បញ្ហាឈឺរោយកញ្ចឹង-កដោយសារស្ត្រេស ឬថប់បារម្ភ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗព្យាបាលអាការៈនេះ ៖

១. ស្អំកម្ដៅ ឬស្អំទឹកកក

ការស្អំទឹកកក ឬស្អំកម្ដៅត្រង់កញ្ចឹងកកន្លែងដែលទទួលរងការឈឺចាប់ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុត។ ការស្អំកម្ដៅ និងការងូតទឹកក្ដៅឧណ្ហៗ គឺមានប្រសិទ្ធិភាពបំបាត់ការឈឺចាប់បានឆាប់រហ័សដូចគ្នា។

២. ម៉ាស្សាថ្នមៗ

ការម៉ាស្សា គឺល្អណាស់សម្រាប់សម្រួលសាច់ដុំផ្ដល់ភាពធូរស្រាល។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាកញ្ចឹងក និងស្មាថ្នមៗជាការស្រេច។ អ្នកក៏អាចប្រើប្រាស់ប្រេងដូង ឬប្រេងអូលីវក្ដៅឧណ្ហលាបម៉ាស្សាបានផងដែរ។

៣. លំហាត់ប្រាណសន្ធឹងសាច់ដុំ

ដើម្បីបំបាត់អាការៈឈឺរោយកញ្ចឹងកដោយសារភាពស្ត្រេស ឬថប់បារម្ភ អ្នកអាចជ្រើសរើសធ្វើលំហាត់ប្រាណសន្ធឹងសាច់ដុំតំបន់នេះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែងើយមើលឡើងលើ រួចចុះក្រោម បន្ទាប់មកបែរទៅឆ្វេង រួចទៅស្ដាំដោយថ្នមៗយឺតៗ។ ការធ្វើបែបនេះជួយសម្រួលសាច់ដុំត្រង់តំបន់កបំបាត់ភាពឈឺចាប់។

៤. ព្យាយាមគ្រប់គ្រងស្ត្រេស ឬភាពថប់បារម្ភ

ប្រសិនបើមិនចង់ឱ្យភាពឈឺរោយកញ្ចឹងកកាន់តែខ្លាំងឡើង វាជាការសំខាន់ណាស់ក្នុងការបំបាត់ចោលនូវរាល់អ្វីដែលបង្កើនកម្រិតនៃភាពស្ត្រេស ឬភាពថប់បារម្ភរបស់អ្នក។ អ្នកក៏មិនត្រូវភ្លេចកម្រិតការទទួលទានកាហ្វេ និងផ្ដាច់ឈប់ជក់បារីផង ខណៈដែលវាក៏ជាដើមចមនៃបញ្ហាដែរ។

៥. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ

ឌីសនៅចន្លោះឆ្អឹងខ្នងត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាការតម្រឹមឆ្អឹងខ្នង, កម្ពស់ឌីស និងកម្ចាត់សម្ពាធចេញពីឆ្អឹងខ្នង ក៏ដូចជាកាត់បន្ថយការឈឺចាប់ត្រង់កញ្ចឹងក។ ដូច្នេះចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់យ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង