តែបៃតងគឺជាភេសជ្ជៈដែលល្អដល់សុខភាព មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយឲ្យមើលទៅក្មេងជាងវ័យ តែបៃតងក៏ជាភេសជ្ជៈដែលអាចសម្រកទម្ងន់ផងដែរ។ ថ្ងៃនេះយើងមានវិធីទទួលទានតែបៃតងដើម្បីទទួលបានអត្ថប្រយោជន៍ដល់សុខភាព ថែមទាំងជួយសម្រកទម្ងន់មកផ្ញើ។
ទទួលទានក្នុងបរិមាណសមរម្យ
ការទទួលទានតែបៃតងឲ្យទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត គួរតែទទួលទានពី ៤-៥ កែវក្នុងមួយថ្ងៃនឹងធ្វើឲ្យរាងកាយទទួលជាតិកាហ្វេអ៊ីនមិនលើសពី ២០០ មីលីក្រាម តែបើទទួលទានច្រើនពេកនឹងបណ្តាលឲ្យមានអារម្មណ៍មិនសូវល្អ គេងមិនលក់។
គ្រោះថ្នាក់នៃការទទួលទានតែបៃតងច្រើនពេក
ទទួលទានតែបៃតងឬតែខ្មៅច្រើនពេក នឹងធ្វើឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម មួយចំនួន ដូចជាfolic acid និងវីតាមីនសំខាន់ៗជាច្រើន។ ចំពោះស្ត្រីមានផ្ទៃពោះមិនគួរទទួលទាន តែបៃតងច្រើនពេកទេត្រឹមតែ ២ កែវក្នុងមួយថ្ងៃឬវិធីល្អ បញ្ឈប់ការទទួលទានតែបៃតងតែម្តងរឹតតែល្អ។ តែបៃតងក៏បានធ្វើឲ្យរាងកាយឈប់ស្រូបយកជាតិដែកផងដែរទើបធ្វើឲ្យយើងងាយនឹងខ្សោយអស់កម្លាំង។ ការទទួលទានច្រើនអាចបណ្តាលឲ្យវិលមុខដោយសារតែប្លាកែតចុះទាប។ សម្រាប់អ្នកជំងឺបេះដូងត្រូវប្រយ័ត្នកុំទទួលទានតែបៃតងច្រើនពេក ព្រោះអាចធ្វើឲ្យបេះដូងលោតខ្លាំង រហូតបណ្តាលឲ្យគាំងបេះដូង ហើយបើទទួលទានតែបៃតងមុនពេលចូលគេងអាចបណ្តាលឲ្យគេងមិនលក់។
ទទួលទានតែបៃតងដើម្បីសម្រកទម្ងន់
ប្រសិនបើចង់សម្រកទម្ងន់ដោយការទទួលទានតែបៃតង ត្រូវតែជ្រើសរើសតែបៃតងដែលឆុងចេញថ្មី កុំជ្រើសរើសទទួលទានតែបៃតងដបដែលដាក់លក់នៅតាមហាងផ្សេងៗ ព្រោះវាមានជាតិស្ករ ក្រៅពីមិនធ្វើឲ្យស្គម អាចបណ្តាលឲ្យឡើងទម្ងន់ផងដែរ។ ការទទួលទានតែបៃតងត្រូវដាំទឹកឲ្យពុះហើយដាក់កញ្ចប់តែចូលរងចាំប្រហែល២-៣នាទី រួចយកកញ្ចប់តែចេញ ហើយទទួលទានភ្លាមៗ គួរទទួលទានតែបៃតងនៅពេលក្តៅឧណ្ណៗ។ ការទទួលទានតែបៃតងត្រជាក់ អាចបណ្តាលឲ្យឈឺពោះបាន ព្រោះនៅក្នុងតែបៃតងមានសារធាតុ Catechins ដែលមានសមត្ថភាពដុតបំផ្លាញ់ជាតិខ្លាញ់ ប្រសិនបើទទួលទានជាប់រហូតនឹងកាត់បន្ថយជាតិខ្លាញ់ ធ្វើឲ្យមិនចង់ញ៉ាំអាហារឬបង្អែម ទើបធ្វើឲ្យងាយស្រួលសម្រកទម្ងន់។
ទទួលទានតែបៃតងបន្ទាប់ពីអាហារ
គួរទទួលទានតែបៃតងនៅរវាងពេលទទួលទានអាហារ នឹងធ្វើឲ្យការសម្រកទម្ងន់ប្រសើរឡើង ឬការទទួលទានបន្ទាប់ពីទទួលទានអាហាររួចក៏មានប្រសិទ្ធភាពល្អដូចគ្នា។ ដូច្នេះគួរតែឆុងតែបៃតងត្រៀមទុក ព្រោះការទទួលទានតែបៃតងក្រោយទទួលទានអាហាររហូតក្លាយជាទម្លាប់នឹងជួយកាត់បន្ថយទម្លាប់នៃការញ៉ាំអាហារសម្រន់ ធ្វើឲ្យមានអារម្មណ៍ថាឆ្អែត មិនងាយឃ្លាន ធ្វើឲ្យទម្ងន់ស្រកជាបន្តបន្ទាប់។
ការទទួលទានតែបៃតង គួរទទួលទានក្នុងបរិមាណដែលសមរម្យ ប្រសិនបើទទួលទានច្រើនពេក អាចបណ្តាលឲ្យបេះដូងលោតញាប់ ឆាប់ខឹងឆេវឆាវ បរិមាណដែលសមរម្យក្នុងការទទួលទានគឺ ៤-៥ កែវក្នុងមួយថ្ងៃ។ ការទទួលទានតែបៃតងបន្ទាប់ពីញ៉ាំអាហាររួច នឹងជួយកាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយការឃ្លានបង្អែម ធ្វើឲ្យទម្ងន់ស្រកបានយ៉ាងងាយស្រួល។