ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការងូតទឹករួច ចូលគេងភ្លាមអាចបង្កបញ្ហាគួរឱ្យបារម្ភមួយចំនួន។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរងូតទឹករួចភ្លាមចូលគេងភ្លែត ៖

១. ពិបាកនឹងគេងលក់

ធ្លាប់ដឹងទេថាការងូតទឹកក្ដៅនៅមុនពេលចូលគេងអាចបង្កភាពរំខានដល់ការគេងលក់របស់អ្នក? នេះក៏ព្រោះតែវាអាចបង្កើនសីតុណ្ហភាពស្នូលរបស់រាងកាយ។ ដើម្បីជាការប្រសើរ ចូរជ្រើសរើសងូតទឹកក្ដៅឧណ្ហៗ ១ម៉ោង ឬ ២ម៉ោងមុនពេលចូលគេង។

២. បង្កើនអត្រានៃចង្វាក់បេះដូង

ជាពិសេសប្រសិនបើអ្នកជ្រើសរើសងូតទឹកក្ដៅ! នេះក៏ព្រោះតែទឹកក្ដៅបង្កើនកម្រិតនៃសម្ពាធឈាមដែលបង្កភាពស្ត្រេសដល់បេះដូង។ នៅពេលបេះដូងលោតញាប់ពេក គួបផ្សំនឹងសម្ពាធឈាមឡើងខ្ពស់ផងនោះវាអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពផ្សេងទៀតជាច្រើន។

៣. អាចធ្វើឱ្យកើនទម្ងន់

អ្នកប្រហែលជាគិតថា ការញ៊ាំអាហារពេលល្ងាចឆ្ងាញ់ៗ និងការងូតទឹកក្ដៅមុនពេលចូលគេងអាចនឹងផ្ដល់ឱ្យអ្នកនូវអារម្មណ៍ល្អប្រសើរ បន្ទាប់ពីហត់នឿយពេញមួយថ្ងៃ។ ជាក់ស្ដែងការចូលងូតទឹកភ្លាមក្រោយទទួលទានអាហារអាចជះផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដែលធ្វើឱ្យកើនទម្ងន់។ ការរំលាយអាហារត្រូវការកំណើននៃលំហូរឈាមទៅកាន់ក្រពះ ហើយការងូតទឹកអាចបណ្ដាលឱ្យឈាមហូរទៅផ្នែកផ្សេងទៀតនៃរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរ យ៉ាងហោចណាស់ត្រូវរងចាំឱ្យបាន ៣០នាទីក្រោយញ៊ាំអាហារសិន សឹមងូតទឹក។

៤. មិនល្អសម្រាប់សក់

ការងូតទឹកភ្លាមចូលគេងភ្លាមទាំងដែលសក់នៅសើមៗ គឺមិនល្អសោះឡើយ! សក់សើមអាចបណ្ដាលឱ្យសើមដល់ខ្នើយបង្កើតជាបរិយាកាសដ៏ល្អសម្រាប់ការលូតលាស់នៃបាក់តេរី។ ជាលទ្ធផលបង្កើនហានិភ័យនៃបញ្ហាស្បែកក្បាលមួយចំនួនដូចជាភាពរមាស់, រលាក និងឡើងអង្គែ។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការអនុវត្តតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង