Join with Health.com.kh on Telegram

ហានិភ័យនៃជំងឺរលាកសួតអាចកើនឡើងគួរឱ្យបារម្ភដោយសារកត្តាស្មានមិនដល់មួយចំនួន។ មានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាទាំងនោះ ៖

១. ការជក់បារី

ទម្លាប់នេះអាចបណ្ដាលឱ្យសារធាតុពុលជាច្រើនជ្រាបចូលទៅក្នុងរាងកាយតាមរយៈសួត។ ជាលទ្ធផលមិនត្រឹមតែសួតប៉ុណ្ណោះទេដែលទទួលរងគ្រោះ ប៉ុន្តែសរីរាង្គផ្សេងទៀតក៏ជួបផលប៉ះពាល់គួរឱ្យបារម្ភដូចគ្នា។ ដូច្នេះហើយទើបអ្នកជក់បារីប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺរលាកសួតជាងអ្នកដែលមិនមានទម្លាប់នេះ។ បន្ថែមពីនេះវេជ្ជបណ្ឌិតជាច្រើននិយាយថា ប្រមាណ ១០ភាគរយនៃអ្នកជំងឺរលាកសួតអាចវិវត្តទៅជាជំងឺមហារីកសួតក្នុងកំឡុងពេល ១២ខែបន្ទាប់ ជាពិសេសចំពោះអ្នកដែលរលាកសួតផ្នែកខាងលើ។

២. ការទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត

ក្នុងកម្រិតមធ្យម គ្រឿងស្រវឹង គឺអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ ទោះជាយ៉ាងណាការទទួលទានភេសជ្ជៈនេះលើសកម្រិតអាចផ្ដល់លទ្ធផលផ្ទុយពីការរំពឹងទុកមកវិញ។ អ្នកអាចប្រឈមមុខខ្ពស់នឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនគួរឱ្យបារម្ភរួមបញ្ចូលទាំងជំងឺរលាកសួត។

៣. ប្រព័ន្ធភាពស៊ាំចុះខ្សោយ

ប្រព័ន្ធភាពស៊ាំចុះខ្សោយមិនអាចជួយរាងកាយបានពេញលេញក្នុងការការពារប្រឆាំងពពួកបាក់តេរីនិងវីរុសដែលអាចបណ្ដាលឱ្យថង់សួតឆ្លងមេរោគនិងរលាក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺវីរុសបង្កជំងឺរលាកសួតងាយនឹងជ្រាតចូលទៅក្នុងថង់ខ្យល់តូចៗក្នុងសួត។ បន្ថែមពីនេះប្រព័ន្ធភាពស៊ាំរាងកាយចុះខ្សោយក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើនផ្សេងទៀតផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរព្យាយាមរក្សាឱ្យបាននូវភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំតាមរយៈរបបអាហារសុខភាពល្អ, ការធ្វើលំហាត់ប្រាណ និងការគេងឱ្យបានគ្រប់គ្រាន់ជាដើម។

៤. ឧស្សាហ៍កើតជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយធំ

វេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា អ្នកអាចប្រឈមមុខនឹងការវិវត្តទៅជាជំងឺរលាកសួត ប្រសិនបើអ្នកមានជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយធំ។ នេះក៏ព្រោះតែពពួករីរុសនៃជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយធំក៏អាចបង្កជំងឺរលាកសួតផងដែរ។ ទោះជាយ៉ាងណាមិនមែនឱ្យតែផ្ដាសាយ គឺអាចកើតជំងឺរលាកសួតនោះទេ ប៉ុន្តែក៏មិនមែនមានន័យថាមិនអាចកើតដែរ! ជំងឺរលាកសួតដោយសារការឆ្លងមេរោគនៃប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើច្រើនកើតមានចំពោះក្មេងៗ, មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ៕