Join with Health.com.kh on Telegram

ជម្ងឺ​លិង្គ​ងាប់ ដែល​ហៅ​ម្យ៉ាងទៀត​ថា​អសមត្ថភាព​ក្នុង​ការ​រួម​ភេទ (impotence) គឺជា​ការ​បាត់បង់​នូវសមត្ថភាព​ក្នុង​ការ​សម្រេច​ឬ​ទ្រទ្រង់​ឲ្យ​បាន​នូវ​ភាព​រីក​ធំ​របស់​លិង្គ​(erection) ដើម្បី​បំពេញ​ការ​សម្រេច​បំណង​ខាង​ផ្លូវ​កាម​។ ជម្ងឺ​លិង្គ​ងាប់​វា​ខុស​គ្នា​ពី​លក្ខខណ្ឌ​ដទៃ​ទៀត​ដែល​អាច​ជ្រៀតជ្រែក​មក​លើ​ការ​រួម​សង្វាស​របស់​បុរស​ៗ​បាន​ដែរ ដូច​ជា​ការ​ខ្វះ​នូវ​ចំណង់​ខាង​ផ្លូវភេទ​(lack of sexual desire) ដោយ​មាន ការ​ថយ​ចុះ​នៃ​តម្រេក (decreased libido) និង​ការ​មាន​បញ្ហា​នៅ​ក្នុង​ការ​បញ្ចេញ​ទឹកកាម​(ejaculation) និង​ការ​សម្រេច​ដល់ទី​បំផុត​នៃ​តម្រេក (orgasm) ជាដើម​។

តើ​លិង្គ​ឡើង​ធំ​ដោយ​របៀប​ដូច​ម្តេច?

ការ​ឡើង​ធំ​របស់​លិង្គ​ចាប់ផ្តើម​ឡើង​ជាមួយនឹង​រំញោច​ខាង​ផ្លូវភេទ​(sexual stimulation)​។ ការ​រំញោច​នេះ​អាច​មាន​ឡើង​ដោយ​ការ​ស្ទាបអង្អែល​(tactile) ដូច​ជា​ប៉ះ​អង្អែល​លិង្គ ឬ​ដោយ​មាន​អារម្មណ៍​រវើរវាយ​ខាង​ផ្លូវភេទ​។ ការ​ស្រើបស្រាល​ឬ​រំភើប​(arousal) ខាង​ផ្លូវភេទ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ពល​វេ​គ អគ្គី​ស​នី​(electrical impulses) នៅ​តាម​បណ្តោយ​សរសៃប្រសាទ​ដែល​ត​ភ្ជាប់​ទៅ​លិង្គ និង​ធ្វើ​ឲ្យ​សរសៃប្រសាទ​បញ្ចេញ​នូវ nitric oxide ដែល​ធ្វើ​ឲ្យ​មានការ​ផលិត​កើនឡើង​នៃ cyclic GMP (cGMP) នៅ​ក្នុង​កោសិកា​របស់​សាច់ដុំ​ទន់​ៗ​នៃ​corpora cavernosa​។ cGMP នេះ​បាន​ធ្វើ​ឲ្យ​សាច់ដុំ​ទន់​ៗ​នៃ corpora cavernosa បន្ធូរបន្ថយ​ខ្លួន​ឡើង ជា​ហេតុ​ធ្វើ​ឲ្យ​ឈាម​អាច​ហូរ​ចូល​មក​ក្នុង​លិង្គ​បាន​ពេញ corpora cavernosa ហើយ​ធ្វើ​ឲ្យ​លិង្គ​រីក​ធំ​ឡើង ។

តើ​លិង្គ​ឡើង​ធំ​បាន​យូរ​ដោយ​របៀប​ដូច​ម្តេច?

ការ​ដែល​លិង្គ​បាន​រីក​ធំ​ឡើង​នេះ​បង្កើត​បានជា​សម្ពាធ​ទៅ​លើ​សរសៃ​វែ​ន (​គឺ​សរសៃឈាម​ដែល​នាំ​ឈាម​ចេញពី​លិង្គ​ទៅ​) នៅ​ក្នុង tunica albuginea ហើយ​ជួយ​ខ្ទប់​ឈាម​ឲ្យ​ស្ថិត​នៅ​ក្នុង corpora cavernosa ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លិង្គ​នៅ​រឹង​ជាប់​។ ភាព​រឹង​របស់​លិង្គ​នេះ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ត្រលប់​ទៅ​វិញ បើកាលណា​កម្រិត cGMP នៅ​ក្នុង corpora cavernosa ថយ​ចុះ ដែល​នឹង​ធ្វើ​ឲ្យ​សាច់ដុំ​ទន់​ៗ​កន្ត្រាក់​ឡើង រួច​រារាំង​ការ​ហូរ​ចូល​មក​របស់​ឈាម ហើយ​បើក​សរសៃ​វែ​ន​ឲ្យ​នាំ​ឈាម​ហូរ​ចេញពី​លិង្គ​ទៅ​។ កម្រិត​នៃ cGMP នៅ​ក្នុង corpora cavernosa ថយ​ចុះ​ព្រោះ​វា​ត្រូវ​បាន​បំផ្លាញ​ដោយ​អង់​ហ្ស៊ី​ម​មួយ​ដែល​មានឈ្មោះ​ហៅ​ថា phosphodiesterase type 5 (PDE5)​។