Join with Health.com.kh on Telegram

នៅពេលផ្ដាសាយភាគច្រើននៃពួកយើងចៀសមិនផុតពីអាការៈតឹងច្រមុះឡើយ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយបំបាត់អាការៈតឹងច្រមុះយ៉ាងឆាប់រហ័ស ៖

១. ញ៊ាំអាហារហឹរ

ធ្លាប់សម្គាល់ឃើញទេថា នៅពេលញ៊ាំអាហារហឹរ ច្រមុះរបស់អ្នកចាប់ផ្ដើមហៀសំបោរ? ដូច្នេះហើយទើបការញ៊ាំអាហារហឹរនៅពេលតឹងច្រមុះអាចជួយដោះស្រាយបញ្ហាបានមួយខណៈពេល។ អ្នកអាចរួមបញ្ចូលម្ទេស, ខ្ទឹមស, ខ្ញី និងរមៀតក្នុងអាហារមុននឹងទទួលទាន។ រមៀតមិនត្រឹមតែល្អសម្រាប់បំបាត់អាការៈតឹងច្រមុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលនឹងជួយឱ្យជំងឺផ្ដាសាយឆាប់ជាសះស្បើយផងដែរ។

២. ឆ្ពុងជាមួយខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដំខ្ទឹមសពី ៣ ទៅ ៥កំពឹសសិន បន្ទាប់មកសឹមបន្ថែមចូលក្នុងទឹកមួយចានគោម និងដាក់ដាំឱ្យពុះ។ រម្ងាស់សម្រាប់រយៈពេល ៥នាទី សឹមយកចេញពីចង្ក្រាន និងចាក់ចូលក្នុងចានគោមវិញ។ ប្រើប្រាស់កន្សែង ឬក្រណាត់គ្របពីលើក្បាលដើម្បីឆ្ពុងស្រូបយកចំហាយទឹកខ្ទឹមស។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។

៣. គេងផ្អៀង

ការតឹងច្រមុះកើតមាននៅពេលស្លេស ឬរំអិលជាច្រើនស្ទះជាប់ក្នុងប្រហោងឆ្អឹងច្រមុះដែលនាំឱ្យពិបាកដកដង្ហើមបានស្រួល។ ដូច្នេះវាជាការសំខាន់ណាស់ក្នុងការគេងដាក់ក្បាលឱ្យរាងខ្ពស់កំឡុងពេលយប់។ អ្នកក៏ចាំបាច់គួរជ្រើសរើសគេងផ្អៀងជំនួសឱ្យការគេងផ្ងារផងដែរ ខណៈដែលវាអាចជួយសម្រួលដល់ការដកដង្ហើមដោះស្រាយបញ្ហាតឹងច្រមុះ។

៤. ទទួលទានទឹកអោយបានច្រើន

ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ជួយពង្រាវស្លេស ឬសំបោរដែលជួយអោយអ្នកដកដង្ហើមបានស្រួល។ ដូច្នេះចូរដទទួលទានទឹកអោយបានច្រើនកែវក្នុងមួយថ្ងៃ អ្នកក៏អាចទទួលទានទឹកតែ ឬទឹកផ្លែឈើស្រស់ៗផងដែរ។

៥. ញ៊ាំស៊ុប ឬទទួលទានតែក្ដៅៗ

ទោះបីជាការទទួលទានអាហាររាវ ឬភេសជ្ជៈក្ដៅៗមិនជួយឱ្យអ្នកឆាប់ជាសះស្បើយពីជំងឺផ្ដាសាយ ប៉ុន្តែវិធីនេះនឹងធ្វើឱ្យអ្នកធូរស្រាលពីអាការៈរំខានមួយចំនួន រួមបញ្ចូលទាំងអាការៈតឹងច្រមុះ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានស៊ុបមាន់ក្ដៅៗ, តែបៃតង និងសូម្បីតែភេសជ្ជៈក្រូចឆ្មារទឹកឃ្មុំក្ដៅៗ។

៦. ស្អំកម្ដៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់កន្សែង ឬក្រណាត់ស្អាតមួយជ្រលក់ចូលក្នុងទឹកក្ដៅឧណ្ហៗ (មិនក្ដៅពេកចៀសវាងការរលាក) រួចពូតទឹកចេញបន្តិចសិន សឹមដាក់ស្អំនៅចន្លោះចម្រុះផ្នែកខាងលើនិងថ្ងាស។ រងចាំសម្រាប់រយៈពេលពី ១ ទៅ ២នាទី សឹមយកចេញ និងអនុវត្តសារឡើងវិញពី ៣ ទៅ ៤ដង។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕