ចង់កម្ចាត់ខ្លាញ់ក្បាលពោះតាមវិធីធម្មជាតិមិនពិបាកឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះកម្ចាត់ខ្លាញ់ក្បាលពោះយ៉ាងឆាប់រហ័ស ៖

១. ទទួលទានតែខ្ញី

ប្រសិនបើអ្នកកំពុងព្យាយាមសម្រកខ្លាញ់ក្បាលពោះ ចូររួមបញ្ចូលតែខ្ញីក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែភេសជ្ជៈនេះអាចជួយសំរួលការរំលាយអាហារនិងមានលក្ខណៈសម្បត្តិជាភ្នាក់ងារ thermogenic បង្កើនសីតុណ្ហភាពក្នុងរាងកាយល្អណាស់សម្រាប់ការដុតបំផ្លាញជាតិខ្លាញ់ដែលលើស។ ការទទួលទានតែខ្ញីជាប្រចាំក៏ជួយបង្កើនសមត្ថភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលមិនត្រឹមតែធ្វើឱ្យស្រកខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ ប៉ុន្តែអាចកម្ចាត់ខ្លាញ់ដែលលើសពេញក្នុងរាងកាយតែម្ដង។

២. កុំខ្ជិលធ្វើលំហាត់ប្រាណឱ្យសោះ

លំហាត់ប្រាណ គឺចាំបាច់ណាស់ប្រសិនបើអ្នកចង់សម្រកខ្លាញ់ក្បាលពោះបានឆាប់។ ទោះជាយ៉ាងណានេះមិនមែនមានន័យថា អ្នកចាំបាច់ត្រូវតែធ្វើលំហាត់ប្រាណកម្រិតខ្លាំងឡើយ។ គ្រាន់តែដើរ, ឡើងជណ្ដើរ, ជិះកង់ ឬរត់ពី ១០ ទៅ ១៥នាទីជាប្រចាំ គឺគ្រប់គ្រាន់ហើយក្នុងការជួយរាងកាយក្នុងដំណើរការដុតបំផ្លាញជាតិខ្លាញ់។

៣. ខ្ទឹមស

ថាតើអ្នកធ្លាប់ដឹងទេថា ខ្ទឹមសក៏មានអត្ថប្រយោជន៍ណាស់ដែរក្នុងការសម្រកខ្លាញ់ក្បាលពោះ? មូលហេតុនោះ គឺខ្ទឹមសមានលក្ខណសម្បត្តិប្រឆាំងភាពធាត់ជ្រុលដែលអាចកម្ចាត់ខ្លាញ់ដែលតោងជាប់រាងកាយ។ ការរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារក៏ជួយបញ្ចុះសម្ពាធឈាមដែលកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ឬដាច់សសៃឈាមខួរក្បាលបានផងដែរ។

៤. កម្រិត ឬចៀសវាងទទួលទានអាហារនិងភេសជ្ជៈផ្អែមៗ

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានអាហារផ្អែមៗ ឬភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់អាចនាំឱ្យកើនទម្ងន់លើស។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកម្រិត ឬកាត់បន្ថយការទទួលទានអាហារនិងភេសជ្ជៈប្រភេទនេះ។

៥. រៀនញ៊ាំម្ទេសខ្លះ

ម្ទេសមានផ្ទុកសារធាតុ capsaicin និងលក្ខណៈសម្បត្តិ thermogenic ដែលជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយ ព្រមទាំងបំបែកជាតិខ្លាញ់ដែលស្តុកទុកក្នុងរាងកាយផងដែរ។ ជាលទ្ធផលអ្នកនឹងអាចសម្រកខ្លាញ់ដែលលើសបានគួរឱ្យកត់សម្គាល់។

៦. បង្កើនការទទួលទានអាហារមានផ្ទុកប្រូបាយអូទិក

ប្រូបាយអូទិកជួយសម្រួលប្រព័ន្ធរំលាយអាហារល្អសម្រាប់ការសម្រកខ្លាញ់ក្បាលពោះ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលអាហារសម្បូរប្រូបាយអូទិកដូចជាយ៉ាអួរជាដើមក្នុងរបបអាហារប្រចាំថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង