ការថ្លោះសន្លាក់ដៃជើង អាចបណ្តាលមកពីការដួល ប៉ះអង្គិចខ្លាំង ឬគ្រោះថ្នាក់ណាមួយ ទៅលើសន្លាក់នោះ។ ការថ្លោះ ច្រើនតែកើតមានទៅលើសន្លាក់ធំៗ។ ចំពោះមនុស្សធំ កន្លែងថ្លោះច្រើនជាងគេបំផុតនោះ គឺនៅស្មា។ ចំពោះក្មេងវិញ ច្រើនតែជាកែងដៃ។ ចំពោះសន្លាក់ម្រាមមេដៃ និងម្រាមផ្សេងៗទៀតក៏ងាយនឹងរកការថ្លោះដែរ បើសិនជាធ្វើការបត់បែបបង្ខំខុសទំនងពេក។
ការដែលថ្លោះនេះ អាចនឹងនាំឲ្យពិការសន្លាក់នោះបណ្តោះអាសន្ន និងមិនអាចធ្វើចលនាសន្លាក់បានឡើយ ព្រោះតែវាបង្កជាការឈឺចាប់ខ្លាំង និងហើម។ ទោះបីជាយ៉ាងណាក៏ដោយ ការថ្លោះសន្លាក់បែបនេះ ត្រូវការការព្យាបាល ពីគ្រូពេទ្យភ្លាមៗ ដើម្បីឲ្យឆ្អឹង ក៏ដូចជាសន្លាក់នោះ ចូលទម្រង់ដើម និងបំពេញមុខងារវាបានឡើងវិញ។
បើសិនជាអ្នកជឿថា អ្នកកំពុងតែមានបញ្ហាថ្លោះសន្លាក់ ណាមួយហើយនោះ អ្នកគួរតែ ៖
- កុំពន្យារពេល ទៅជួបគ្រូពេទ្យឲ្យសោះ
- មិនត្រូវធ្វើចលនាសន្លាក់ ដែលថ្លោះនោះឡើយ រហូតដល់មានការជួយពីអ្នកដទៃ មានការអប់សន្លាក់បានល្អហើយ។ មិនត្រូវព្យាយាមទាញឆ្អឹងដែលថ្លោះនោះ ចូលកន្លែងដើមដោយខ្លួនឯងឡើយ ព្រោះវានឹងធ្វើឲ្យសន្លាក់ សាច់ដុំ សរសៃ សរសៃឈាម ឬសរសៃឈាមក្នុងសន្លាក់នោះខូចខាតកាន់តែខ្លាំង។
- អាចប្រើទឹកកក មកស្អំនៅលើសន្លាក់ ដែលកំពុងតែហើមនោះ ដើម្បីគ្រប់គ្រងការហូរឈាមក្នុងសន្លាក់ និងរបួសនៅជុំវិញសន្លាក់នោះដែរ។
