ជំងឺមហារីកបំពង់កគឺសំដៅលើដុំសាច់កាចក្នុងបំពង់ក(pharynx) ប្រអប់សំលេង (Larynx) ឬអាមីដាល់(Tonsils)។ បំពង់ករបស់អ្នកគឺជាបំពង់សាច់ដុំមួយដែលចាប់ពីក្រោយនៃច្រមុះរហូតទៅដល់ផ្នែកចុងក្រោយនៃករបស់អ្នក។
ប្រអប់សំលេងរបស់អ្នកគឺនៅពីខាងក្រោមបំពង់កហើយវាក៏ងាយនឹងកើតមានជំងឺមហារីកបំពង់កផងដែរ។ ប្រអប់សំលេងនេះត្រូវបានបង្កើតឡើងដោយឆ្អឹងខ្ចី និងមានខ្សែសំលេងដែលញ័រដើម្បីបង្កើតជាសំលេងនៅពេលដែលអ្នកនិយាយ។ ជំងឺមហារីកបំពង់កក៏អាចប៉ះពាល់ដល់ក្រឡើត(epiglottis) ដែលដើរតួនាទីជាគំរបនៃបំពង់ខ្យល់របស់អ្នក។

មហារីកអាមីដាល់(Tonsils cancer)គឺជាទម្រងមួយផ្សេងទៀតនៃជំងឺមហារីកបំពង់កដែលប៉ះពាល់ដល់អាមីដាល់ដែលមានទីតាំងស្ថិតនៅពីក្រោយបំពង់ក។ អ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់ករបស់អ្នកបានដោយការមិនជក់បារី មិនចុកថ្នាំជក់និងប្រើប្រាស់គ្រឿងស្រវឹងអោយមានកម្រិត។ មិនមានវិធីដើម្បីការពារជំងឺមហារីកមិនអោយកើតមាននោះទេ។ ប៉ុន្តែអាចមានវិធីដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់ករបស់អ្នកបានដែលក្នុងនោះមានដូចជា៖
- បញ្ឈប់ការជក់បារី ឬមិនបានចាប់ផ្តើមការជក់បារី៖ ប្រសិនបើអ្នកជក់បារីសូមបញ្ឈប់។ ប្រសិនបើអ្នកមិនជក់បារីទេនោះសូមកុំចាប់ផ្តើម។ បញ្ឈប់ការជក់បារីអាចជាការលំបាកខ្លាំងណាស់ដូច្នេះសូមស្វែងរកជំនួយមួយចំនួន។ គ្រូពេទ្យរបស់អ្នកអាចពិភាក្សាពីអត្ថប្រយោជន៍ និងហានិភ័យនៃយុទ្ធសាស្ត្របញ្ឈប់ការជក់បារីជាច្រើនដូចជាដោយការប្រើប្រាស់ថ្នាំ ផលិតផលជំនួសជាតិនីកូទីន និងការផ្តល់ប្រឹក្សាយោបល។
- ញ៉ាំគ្រឿងស្រវឹងនៅក្នុងកម្រិតមធ្យម បើមិនអាចឈប់បានទាំងស្រុង។ ចំពោះស្ត្រីនេះមានន័យថាញ៉ាំត្រឹម១កំប៉ុងក្នុងមួយថ្ងៃ។ ចំពោះបុរស, ការញ៉ាំស្រាកម្រិតមធ្យមមានន័យថាមិនលើសពីពីរកំប៉ុងក្នុងមួយថ្ងៃ។
- របបអាហារដែលមានសុខភាពល្អដែលពោពេញដោយផ្លែឈើ និងបន្លែ។ វីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែឈើ និងបន្លែអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់កបាន។ បរិភោគបន្លែ និងផ្លែឈើចម្រុះពណ៌គ្នាអោយបានច្រើន។
- ការពារខ្លួនអ្នកពីវីរុសHPV ជំងឺមហារីកបំពង់កមួយចំនួនត្រូវបានគេគិតថានឹងត្រូវបានបង្កឡើងដោយការឆ្លងវីរ៉ុសHPV តាមរយៈការរួមភេទ។ អ្នកអាចកាត់បន្ថយការប្រឈមនៃការឆ្លងវីរុស HPV ដោយកម្រិតចំនួនដៃគូផ្លូវភេទ និងការប្រើស្រោមអនាម័យនៅរាល់ពេលដែលអ្នកមានការរួមភេទ។ ក៏គួរពិចារណាផងដែរចំពោះវ៉ាក់សាំងHPVដែលអាចប្រើប្រាស់បានទាំងក្មេងប្រុស ក្មេងស្រី ស្ត្រីវ័យក្មេង និងបុរស៕
