រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃទី០៤ តុលា ឆ្នាំ២០២១ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញឱ្យបានជ្រាបថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាក០៣ថ្ងៃ សម្រាប់ពីធីបុណ្យភ្ជុំបិណ្ឌតាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករប្រចាំឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ០៣ថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចធ្វើដំណើរទៅជួបជុំ គ្រួសារ និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ដែលអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា ប្រឈម នឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩។

យ៉ាងណាមិញ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ក្នុង អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពិសេសមេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវ និងលើក ទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត និងធ្វើដំណើរ កម្សាន្តតាមរមណីយដ្ឋាននានាឱ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ដោយចៀសវាងការប្រើមធ្យោបាយធ្វើ ដំណើររួម ដែលងាយនឹងឆ្លងជំងឺកូវីដ-១៩ ។

ក្នុងករណីចៀសមិនផុតពីការប្រើមធ្យោបាយធ្វើដំណើររួមគ្នានោះ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរអំឡុងពេលឈប់សម្រាកនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ដាច់ខាតតាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕