ជំងឺ​រលាក​សន្លាក់​កើត​នៅ​លើ​មនុស្ស​ជា​ច្រើន​នៅ​លើ​លោក​នេះ ភាគច្រើន​គឺ​អ្នក​ដែល​មាន​អាយុ​ពី​៣០​ទៅ​៦០​ឆ្នាំ​។ វា​ធ្វើ​ឱ្យ​មានការ​លំបាក​នៅ​ក្នុង​ការ​ធ្វើ​ចលនា ហើយ​ជួនកាល​ធ្វើ​ឱ្យ​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​ពេល​យប់ ធ្វើ​ឱ្យ​ភ្ញាក់​ដាច់​ដំណេក​ជា​ញឹកញយ​។

ចំពោះ​ជំងឺ​រលាក​សន្លាក់​នៅ​ដៃ អ្នក​អាច​អនុវត្ត​លំ​ហាត់​ចំនួន​៨​ខាងក្រោម​នេះ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​។

លំ​ហាត់​ទី​១៖ ក្តាប់ដៃ
លំ​ហាត់​នេះ​ងាយ​អនុវត្ត ហើយ​អាច​អនុវត្ត​បាន​នៅ​គ្រប់​ទីកន្លែង​។ កាលណា​អ្នកមាន​អារម្មណ៍​ថា​ដៃ​រឹង ចូរ​ដាក់​ដៃ​ឱ្យ​ត្រង់ រួច​ចាប់​ក្តាប់​ម្រាមដៃ​ចូល​បន្តិច​ៗ ដោយ​ដាក់​មេដៃ​នៅ​ខាងក្នុង​។ បន្ទាប់​មក លា​ម្រាមដៃ​យឺត​ៗ​មក​វិញ​។

លំ​ហាត់​ទី​២៖ បត់​មេដៃ
ដាក់​ដៃ​ផ្ងារ រួច​បត់​មេដៃ​ចូល ទៅ​រក​កូនដៃ​។ ជួនកាល​អ្នក​មិន​អាច​បត់​មេដៃ​ដល់​កូនដៃ​បាន​ទេ តែ​សូមកុំ​បារម្ភ​ថ្វី បត់​បាន​ប៉ុនណា​ទុក​ត្រឹមហ្នឹង​ចុះ ឱ្យ​បាន​មួយសន្ទុះ រួច​បត់​មេដៃ​មក​វិញ​។ អនុវត្ត​ឱ្យ​បាន​១០ ដង​។

លំ​ហាត់​ទី​៣៖ បត់​ម្រាមដៃ
ដាក់​ដៃ​ឱ្យ​ត្រង់​។ បត់​មេដៃ​ចូល​ទៅ​រក​បាតដៃ មួយសន្ទុះ​ក្រោយមក​លា​មេដៃ​មក​វិញ​។ បត់​ចង្អុលដៃ​ម្តង រួច​អនុវត្ត​ដូច​គ្នា​ចំពោះ​ម្រាមដៃ​ឯទៀត​។ កាលណា​អនុវត្ត​ចំពោះ​ដៃ​ឆ្វេង​រួច​ហើយ ចាប់​អនុវត្ត​ចំពោះ​ដៃស្តាំ​វិញ​ម្តង​។

លំ​ហាត់​ទី​៤៖ បត់​ម្រាមដៃ​ជា​រង្វង់
ដាក់​ដៃ​ឱ្យ​ត្រង់ លា​ម្រាមដៃ​ទាំងអស់ រួច​បត់​ម្រាម​ទាំងអស់​ចូល ឱ្យ​បានជា​រង្វង់​មូល​មួយ​។ មួយសន្ទុះ​ក្រោយមក លា​ម្រាមដៃ​ចេញ​ទៅ​វិញ​។

លំ​ហាត់​ទី​៥៖ លើក​ម្រាមដៃ​ឡើង​លើ
ដាក់​ដៃ​ឱ្យ​ត្រង់ បាតដៃ​ចុះ​ក្រោម​។ ប្រឹង​លើក​ម្រាម​មួយ​ម្តង​ៗ​ឡើង​លើ ទុក​២​វិនាទី រួច​ដាក់ចុះ​មក​វិញ​។ កាលណា​អនុវត្ត​ចំពោះ​ដៃ​ឆ្វេង​រួច​ហើយ ចាប់​អនុវត្ត​ចំពោះ​ដៃស្តាំ​វិញ​ម្តង​។

លំ​ហាត់​ទី​៦៖ បត់​ម្រាមដៃ​លើ​តុ
ដាក់​ដៃ​លើ​តុ កូនដៃ​នៅ​ខាងក្រោម មេដៃ​នៅ​ខាងលើ​។ ទុក​មេដៃ​ឱ្យ​នៅ​ត្រង់​ដដែល បត់​ម្រាម​ឯទៀត​ចូល​ឱ្យ​បានជា​អក្សរ L មួយ​។ ទុក​ដូច្នេះ​មួយសន្ទុះ រួច​លា​ម្រាម​ទៅ​វិញ​។ អនុវត្ត​លំ​ហាត់​នេះ​១០​ដង​រាល់​ព្រឹក​។

លំ​ហាត់​ទី​៧៖ ពត់​កដៃ
ដាក់​ដៃ​ឱ្យ​ត្រង់ បាតដៃ​ចុះ​ក្រោម​។ យកដៃ​ម្ខាង​ទៀត​ទៅ​ពត់​ម្រាម​ទាំងអស់​ឡើង​លើ រហូត​ទាល់តែ​កដៃ​ឡើង​តឹង ទុក​ក្នុង​ស្ថានភាព​នេះ​មួយសន្ទុះ រួច​លែង​ម្រាមដៃ​ទៅ​វិញ​។ អនុវត្ត​ឱ្យ​បាន​១០​ដង​ក្នុង​មួយ ព្រឹក​ៗ​។

លំ​ហាត់​ទី​៨៖ ពត់​ម្រាម​ចេញចូល
ដាក់​ម្រាមដៃ​ឱ្យ​ត្រង់ ពត់​ម្រាម​ចេញ​ក្រៅ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទុក​ក្នុង​ស្ថានភាព​នេះ​មួយសន្ទុះ រួច​ពត់​ចូល​មក​វិញ​រហូត​ទាល់តែ​បាន​ទៅ​ជា​ដៃ​ក្តាប់​។ អនុវត្ត​ឱ្យ​បាន​យ៉ាងតិច​២​ដង​ក្នុង​១​ព្រឹក​ៗ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង