ថាតើរោគសញ្ញាដំបូងនិងទូទៅបំផុតនៃជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញាទូទៅបំផុតនៃជំងឺទឹកនោមផ្អែម ៖

១. នោមញឹក

មួយក្នុងចំណោមរោគសញ្ញាដំបូងទូទៅបំផុតនៃជំងឺទឹកនោមផ្អែមទាំងចំពោះកុមារនិងមនុស្សពេញវ័យនោះ គឺការនោមញឹក។ អ្នកអាចមានអារម្មណ៍ឈឺនោមញឹកខុសធម្មតាហាក់ដូចជានោមមិនអស់ ជាពិសេសកំឡុងពេលយប់ ឬពាក់កណ្ដាលយប់ ទោះបីជាបាននោមរួចមុនពេលគេងក៏ដោយ។ ​ប្រសិនបើឈាមមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើនពេកសឹងគ្រប់ពេល នោះតម្រងនោមត្រូវទទួលបន្ទុកខ្លាំងជាងធម្មតា។ ជាលទ្ធផលនាំឱ្យនោមញឹក ហើយស្រេកទឹកខ្លាំង។

២. ស្រេកទឹកខ្លាំងឥតឈប់

អារម្មណ៍ស្រេកទឹកខ្លាំងខុសធម្មតាក្នុងមួយថ្ងៃៗនិងសូម្បីតែនៅពេលយប់ គឺជាសញ្ញាគួរឱ្យសង្ស័យនៃជំងឺទឹកនោមផ្អែម។ ជាធម្មតាអ្នកគួរទទួលទានទឹកប្រមាណពី ៨ ទៅ ១០ កែវ ឬប្រហែល ២លីត្រក្នុងមួយថ្ងៃ។ អារម្មណ៍ស្រេកទឹកក្រោយពេលទើបនឹងទទួលទានទឹករួចប៉ុន្មាននាទីសោះ គឺមិនមែនជាសញ្ញាល្អឡើយ។ បន្ថែមពីនេះអ្នកទទួលទានទឹកកាន់តែច្រើនប៉ុណ្ណា អ្នកប្រាកដជាឈឺនោមញឹកតាមនោះដែរ។

៣. ឃ្លានខ្លាំងឥតឈប់

រោគសញ្ញាទូទៅបំផុតមួយទៀតនៃជំងឺទឹកនោមផ្អែម គឺអារម្មណ៍ឃ្លានឥតឈប់ សូម្បីតែនៅពេលទើបនឹងញ៊ាំអាហាររួច។ ការឃ្លានអាចប្រែប្រួលចាប់ពីអាហារមានសុខភាពល្អរហូតដល់អាហារដែលមិនល្អចំពោះសុខភាព។ នេះក៏ព្រោះតែខួរក្បាលបញ្ជូនសញ្ញាឱ្យរាងកាយឃ្លានអាហារ សូម្បីតែនៅពេលឆ្អែតក៏ដោយ។ វាកើតឡើងដោយសារការបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងកម្រិតនៃជាតិស្កររបស់អ្នកជំងឺទឹកនោមផ្អែម។ ជាលទ្ធផលនាំឱ្យអ្នកមានអារម្មណ៍ឃ្លានអាហារដែលសម្បូរកាឡូរីនិងជាតិស្ករខ្លាំង។

៤. ស្រកទម្ងន់ភ្លាមៗ

ការស្រកទម្ងន់ខុសធម្មតាក៏ជារោគសញ្ញាមួយនៃជំងឺទឹកនោមផ្អែមផងដែរ។ អ្នកអាចស្រកទម្ងន់ពី ៥ ទៅ ១០គីឡូក្រាមក្នុងមួយខែ។ នេះជារោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី ១ ខណៈដែលការដុតរំលាយជាតិស្ករទទួលរងផលប៉ះពាល់។ រាងកាយអសមត្ថភាពក្នុងការបំលែងថាមពលនាំឱ្យរាងកាយធ្លាក់ក្នុងភាពឃ្លានខ្លាំង ហើយឈានដល់ការបំបែកប្រូតេអ៊ីនក្នុងសាច់ដុំដែលជាលទ្ធផលនាំឱ្យស្រកទម្ងន់ភ្លាមៗ។

សម្គាល់! ប្រសិនបើអ្នកចាប់ផ្ដើមសម្គាល់ឃើញរោគសញ្ញាដំបូងគួរឱ្យសង្ស័យទាំងនេះ ចូរប្រញាប់ទៅជួបទទួលការពិនិត្យកម្រិតនៃជាតិស្ករក្នុងឈាមនៅគ្លីនិក, មន្ទីរពេទ្យ ឬជាមួយគ្រូពេទ្យជំនាញ។ ការពិនិត្យឃើញ ឬធ្វើរោគវិនិច្ឆ័យបានទាន់ពេល គឺប្រសើរណាស់ដើម្បីទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងៗនៃជំងឺនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង