ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសនៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុបានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុបានផ្សាយ ។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា ជនរងគ្រោះដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន០៥នាក់ គិតត្រឹមម៉ោង២១យប់ ក្រុមសង្គ្រោះរបស់យើងបានស្រង់មនុស្សបានចំនួន០៤នាក់ ក្នុងនោះមាន០១នាក់សង្គ្រោះបាន និង០៣នាក់បានស្លា.ប់បាត់បង់ជីវិត ហើយនៅសល់០១នាក់ទៀត នៅបាត់ខ្លួននៅឡើយ ហើយក្រុមសង្គ្រោះកំពុងមុជទឹកស្វែងរកបន្ត ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យក្រុមជួយសង្គ្រោះប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបន្តស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួនឱ្យបានឃើញ ។

សូមជម្រាបជូនថា គិតត្រឹមម៉ោងនេះ ប្រតិបត្តិការនៃការស្វែងរកជនគ្រោះមិនទាន់បញ្ចប់នៅឡើយទេ ៕

