ការប្រសូត្របុត្រភ្លោះពីរ (twins) តាមលក្ខណៈធម្មជាតិអាចជាសញ្ញានៃការមានសុខភាពល្អរបស់មាតា។ នេះគឺជាការរកឃើញថ្មីមួយទៀតដែលទើបនឹងចេញផ្សាយ ។ ការសិក្សានេះត្រូវបានគេរកឃើញក្នុងចំណោមស្ត្រីដែលកើតនៅរដ្ឋ Utah ក្នុងចន្លោះឆ្នាំ ១៩៨០ដល់១៨៩៩, ចំពោះអ្នកដែលមានកូនភ្លោះពីរ គឺហាក់ដូចជាអាចមានឳកាសរស់នៅបានយូរជាងមាតាដែលកើតកូនតែម្តងមួយ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Utah បានធ្វើការវាយតំលៃទៅលើកំណត់ត្រាស្រីជិត ៥៩,000 នាក់ នៅ Utah, ដែលបានកើតក្នុងចន្លោះឆ្នាំ ១៨០៧ និង ១៨៩៩ ហើយមានអាយុយ៉ាងហោចណាស់ ៥០ ឆ្នាំ ។ ក្នុងចំនោមស្ត្រីទាំងអស់នោះ, មានស្ត្រីប្រហែលជា ៤៦០០ នាក់ បានប្រសូត្រកូនភ្លោះពីរ (twins) ។
ក្នុងចំណោមស្ត្រីដែលកើតមុនឆ្នាំ ១៨៧០, ម្តាយដែលកើតបានកូនភ្លោះពីរមានហានិភ័យស្លាប់បន្ទាប់ពីអាយុ ៥០ ឆ្នាំ ចំនួន ៧,៦ ភាគរយ តិចជាងម្តាយដែលមានកូនតែមួយ ។ ក្នុងចំណោមស្ត្រីដែលកើតក្នុងចន្លោះឆ្នាំ ១៨៧០ និង ១៨៩៩,ហានិភ័យគឺមានចំនួន៣,៣ភាគរយទាបជាងចំពោះម្តាយដែលមានកូនភ្លោះ។
ការសិក្សាក៏បានបង្ហាញដែរថា ម្តាយដែលបង្កើតបានកូនភ្លោះពីរអាច ៖
- មានកូនច្រើនជាងធម្មតា
- គម្លាតពីកូនមួយទៅមួយមានរយៈពេលខ្លី
- និង អាចមានអាយុច្រើននៅពេលដែលពួកគេមានកូនពៅ។
ស្ត្រីមានកូនភ្លោះជាទូទៅមានបន្ទុកធ្ងន់។ ប៉ុន្តែ គេក៏បានរកឃើញអំពីភាពផ្ទុយគ្នានេះដែរ គឺថា ស្ត្រីដែលបានមានផ្ទៃពោះបុត្រភ្លោះពីរដោយធម្មជាតិ, ការពិតទៅ គឺអាចរស់រានមានជីវិតបានយូរ ហើយដំណើរការបង្កើតកូនរបស់គាត់ពិតជាសកម្ម” ។