Join with Health.com.kh on Telegram

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួងការពារជាតិ បាន​ចាក់​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​ជាង ១៣​ម៉ឺន​នាក់​ហើយ ក្នុង​រយៈពេល ៣​ថ្ងៃ​កន្លង​ទៅ​នេះ ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ព័ត៌មាន ក្រសួងការពារជាតិ​បាន​បង្ហោះ​នៅ​មុន​នេះ​បន្តិច ។

ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ របស់​ក្រសួងការពារជាតិ បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ (​ដូ​ស​ទី​៣) ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១១ ខែតុលា កន្លង​ទៅ​នេះ ។ ក្រុមការងារ​ចាក់​វ៉ាក់សាំង ក្រសួងការពារជាតិ ទទួល​ភារកិច្ច​ចាក់​ដូ​ស​ជំរុញ​នៅ​ក្នុង​ខណ្ឌ​ចំនួន​៦ រួម​មាន ៖ ខណ្ឌមានជ័យ​, ដង្កោ​, កំ​បូល​, ពោធិ៍​សែន​ជ័យ​, ឫស្សី​កែវ​, ទួល​គោក និង​ខណ្ឌ​សែន​សុខ ចំនួន ១​សង្កាត់​ផង​ដែរ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​កង​យោធពលខេមរភូមិន្ទ និង​ជានា​យក​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ក្រសួងការពារជាតិ បាន​ថ្លែង​បញ្ជា​ក់ថាៈ ដំណើរការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ ដំណើរការ​បាន​ល្អ​ប្រសើរ​ទៅ​តាម​ការ​គ្រោងទុក មិន​មាន​ឧបសគ្គ​អ្វី​ច្រើន​នោះ​ឡើយ ។ លោក​ក៏​បាន​កត់សម្គាល់​ឃើញ​ដែរ​ថាៈ ប្រជាពលរដ្ឋ​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​យ៉ាង​សស្រាក់សស្រាំ ។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ ជា​លទ្ធផល​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក្រសួងការពារជាតិ ចាក់​ជូន​ប្រជាពលរដ្ឋ​បាន ចំនួន​សរុប ១៣២,៨៨៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៧០,៧២៤​នាក់​។

បើ​ទោះបីជា​យ៉ាងណា នាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ នៅ​តែ​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ ទោះបី​រវល់​អ្វី​ក៏​ដោយ ត្រូវ​តែ​ឆ្លៀត​ទៅ​ចាក់​ដូ​ស​ជំរុញ​ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​បាន​កងការពារ​សុខភាព​កាន់តែ​ប្រសើរ​ពី​មេរោគ​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ដែរ​ថា សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដោយ​កងទ័ព​នេះ គឺ​កងទ័ព​ចាក់​តែ​ពលរដ្ឋ​ដែល​បាន​ចាក់​ដូ​ស​ទី​១ និង​ទី​២ ជាមួយ​កងទ័ព​តែ​ប៉ុណ្ណោះ ហើយ​មាន​គម្លាត​ពី​ដូ​ស​ទី​២ មក រយៈពេល​យ៉ាងតិច​បំផុត ៤​ខែ ។ ឯកសារ​ដែល​តម្រូវ​សម្រាប់​ភ្ជាប់​ទៅ​ចាក់​ដូ​ស​ជំរុញ​ទី​១ គឺ​បណ្ណ​ចាក់​វ៉ាក់សាំង​, បើ​មិន​ទាន់​បាន​បណ្ណ​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​លិខិត​ទម្រង់​ចាក់​វ៉ាក់សាំង​កាលពី​ដូ​ស​ទី ១ និង​ទី​២​។

ក្នុង​នោះ​បើ​ប្រជាពលរដ្ឋ​បាត់​បណ្ណ ឬ​បាត់​លិខិត​ទម្រង់​ចាក់​វ៉ាក់សាំង គឺ​អាច​រាយការណ៍​ជូន​ក្រុមការងារ​ផ្ទាល់​នៅ​ទីនោះ ហើយ​ក្រុមការងារ​នឹង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយ​ប្រព័ន្ធ​។ បើ​រក​ឃើញ​មាន​ព័ត៌មាន​នៅ​ក្នុង​ប្រព័ន្ធ គឺ​ក្រុមការងារ​នឹង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ជូន និង​រៀបចំ​ធ្វើ​បណ្ណ​ជូន​ឡើង​វិញ​ផង​ដែរ ៕