ទារកដែលទើបនឹងកើតតែងតែមានអាការៈត្អើកជានិច្ច ដែលធ្វើឱ្យអ្នកម្តាយតែងតែបារម្ហ ដូចនេះទើបយើងខ្ញុំបានប្រាប់អ្នកពីវិធីផ្សេងៗដែលអាចការពារកូនមិនឱ្យមានបញ្ហានេះកាលពីម្សិលមិញ ចំណែកឯថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីដែលអាចធ្វើឱ្យកូនបាត់ត្អើកបានប្រសិនបើកូនមានអាការៈនេះ។ តើមានវិធីណាខ្លះទៅ?
ធ្វើឱ្យរសើប
អ្នកអាចប្រើវិធីដែលអាចធ្វើឱ្យកូនរសើបមកបំបាត់អាការៈត្អើកបានដោយអ្នកអាចយកម្រាមដៃអ្នកអេសមាត់របស់កូនថ្មមៗ អេសត្រចៀក ឬបាតជើងជាដើម វានឹងជួយកូនឱ្យបាត់ខ្លះ។
វ៉ៃខ្នង
នៅពេលដែលកូនត្អើក អ្នកអាចពរកូនឡើង បន្ទាប់មកយកដៃរបស់អ្នកវ៉ៃខ្នងរបស់កូនថ្មមៗ នោះកូនក៏អាចធូរបានខ្លះដែរ។
បញ្ចុកទឹក
អ្នកអាចបញ្ចុកទឹកកូនបាន ដោយប្រើទឹកក្តៅអ៊ុនៗ ឬអ្នកអាចយកប្រដាប់ប្រដាល់លេងមកបង្វែរអារម្មណ៍របស់កូន ដោយធ្វើសកម្មភាពប្លែកៗឱ្យកូនមើល នោះកូននឹងអាចបាត់ត្អើកបានខ្លះ។
ប្តូរម្សៅទឹកដោះគោ
មានទារកខ្លះត្អើកដោយសារតែប្រតិកម្មជាមួយទឹកដោះគោដែលគេបៅ ដូចនេះអ្នកអាចពិគ្រោះយល់បល់ជាមួយគ្រូពេទ្យ ថាតើគួរតែឱ្យកូនបៅទឹកដោះគោណាទើបល្អចំពោះសុខភាពកូន។
ទៅមន្ទីរពេទ្យ
ប្រសិនបើអ្នកប្រើវិធីខាងលើអស់ ហើយកូននៅតែមានអាការៈនេះ ថែមទាំងបៅមិនសូវបាន ក្អួត ហើយមិនឡើងទម្ងន់ អ្នកអាចនាំកូនទៅពិនិត្យបាន ព្រោះជួនកាលកូនអាចកើតមានជំងឺណាមួយក៏ថាបានដែរ៕
