ផ្សារ ទីប្រជុំជន និងសាលារៀនក៏ត្រូវអនុវត្តដូចគ្នា មិនត្រូវបិទផ្សារ រោងចក្រ ឫសាលារៀនទាំងមូលទៀតទេ ពីព្រោះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ហើយ ។
សម្តេចតេជោ បញ្ជាក់ថា ដោយសារតែយើងមានវ៉ាក់សាំងគ្រប់ដូច្នេះ ការយកសំណាកក៏ត្រូវអនុវត្តដូចគ្នា គឺបើមានវិជ្ជមានម្នាក់ ធ្វើតេស្តម្នាក់ មិនចាំបាច់យកមួយភូមិ មកធ្វើតេស្តដូចមុននោះឡើយ បើអ្នកមានការសង្ស័យចាំយកមកធ្វើតេស្ត បើមានវិជ្ជមាន ហើយអាការៈធម្មតាអាចព្យាបាលនៅផ្ទះ ហើយបើមានអាការៈឈឺចាំបញ្ជូនទៅព្យាបាល ៕