ស្នាមជ្រីវជ្រួញជាផ្នែកមួយនៃដំណើរការភាពចាស់តាមវ័យរបស់ស្បែក។ ទោះជាយ៉ាងណាភាគច្រើននៃពួកយើងតែងស្វែងរកនូវវិធីដើម្បីបន្ថយការលេចចេញនូវរូបរាងនៃស្នាមជ្រីវជ្រួញ។ តើអ្នកធ្លាប់ដឹងទេថាគន្លឹះមួយចំនួនអាចជួយបន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញលើស្បែក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញ ៖

១. ផ្លែបឺរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំ ១ផ្លែឱ្យម៉ដ្ឋបន្ទាប់មកសឹមលាបលើស្បែករយៈពេលពី ២០ ទៅ ៣០នាទីមុនពេលងូតទឹក។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយសប្តាហ៍។

២. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី ​សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៣. ប្រេងដូង

ប្រេងដូងសុទ្ធមានផ្ទុកសម្បូរទៅដោយវីតាមីនដែលចាំបាច់សម្រាប់សុខភាពស្បែកដើម្បីរក្សាបាននូវភាពតឹងណែនគ្មានស្នាមជ្រីវជ្រួញ។ អ្នកអាចលាបម៉ាស្សាប្រេងដូងប​ន្តិចលើស្បែកមុខ ក្រោយពេលលាងសម្អាតមុខរួច។ អ្នកក៏អាចលាយប្រេងដូងជាមួយរមៀតផងដែរ ដោយគ្រាន់តែលាយប្រេងដូង ១ ស្លាបព្រាជាមួយម្សៅរមៀត ១ ចុងស្លាបព្រា។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកនិងទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ រូបមន្តនេះមិនត្រឹមតែជួយកម្ចាត់ស្នាមជ្រីវជ្រួញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាសំណើម និងភាពក្មេងជាងវ័យនៃស្បែក។

៤. ផ្លែចេក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សមកិនចេកទុំ ២ផ្លែឱ្យម៉ដ្ឋខាប់ៗ បន្ទាប់មកសឹមលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ដោយស្នាមជ្រីវជ្រួញ។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយផង។

៥. គ្រាប់អាល់ម៉ុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំគ្រាប់អាល់ម៉ុនប៉ុន្មានគ្រាប់ក្នុងទឹកពេញមួយយប់ បន្ទាប់មកសឹមបកសំបកចេញ រួចកិនឱ្យម៉ដ្ឋក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកមុខ និងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ រួចកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក។

៦. ប៉េងប៉ោះលាយផ្លែបឺរ

រូបមន្តនេះថែមទាំងជួយរក្សាសំណើមដល់ស្បែកនិងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយសាច់ផ្លែបឺរនិងប៉េងប៉ោះក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យម៉ដ្ឋ។ បន្ទាប់មកលាបល្បាយលើស្បែកនិងទុកចោលរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំ។

៧. ត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺចិតសំបកត្រសក់ធំ ១ ផ្លែ រួចកិនត្រសក់ឱ្យម៉ដ្ឋ បន្ទាប់មកដាក់ក្នុងស្បៃស្អាតពូតយកទឹកត្រសក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកត្រសក់ រួចផ្ដិតៗលើផ្ទៃមុខ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង