Join with Health.com.kh on Telegram

ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថារបបអាហារក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសម្រស់ផងដែរ។ ថាតើអាហារអ្វីខ្លះជួយទប់ស្កាត់ការឡើងមុន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានប្រសិទ្ធភាពប្រឆាំងរោគមុន ៖

១. បន្លែបៃតង

បន្លែបៃតងជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មអាចប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កការបំផ្លាញដល់ស្បែកនិងនាំឱ្យកើតមុន។ អ្នកក៏គួរព្យាយាមរួមបញ្ចូលបន្លែប្រភេទ cruciferous រួមមានផ្កាខាត់ណា, ប្រូខូលី ឬផ្កាខាត់ណាខៀវ និងស្ពៃក្ដោបជាដើមក្នុងរបបអាហារប្រចាំថ្ងៃផង ខណៈដែលវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុចិញ្ចឹមដែលរាងកាយត្រូវការចាំបាច់សម្រាប់រក្សាបាននូវស្បែកភ្លឺរលោងមានសុខភាពល្អ។

២. យ៉ាអួរ

អាហារសម្រន់នេះជាប្រភពដ៏ប្រសើរនៃជាតិប្រូបាយអូទិក។ ប្រសិនបើអ្នកចង់ប្រឆាំងនឹងរោគមុន នោះអ្នកចាំបាច់គួរព្យាយាមរក្សាឱ្យបាននូវសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរ។ ហើយវិធីដ៏ងាយបំផុតមួយដើម្បីរក្សាសុខភាពប្រព័ន្ធរំលាយអាហារនោះ គឺការទទួលទានអាហារមានផ្ទុកសារធាតុប្រូបាយអូទិកដែលជួយគ្រប់គ្រងបាក់តេរីក្នុងពោះវៀន។ ម្យ៉ាងវិញទៀតប្រសិនបើប្រព័ន្ធរំលាយអាហារដំណើរការមុខងារបានត្រឹមត្រូវនោះវានឹងអាចមានសមត្ថភាពពេញលេញក្នុងការបំបែករាល់ចំណីអាហារដែលអ្នកទទួលទាន។ ជាលទ្ធផលរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមពីក្នុងអាហារបានកាន់តែប្រសើរ។

៣. ដំឡូងជ្វា

នេះក៏ព្រោះតែអាហារមើមនេះជាប្រភពដ៏ប្រសើរនៃវីតាមីន A និងវីតាមីន C ដែលល្អសម្រាប់ដោះស្រាយបញ្ហាមុន។

៤. ខ្ទឹមស

ពេលខ្លះរោគមុនក៏អាចកើតឡើងដោយសារប្រតិកម្មឆ្លើយតបរបស់រាងកាយប្រឆាំងនឹងមេរោគបាក់តេរី។ ខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរាងកាយរួមបញ្ចូលទាំងសារធាតុ allicin។

៥. ការ៉ុត

មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលមិនត្រឹមតែល្អសម្រាប់ភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់ស្បែកកាត់បន្ថយនិងទប់ស្កាត់ការឡើងមុនផងដែរ។ ការ៉ុតក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយកម្ចាត់ជាតិពុលពីប្រព័ន្ធរាងកាយ។

៦. ផ្លែប៉ោម

មានផ្ទុកជាតិសសៃ pectin ល្អសម្រាប់ប្រឆាំងរោគមុនដោយកម្ចាត់ជាតិពុលដែលបង្កបញ្ហានេះចេញពីរាងកាយ។

៧. តែបៃតង

ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្ម epigallocatechin gallate ឬ EGCG ដែលមានប្រយោជន៍កាត់បន្ថយការផលិតជាតិខ្លាញ់ sebum របស់ស្បែកទប់ស្កាត់ការឡើងមុន។ ក្រៅពីទទួលទានតែបៃតងជាប្រចាំហើយនោះ អ្នកក៏អាចប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ក្នុងទឹកតែបៃតងដើម្បីលាបលើតំបន់ស្បែកដែលឧស្សាហ៍ឡើងមុនដូចជាស្បែកមុខសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់ និងអនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

៨. ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញ ក៏ដូចជាមុនងាយនឹងលេចឡើងចំពោះស្បែកស្ងួតពេកដូចគ្នា។ លើសពីនេះទៅទៀតជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។ វីតាមីន B នៃផ្លែបឺរក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលទប់ស្កាត់បញ្ហាមុនគួរ​ឱ្យកត់សម្គាល់។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕