ទឹកដោះគោ​ត្រូវ​បាន​គេ​ដឹង​ថា​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​សំខាន់​ៗ​ជា​ច្រើន​មុខ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដូច​ជា​៖ វីតាមីន A វីតាមីន B វីតាមីន D ជាតិ​កាល់ស្យូម ប្រូតេអ៊ីន និង​អាស៊ីត​ឡាក់​ទិ​ក (Lactic Acid)​។

ចំណែកឯ​ទឹកឃ្មុំ​វិញ មានគុណ​ប្រយោជន៍​ជា​ច្រើន​យ៉ាង​ដែល​មានគុណ​តម្លៃ​ខាង​សុខភាព​តាំងពី​យូរលង់​ណាស់​មក​ហើយ ដោយសារ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រឆាំង​នឹង​មេរោគ​បាក់តេរី និង​រោគ​ផ្សិត​ផ្សេង​ៗ ថែម​ទាំង​អាច​មាន​លទ្ធភាព​រារាំង ការពារ និង​ព្យាបាល​បញ្ហា​រលាក​ក្នុង​រាង​កាយ ជំងឺ​ផ្លូវដង្ហើម ព្រមទាំង​បញ្ហា​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត​។

ប៉ុន្តែ​តើ​អ្នក​បានដឹង​ដែរ​ឬទេ​ថា គ្រាន់តែ​ទទួលទាន​ទឹកដោះគោ ជាមួយនឹង​ទឹកឃ្មុំ​បូក​ផ្សំ​បញ្ចូល​គ្នា​ថែម​ទៀត​នោះ រឹតតែ​អាច​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​ជំនួយ​ដល់​សុខភាព​ទ្វេ​ដង​ផង​ដែរ ដែល​ធ្វើ​ឱ្យ​អ្នក​នឹក​ស្មាន​មិន​ដល់​។

ចង់​ដឹង​ថា ការ​ទទួលទាន​ទឹកដោះគោ​លាយ​ទឹកឃ្មុំ​មាន​ប្រយោជន៍​សម្រាប់​សុខភាព និង​សម្រស់​អ្វី​ខ្លះមក​តាមដាន​ទាំងអស់​គ្នា​៖

ថែរក្សា​ស្បែក
ទាំង​ទឹកដោះគោ និង​ទឹកឃ្មុំ សុទ្ធតែ​មានគុណ​សម្បត្តិ អាច​ធ្វើការ​ប្រឆាំង​មេរោគ​បាក់តេរី និង​មាន​សមត្ថភាព​លាង​សម្អាត​សុខភាព​រាង​កាយ​ពី​ខាងក្នុង​បាន​ដូច​គ្នា​។ ដូច្នេះ​ហើយ​បានជា​ការ​ទទួលទាន​ទឹកដោះគោ​លាយ​ទឹកឃ្មុំ ក៏​អាច​ជួយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ទន់ ស រលោង ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ​ពី​ខាងក្នុង​បាន​ផង​ដែរ​។
ហើយ​ប្រសិនជា​ចង់​ធ្វើ​ឱ្យ​ស្បែក​កាន់តែ​ស្រស់​ស្អាត​ពី​ផ្នែក​ខាងក្រៅ​ទៀត​នោះ អ្នក​អាច​លាយ​ទឹកដោះគោ និង​ទឹកឃ្មុំ​ក្នុង​បរិមាណ​ស្មើគ្នា រួច​លាយ​វា​នៅ​ក្នុង​ទឹក​អាង រួច​គេង​ត្រាំ​ទឹក​នោះ​ឱ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​បាន នោះ​ស្បែក​របស់​អ្នក​រឹតតែ​មាន​សភាព​រលោង ស្រស់​ស្អាត​ជាង​មុន​មិន​ខាន​។

ជំនួយ​ប្រព័ន្ធ​រំលាយ​អាហារ
ទឹកដោះគោ និង​ទឹកឃ្មុំ​ជា​ប្រភព​នៃ Prebiotics Probiotics និង​សារធាតុ​សំខាន់​ៗ​ចាំបាច់​ជា​ច្រើន​ទៀត ដែល​អាច​ជួយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ៗ​នៅ​ក្នុង​ក្រពះ​ពោះវៀន និង​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​មាន​សុខភាព​ល្អ​ជាង​មុន ព្រមទាំង​កាត់​បន្ថយ​ការ​រីក​លូតលាស់​បាក់តេរី​មិនល្អ​ផង​ដែរ​។ នៅ​ពេល​មាន​តុល្យភាព​បាក់តេរី​ល្អ​ៗ​នៅ​ក្នុង​រាង​កាយ​បែប​នេះ វា​អាច​ជួយ​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ល្អ ព្យាបាល​អាការ​រលាក និង​បញ្ហា​សុខភាព​ផ្សេង​ៗ​រួម​មាន​៖ បញ្ហា​ទល់លាមក រមួលក្រពើ ហើម​ប៉ោង និង​តឹង​ក្នុង​ពោះ​ជាដើម​។

ផ្តល់​ថាមពល​រាង​កាយ
ការ​ទទួលទាន​ទឹកដោះគោ​លាយ​ទឹកឃ្មុំ​មួយ​កែវ​រាល់​ព្រឹក ត្រូវ​បាន​គេ​ដឹង​ថា អាច​ជួយ​ផ្តល់​ថាមពល​ដល់​រាង​កាយ​បាន​យ៉ាង​ប្រសិទ្ធភាព​ផង​ដែរ​។ ម្យ៉ាងវិញទៀត ដោយសារ​ទាំង​ទឹកដោះគោ និង​ទឹកឃ្មុំ មាន​ជាតិ​ប្រូតេអ៊ីន ព្រមទាំង​សារធាតុ​កាបូ​អ៊ី​ដ្រា​ត​ដែល​មាន​ប្រយោជន៍ (Carbohydrates) វា​ថែម​ទាំង​អាច​ជួយ​ជម្រុញ​មុខងារ​នៃ​កា​រំលាយ​អាហារ និង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ឱ្យ​ដំណើរការ​ល្អ​ទៀត​ផង​។ ដូច្នេះ​ទាំង​មនុស្ស​ចាស់ និង​ក្មេង​ៗ​សុទ្ធតែ​អាច​ទទួលទាន​ទឹកដោះគោ និង​ទឹកឃ្មុំ​នេះ​បាន​ដើម្បី​សុខភាព​។

ជួយ​ដល់​សុខភាព​ឆ្អឹង
ទឹកឃ្មុំ អាច​មាន​លទ្ធភាព​ជួយ​ស្រូប​យក​សារធាតុចិញ្ចឹម​សំខាន់​ៗ​ចាំបាច់​ពី​ចំណីអាហារ​ទៅ​កាន់​រាង​កាយ ជា​ពិសេស​គឺ​ជាតិ​កាល់ស្យូម ហើយ​ដូចដែល​អ្នក​បានដឹង​រួច​ហើយ​ថា ទឹកដោះគោ​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​។ ដូច្នេះ​ហើយ​ការ​ទទួលទាន​ទឹកដោះគោ​លាយ​ជាមួយ​ទឹកឃ្មុំ អាច​ធ្វើ​ឱ្យ​ដំណើរការ​ស្រូប​យក​សារធាតុចិញ្ចឹម និង​ជាតិ​កាល់ស្យូម​ទៅ​កាន់​រាង​កាយ​កាន់តែ​បាន​លឿន និង​ច្រើន​ជាង​មុន ដែល​គេ​បានដឹង​ថា​ជាតិ​កាល់ស្យូម​នេះ អាច​ជួយ​ធ្វើ​ឱ្យ​ឆ្អឹង​របស់​អ្នកមាន​សុខភាព​ល្អ ថែម​ទាំង​អាច​បង្ការ​ជំងឺ​ពុក​ឆ្អឹង និង​ការ​រលាក​ផ្សេង​ៗ​ដូច​ជា​រលាក​សន្លាក់ឆ្អឹង​ជាដើម​។

ជួយ​ដល់​ការ​គេង
ការ​ទទួលទាន​ទឹកដោះគោ និង​ទឹកឃ្មុំ ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​សម្រាប់​ជំនួយ​ដល់​ការ​គេង ធ្វើ​ឱ្យ​គេង​លក់​ស្រួល និង​គេង​លក់​ស្កប់ស្កល់ ថែម​ទាំង​អាច​បង្ការ​បញ្ហា​គេង​មិន​លក់​ជាដើម​។ បន្ថែម​ពី​នេះ ទឹកឃ្មុំ​អាច​ជួយ​បង្កើន​កម្រិត​អរ​ម៉ូ​ន​អាំង​ស៊ុ​យ​លី​ន​ក្នុង​រាង​កាយ​ដើម្បី​ជម្រុញ​សារធាតុ Tryptophan ប​ម្លែ​ង​ជា Serotonin ទៅ​កាន់​ខួរក្បាល​ដើម្បី​ឱ្យ​មាន​ភាព​ធូរស្រាល​ពី​ភាព​តានតឹង​និង​ធ្វើ​ឱ្យ​ការ​គេង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​រាង​មុន​។

53241238 – people, children, rest and comfort concept – girl sleeping in bed at home

ប្រឆាំង​នឹង​ភាព​ចាស់
ប្រជាជន​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា ក្រិ​ច រ៉ូ​ម និង​ឥណ្ឌា បាន​ផ្សំ​ទឹកឃ្មុំ ជាមួយនឹង​ទឹកដោះគោ សម្រាប់​ទទួលទាន ដើម្បី​ជួយ​ធ្វើ​ឱ្យ​រាង​កាយ​រហ័សរហួន រឹង​មាំ និង​មាន​សម្រស់​ក្មេង​ជា​វ័យ​ផង​ដែរ​។ បន្ថែម​ពី​នោះ ដោយសារ​ទឹកឃ្មុំ និង​ទឹកដោះគោ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​រ៉ា​ឌី​កាល់​សេរី ដែល​អាច​ជួយ​រារាំង​ផល​ប៉ះពាល់​ផ្សេង​ៗ​ដល់​រាង​កាយ​នោះ វា​នឹង​ជួយ​ធ្វើ​ឱ្យ​អ្នកមាន​សុខភាព​ល្អ ជា​ពិសេស​គឺ​ការពារ​ផល​ប៉ះពាល់​នៃ​សុខភាព​ស្បែក ប្រឆាំង​នឹង​ភាព​ចាស់​ជ្រីវជ្រួញ និង​ជួយ​បំបាត់​ស្នាម​ផ្សេង​ៗ​ដែល​កើត​មាន​លើ​ស្បែក​ផង​ដែរ​។

ប្រឆាំង​មេរោគ និង​បាក់តេរី
ការ​ទទួលទាន​ទឹកដោះគោ​ក្តៅ​ឧណ្ហ​ៗ លាយ​ជាមួយនឹង​ទឹកឃ្មុំ អាច​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​ប្រឆាំង​មេរោគ និង​បាក់តេរី​ឱ្យ​កាន់តែ​ល្អ​ជាង​មុន ជា​ពិសេស​គឺ​អាច​ព្យាបាល​បញ្ហា​ទល់លាមក បញ្ហា​ក្រពះ​ពោះវៀន បញ្ហា​ហើម និង​តឹង​ពោះ​ដោយសារ​ខ្យល់​(​ឧស្ម័ន​) ផង​ដែរ​។ បន្ថែម​ពី​នោះ វា​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ព្យាបាល​អ្នក​ដែល​មាន​បញ្ហា​ប្រព័ន្ធ​ផ្លូវដង្ហើម ដូច​ជា​៖ បញ្ហា​ក្អក និង​ផ្តាសាយ​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង