ទាំងបុរសទាំងនារីពិតណាស់ គឺមិនចង់ឲ្យដៃគូដែលខ្លួនស្រលាញ់ពិបាកចិត្ត គិតច្រើន អារម្មណ៍រវើរវាយនោះទេ តែចង់បានមនុស្សអារម្មណ៍ល្អ រីករាយច្រើន និងចេះលេងសើចតិចៗ ដើម្បីរក្សាទំនាក់ទំនងស្នេហាឲ្យមានភាពផ្អែមល្ហែម។
រឿងដ៏ល្អមួយដែលមិត្តស្រីអាចធ្វើចំពោះមិត្តប្រុស គឺធ្វើឲ្យគាត់មានអារម្មណ៍កាន់តែស្រលាញ់ ស្និទ្ធស្នាល និងកាន់តែចង់បានរូបអ្នកជាគូអនាគត។ ១០ចំណុចខាងក្រោមនេះ ត្រូវមនុស្សភាគច្រើនជឿជាក់ថា អាចធ្វើឲ្យគាត់មានអារម្មណ៍ស្រលាញ់អ្នកកាន់តែខ្លាំង រហូតមិនចង់បាត់មុខ៖
១. ឈរខាងគាត់ជានិច្ច
ពេលអ្នកឈរខាងគាត់មានន័យថា អ្នកជឿជាក់លើសមត្ថភាពគាត់ លើកទឹកចិត្ត គាំទ្រ ដែលអាចជួយឲ្យគាត់សម្រេចដល់គោលដៅ ឬជម្នះរាល់ឧបសគ្គ។ គ្មានអ្វីដែលធ្វើឲ្យបុរសមានអារម្មណ៍សប្បាយចិត្តខ្លាំង ពេលឃើញមនុស្សដែលខ្លួនស្រលាញ់បង្ហាញក្ដីស្រលាញ់ ការសរសើរ និងគាំទ្រចំពោះខ្លួនឡើយ។ កុំគេចវេះ ឬព្រងើយកន្តើយ ពេលគាត់កំពុងដើរលើផ្លូវដ៏ពិបាក ឬជួបប្រទះឧបសគ្គច្រើន អ្នកអាចជាកម្លាំងចិត្ត ឬជាបង្គោលដ៏សំខាន់នៃរាងកាយ ដែលគាត់នឹងចំណាយពេលពេញមួយជីវិតគាត់រួមរស់ជាមួយអ្នក។
២. សរសើរគាត់
ត្រូវទទួលស្គាល់ថារឿងរ៉ាវទាំងអស់ដែលគាត់ធ្វើ គឺចង់ឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ និងបង្កើនភាពស្និទ្ធស្នាល ដូច្នេះអ្នកអាចសរសើរ ផ្ដល់កម្លាំងចិត្ត យ៉ាងហោចណាស់និយាយមួយឃ្លា អរគុណ ចំពោះគាត់ក៏បានដែរ។

៣. ស្នើសុំឲ្យគាត់ជួយ
ការស្នើឲ្យគាត់ជួយពេលអ្នកជួបបញ្ហាអ្វីមួយ ដោយនិយាយត្រង់ៗ ឬទល់មុខ គាត់នឹងសប្បាយចិត្តក្នុងការជួយតាមលទ្ធភាពដែលគាត់មាន និងយ៉ាងហោចណាស់គាត់បានផ្ដល់យោបល់ និងវិធីខ្លះៗសម្រាប់បំភ្លឺផ្លូវឲ្យអ្នកដែរ។
៤. ឱប ឬកាន់ដៃគាត់ដោយគ្មានហេតុផល
ពេលវេលាដ៏ផ្អែមល្ហែមបែបនេះ ពិតណាស់គាត់នឹងទទួលបានអារម្មណ៍ស្រលាញ់ និងអាណិតអ្នកខ្លាំងឡើងៗ ប្រសិនបើអ្នកលបៗទៅឱបគាត់ឲ្យណែនមិនឲ្យគាត់ដឹងខ្លួន។
៥. ស្និទ្ធស្នាលជាមួយគាត់
បើមិត្តប្រុសមិនសូវចេះនិយាយស្ដីទេ អ្នកអាចចាប់ផ្ដើមញោះ ឬនិយាយបែបចំអែចំអន់ ឌឺដងតិចៗ ដាក់គាត់វិញ ដើម្បីកុំបរិយាកាសស្ងៀមស្ងាត់ដូចមនុស្សមិនដែលស្គាល់គ្នា។ ការនិយាយលេងសើចជាមួយគ្នា ធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែមានភាពស្និទ្ធស្នាលមួយកម្រិតទៀត តែមិនត្រូវលេងជ្រុល ឬនិយាយច្រើនពេកទេ ព្រោះអាចធ្វើឲ្យគាត់ធុញទ្រាន់។
៦. ធ្វើឲ្យគាត់ភ្ញាក់ផ្អើល
ប្រសិនបើអ្នកអាចជូនរបស់ ឬកាដូ បន្តិចបន្តួចនៅថ្ងៃខួបកំណើត ឬឱកាសពិសេសណាមួយ ដោយមិនឲ្យគាត់ដឹងខ្លួន នោះគាត់នឹងមានអារម្មណ៍ភ្ញាក់ផ្អើល ឬសរសើរពីទឹកចិត្តរបស់អ្នកមិនដាច់ពីមាត់ឡើយ។
៧. អ្នកអាចសម្របខ្លួនជាមួយគ្រួសារ និងមិត្តភ័ក្ដិគាត់
មនុស្សស្រី ចូលចិត្តដើរទៅណាមកណាជាក្រុមមិត្តភ័ក្ដិស្រីៗ ប៉ុន្តែពេលចាប់ផ្ដើមមានអ្នកមើលថែបេះដូង អ្នកត្រូវចេះសម្របខ្លួនដើរជាមួយមិត្តភ័ក្ដិ ឬក្រុមគ្រួសាររបស់គាត់ ហើយអ្វីដែលត្រូវប្រយ័ត្នប្រយែងគឺពាក្យសម្ដីរបស់អ្នកតែម្ដង។
៨. មិនត្រូវបំបាក់មុខគាត់នៅមុខអ្នកដទៃ
ប្រសិនបើអ្នកខឹងគាត់រឿងអ្វីមួយ ដាច់ខាតមិនត្រូវស្ដី ជេរប្រទេច ឬនិយាយបើកកកាយពីកំហុសរបស់គាត់នៅពីមុខមិត្តភ័ក្ដិ ឬអ្នកដទៃឡើយ ព្រោះធ្វើឲ្យគាត់រងភាពអាម៉ាស់ ហើយថ្ងៃក្រោយប្រាកដមិត្តភ័ក្ដិគាត់អាចបញ្ចើចបញ្ចើមិនខាន។ ការប្រព្រឹត្តិបែបនេះ រឹតតែធ្វើឲ្យគាត់ខឹងអ្នកខ្លាំងជាងអ្នកខឹងគាត់ ឬរហូតដល់ផ្ដាច់ទំនាក់ទំនងក៏មាន។ ជាការល្អ ប្រសិនបើអ្នកចេះទប់កំហឹង និងដោះស្រាយបញ្ហាដោយសន្តិវិធីនៅកន្លែងស្ងប់ស្ងាត់។
៩. ស្លៀកពាក់ស្អាតបាត
មនុស្សប្រុសចាប់អារម្មណ៍លើមនុស្សស្រីដំបូងគេ គឺការស្លៀកពាក់ កាយវិការ និងការនិយាយស្ដីនេះហើយ។ បើការតុបតែងខ្លួនរបស់អ្នកបានសមរម្យពេលនៅជាមួយគាត់ នោះគាត់តែងមានអារម្មណ៍ចូលចិត្ត ឬចង់នៅក្បែរអ្នករហូត។
១០. ឲ្យគាត់ដឹងថាអ្នកនឹកគាត់
ការធ្វើឲ្យគាត់ដឹងថាអ្នកនឹក ពេលមិនបានជួបមុខគាត់អស់រយៈពេលជាច្រើនថ្ងៃ។ គ្រាន់តែអ្នកនិយាយថា ”នឹក” មួយម៉ាត់ ទឹកមុខគាត់នឹងញញឹមដោយអារម្មណ៍រំភើបរីករាយ៕
