យើងមិនអាចកំណត់ថាតើ ទារកចូលចិត្តក្តៅ ឬត្រជាក់ទេ គឺវាអាស្រ័យទៅលើសុខភាព និងបរិស្ថានរស់នៅជុំវិញខ្លួន។ ដូច្នេះ ឪពុកម្តាយគ្រប់រូបគួរចង់ចាំថា ការត្រជាក់ ឬក្តៅពេក សុទ្ធតែធ្វើឲ្យកូន ជួបបញ្ហាទាំងអស់។
ពេលទារករងារ
ទារក ដែលមិនអាចធន់ នឹងភាពត្រជាក់បាន ភាគច្រើន គឺនៅស្ងៀមទ្រឹង។ ពេលទារករងារ គេមិនមានចំណាប់អារម្មណ៍ ក្នុងការទទួលទាន ហើយក៏គ្មានកម្លាំងយំដែរ នេះហើយ គឺជាបញ្ហាធំ។ ថាមពលរបស់ទារក ត្រូវបានប្រើប្រាស់អស់ហើយ ដើម្បីធ្វើឲ្យរាងកាយគេ មានកម្តៅល្មម។ ទារកនឹងកាន់តែមានគ្រោះថ្នាក់ ដោយការរងារ (ដូចជា ត្រជាក់ដៃ ត្រជាក់ជើង ញ័រខ្លួនប្រាណ ឬកន្ត្រាក់)។ ពេលទារកមិនអាចទ្រាំ នឹងការត្រជាក់នេះបាន អ្នកគួរតែយកគេ មកអោបជាប់នឹងទ្រូង ដើម្បីផ្តល់កម្តៅឲ្យទារក។ បន្ទាប់ពីទារកកក់ក្តៅហើយ អ្នកគួរតែគ្របគេ ជាមួយនឹងក្រណាត់ ឬភួតក្រាស់ល្មម។
ពេលទារកក្តៅខ្លាំងពេក
ពេលទារកមានអារម្មណ៍ថាក្តៅ ខ្លួនប្រាណ ឬសក់ក្បាលរបស់គេ នឹងសើម ហើយបើកញើសតាមក ខ្នង និងទ្រូង។ ពេលខ្លះ សម្ពាធបេះដូង អាចលោតលឿន ហើយពេលខ្លះ ក៏មានក្តៅខ្លួនផងដែរ។ អ្នកគួរតែដោះសម្លៀកបំពាក់ របស់ទារកចេញឲ្យអស់ ដើម្បីឲ្យគេបានត្រជាក់បន្តិច។

ប្រសិនបើអ្នកគ្របទារក ឬស្លៀកពាក់គេតឹង ឬជិតពេក វាអាចនឹងធ្វើឲ្យទារក ក្តៅ ឬបែកញើស។ ករណីធ្ងន់ធ្ងរ វាអាចធ្វើទារក ជួបបញ្ហាផ្សេងៗ ដូចជា ជំងឺដោយសារក្តៅខ្លាំងពេក ស្បែកស្ងួត ពងបែក បេះដូងដើរញាប់ ក្អួត ពិបាកដកដង្ហើម និងខ្វះជាតិទឹក។ ករណីនេះ ទារក ទាមទារការមើលថែទាំជាពិសេស ដោយក្រុមគ្រូពេទ្យជំនាញ។
ដូច្នេះ ឪពុកម្តាយគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការស្លៀកសម្លៀកបំពាក់ទារក ឲ្យបានត្រឹមត្រូវ សាកសមនឹងបរិស្ថានជុំវិញខ្លួន ដូចជា ពេលបើកម៉ាស៊ីនត្រជាក់ ត្រូវគ្របទារកឲ្យជិតបន្តិច តែពេលអាកាសធាតុក្តៅខ្លាំង ត្រូវបន្ធូរ ឬដោះក្រណាត់គ្រប ឬភួយ ចេញ។
យ៉ាងណាមិញ គ្រូពេទ្យមួយចំនួន បានណែនាំថា ពេលគេង សីតុណ្ហភាពដែលល្អសម្រាប់ទារក គឺចន្លោះពី ១៨ ទៅ ២៤ អង្សារសេ៕



