ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលស្រុកកំពង់លែងបានប្រកាសនៅថ្ងៃទី២ ខែតុលានេះ សម្រេចផ្អាកបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវ៥០C ពីចំណុចភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ ។

អ្នកនាំពាក្យសាលាស្រុកកំពង់លែង សូមជម្រាបជូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ ៥០ c ចាប់ពីចំនុចផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែងរហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ទាំងអស់មេត្តាជ្រាបថា ៖




ដោយពិនិត្យឃើញថា កម្ពស់ទឹកទន្លេឆ្នាំ២០២១ បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យកំណាត់ផ្លូវលេខ ៥០c ចាប់ពីចំនុចផ្លូវកែង ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំ ប្រទល់ខេត្តកំពង់ធំ ចាប់ផ្តើមលិច និងហូរកាត់លើផ្លូវ ដោយកន្លែងៗ ដែលអាចបង្កឲ្យមានការខូចខាត ដោយអន្លើ និងងាយទទួលរងការខូចខាតខ្លាំងក្នុងពេលដែលមានយានយន្តគ្រប់ប្រភេទនៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់ ។
ដោយមើលឃើញពីស្ថានភាពជាក់ស្តែង របស់កំណាត់ផ្លូវ ៥០ c និងដើម្បីថែរក្សាការពារកំណាត់ផ្លូវ៥០ c នេះឲ្យមានសភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ត និងបង្ការលើករណីគ្រោះថ្នាក់ដោយប្រការណាមួយសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់រដ្ឋបាលស្រុកសហការជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការផ្អាកជាបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៥០ c ចាប់ពីចំនុចផ្លូវកែងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំនុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក និង មានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើការវិញ ៕