ប្រយ័ត្នរឿងស្បែកកន្ទួល និងចំណុចនានា
ទារក អាចនឹងជួបបញ្ហាស្បែកជាច្រើន អំឡុងពេលពីរបីខែដំបូង នៃជីវិតរបស់គេ ដែលមានដូចជា ការឡើងកន្ទួលស្បែក របកស្បែក រមាស់ស្បែក កមស្បែកក្បាល មុន និងបញ្ហាផ្សេងៗទៀត។ ពេលខ្លះ វាបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូន ឬការចេញមុនកំណត់ ប៉ុន្តែ ករណីខ្លះទៀត គឺវាបណ្តាលមកពីបញ្ហារលាក ហើយករណីកម្រ គឺមកពីការឆ្លងមេរោគ។ ដូច្នេះ អ្នកត្រូបស្វែងយល់ពីបញ្ហាទាំងអស់នេះ ជាមុនទើបប្រសើរ។
ទារកទើបនឹងកើត ងាយនឹងឡើងកន្ទួលស្បែកណាស់
ដោយសារតែការឡើងកន្ទួល គឺជារឿងធម្មតានោះ ជាទូទៅ គេមិនចាំបាច់ព្យាបាលអ្វីនោះទេ។ ប៉ុន្តែ វាមានសារៈសំខាន់ណាស់ សម្រាប់អ្នកជាម្តាយ ក្នុងការប្រឹក្សាយោបល់ជាមួយនឹង គ្រូពេទ្យកុមារ ដើម្បីដឹងពីបញ្ហា ដែលកូនអ្នកកំពុងជួបប្រទះ ថាតើវាធម្មតា ឬយ៉ាងណានោះ ព្រោះពេលខ្លះ វាអាចត្រូវការប្រើថ្នាំមួយចំនួន ដើម្បីព្យាបាល។
ប្រយ័ត្នរឿងរមាស់ ឬកន្ទួល ដោយសារខោទឹកនោម
បញ្ហានេះឧស្សាហ៍កើតខ្លាំងណាស់ ដោយសារតែការរាលដាល មកពីទឹកនោម លាមក ឬម្សៅជាដើម។ ពេលខ្លះ វាបណ្តាលមកពីការឆ្លងមេរោគ ផ្សិត បាក់តេរី ដែលធ្វើឲ្យស្បែកឡើងអាលែកស៊ី ទៅនឹងខោទឹកនោម។ ជាទូទៅ បញ្ហានេះអាចការពារ និងដោះស្រាយបាន ដោយគ្រាន់តែអ្នក ប្តូរខោទឹកនោម ឲ្យបានញឹកញាប់ ជាពិសេស ពេលទារកបត់ជើងធំ ឬនោម ឲ្យបានលឿនបំផុត ហើយទុកកន្លែងនោះឲ្យស្ងួតល្អ មុននឹងប្តូរ។ ចូរជ្រើសរើសផលិតផល ដែលមានគុណភាពល្អ។

ផ្នូក (ចំណុចដៅពីកំណើត)
ចំណុចដៅពីកំណើត អាចកើតមានលើកុមារ ពី ៥ ទៅ ១០ ភាគរយ។ វាជារឿងធម្មតានោះទេ ហើយអ្នកក៏មិនចាំបាច់ព្រួយបារម្ភ ឬស្វែងរកការព្យាបាលនោះដែរ។ ពេលខ្លះ វាកើតឡើងពីកំណើតតែម្តង តែពេលខ្លះ វានឹងកើតមាន ពេលកុមារធំបន្តិច។
ប្រទាលត្រអាក
វាជាការឡើងកន្ទួល រមាស់ ឬពង ដោយសារតែការប៉ះពាល់ ទៅនឹងសារធាតុណាមួយ ដែលធ្វើឲ្យអាលែកស៊ី។ ជាទូទៅ វាកើតលើទារក ដែលមានអាយុលើសពី ៣ ខែ និងច្រើនកើតនៅលើ ក្បាល មុខ ទ្រូង ចុងដៃ ជង្គង់ និងកន្លែងស្លៀកខោទឹកនោម។ ការព្យាបាលគឺ ត្រូវចៀសវាងសារធាតុ ដែលធ្វើឲ្យអាលែកស៊ី និងការប្រើថ្នាំ ឬផ្តល់សំណើមដល់កន្លែង ដែលមានបញ្ហា។
បញ្ហាស្បែកស្ងួត
ទារកទើបនឹងកើត ច្រើនកើតបញ្ហារបកស្បែកតិចៗ ដែលបណ្តាលមកពីបញ្ហាស្ងួតស្បែក ដោយសារតែស្បែកទារក បានប៉ះនឹងបរិស្ថានដែលមានខ្យល់ និងស្ងួតជាងនៅក្នុងពោះម្តាយ ដែលមានសុទ្ធតែជាតិទឹក។ អ្នកក៏មិនចាំបាច់បារម្ភ អំពីបញ្ហានេះដែរ ព្រោះវានឹងបាត់ទៅវិញ ដោយខ្លួនឯងនោះទេ៕
